ភ្នំពេញ÷ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានសង្កាត់ឃ្មួញខណ្ឌសែនសុខរាជធានីភ្នំពេញកត់សម្គាល់ឃើញថា ករណីចោរឆក់,ចោរលួច,ចោរគាស់ផ្ទះបានកើតឡើងគួរឲ្យបារម្ភបន្ទាប់ពីមានការកាន់តំណែងរបស់លោកមេប៉ុស្តិ៍ឃ្មួញទើបតែតែងតាំងថ្មី។ ពួកចោរមិនមែនលួច,ឆក់គាស់ផ្ទះក្នុងបំណងវាស់ស្ទង់សមត្ថភាពលោកមេប៉ុស្តិ៍នោះទេ ប៉ុន្តែពួកចោរទាំងនោះទំនងជាដឹងយ៉ាងប្រាកដថាលោកមេប៉ុស្តិ៍គ្មានសមត្ថភាពទើបគេលួច,ឆក់និងគាស់ផ្ទះញឹកញាប់ ម្ដងហើយ ម្ដងទៀតយ៉ាងនេះ។
ជាក់ស្តែងនៅវេលារំលងអធ្រាត្រឈានចូលថ្ងៃទី 23 ខែកុម្ភឆ្នាំ 2022 ករណីគាស់ឃ្លាំងយកម៉ូតូ 3 គ្រឿងបានកើតឡើងនៅចំណុចឃ្លាំងមួយកន្លែងដែលស្ថិតតាមបណ្ដោយផ្លូវលេខ 1019 ភូមិអន្លង់ក្ងានសង្កាត់ឃ្មួញខណ្ឌសែនសុខ។ វាមិនមែនជារឿងលេងសើចនោះទេដែលហ្វូងចោរហ៊ានធ្វើសកម្មភាពគាស់ឃ្លាំងប្រមូលយកម៉ូតូម្ដង 3គ្រឿងយ៉ាងនេះ ។ មានន័យថាពួកគេ(ចោរ) បានដឹងយ៉ាងប្រាកដអំពីសមត្ថភាពដឹកនាំការងារប្រចាំថ្ងៃរបស់លោកនាយប៉ុស្តិ៍ឃ្មួញ ឈឹម ខាវីរូតវឌ្ឍនៈ
ដែលថ្នាក់ដឹកនាំទម្លាក់ពីលើមេឃឱ្យមកកាន់ជានាយប៉ុស្តិ៍ឃ្មួញនេះ។
ជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះសំមាឃប្រុសអាយុ 24 ឆ្នាំបានឲ្យដឹងថា ខ្លួនបានទុកដាក់ម៉ូតូនៅក្នុងឃ្លាំងជាធម្មតាដូចសព្វមួយដងហើយនៅវេលាម៉ោង 2 និង 30 នាទីរំលងអាធ្រាតពេលដែលខ្លួនចេញទៅបត់ជើងតូចស្រាប់តែឮសំឡេងម៉ូតូ ។ ពេលនោះខ្លួនក៏ក្រឡេកឃើញចោរ 4 នាក់ជិះម៉ូតូ 3 គ្រឿងចេញទៅបាត់។ ពេលរត់មកមើលម៉ូតូក្នុងឃ្លាំងស្រាប់តែបាត់អស់រលីង។ ពួកចោរធ្វើសកម្មភាពដោយមិនញញើតកម្លាំងសមត្ថកិច្ចអ្វីសោះឡើយ ដោយប្រមូលយកម៉ូតូក្នុងឃ្លាំងទាំង 3 គ្រឿងចេញទៅដោយសុវត្ថិភាព។
នេះមិនមែនជាលើកទីមួយទេក្នុងករណីចោរគាស់ផ្ទះឬឃ្លាំងយកម៉ូតូរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានសង្កាត់ឃ្មួញ ។ ជាញឹកញាប់ណាស់មកហើយដែលពួកចោរធ្វើសកម្មភាពប្រមូលយកម៉ូតូម្ដង 2,3 គ្រឿងតាមលំនៅដ្ឋាននិងឃ្លាំងនៅក្នុងមូលដ្ឋានសង្កាត់ឃ្មួញ។ ប្រជា ពលរដ្ឋមិនដែលឃើញអាជ្ញាធរសង្កាត់-ខណ្ឌជួយឈឺឆ្អាលស្ដាយស្រណោះទ្រព្យសម្បត្តិប្រជាពលរដ្ឋនោះឡើយ ហើយសមត្ថភាពកម្លាំងមានសមត្ថកិច្ចក៏នៅតែមិនឃើញផ្ដល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋនោះដែរពោលគឺបាត់ហើយ បាត់ទៀត នៅតែគ្មានដំណោះ ស្រាយនិងគ្មានការទទួលខុសត្រូវពីសមត្ថកិច្ចនោះឡើយ។
លើកនេះគេឃើញឃ្លាំងដែលបាត់ម៉ូតូនោះមានបំពាក់កាមេរ៉ាសុវត្ថិភាពទៀតផង។ ចាំមើលថា តើលោកនាយប៉ុស្តិ៍អាចបំបែកសំណុំរឿងនេះដោយចាប់ពួកចោរទាំងនោះយកមកផ្ដន្ទាទោសបានដែរឬទេ? ឬមួយក៏ស្ងាត់សូន្យឈឹងដូចករណីមុនៗទៀតដែរ។ យ៉ាង ណាក៏ដោយប្រជាពលរដ្ឋក្នុងមូលដ្ឋានមិនរំពឹងថាលោកនាយប៉ុស្តិ៍អាចមានសមត្ថភាពបំបែកសំណុំរឿងនេះបានទេ ទោះបីជាឃ្លាំងដែលរងនូវការការបាត់បង់ម៉ូតូរហូតដល់ទៅ 3 គ្រឿងនោះមានបំពាក់កាមេរ៉ាសុវត្ថិភាពក៏ដោយ។
ឥឡូវនេះបើតាមប្រជាពលរដ្ឋយល់ឃើញថា ពួកចោរដឹងច្បាស់ថានៅក្នុងមូលដ្ឋានសង្កាត់ឃ្មួញសមត្ថកិច្ចគ្មានសមត្ថភាពក្នុងការបង្ក្រាបពួកគេនៅឡើយទើបពួកគេធ្វើសកម្មភាពនៅតែក្នុងមូលដ្ឋានសង្កាត់ឃ្មួញនេះ រាល់ពេលវេលាដោយមិនញញើត។ រីឯលោក ឈឹម ខាវីរូតវឌ្ឍនៈ ដែលមកកាន់តំណែងជានាយប៉ុស្តិ៍ឃ្មួញថ្មីរូបនេះ ក៏មិនដែលខ្វល់ពីសុខទុក្ខប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននោះទេ៕
ដោយ៖ចន្ទ លីហ្សា