ក្លិបនៅលីកកំពូលហុល្លង់ Ajax បានយល់ព្រមបង់ប្រាក់ចំនួន៧.៨៥លានអឺរ៉ូ (៦,៥៤លានផោន) ដល់គ្រួសាររបស់កីឡាករ Abdelhak Nouriបន្ទាប់ពីការព្យាបាល “មិនគ្រប់គ្រាន់” បានធ្វើឱ្យខ្សែបម្រើរូបនេះមានការប៉ះពាល់ខួរក្បាលជាអចិន្ត្រៃយ៍។
កីឡាករ Nouri ដែលមានអាយុ២០ឆ្នាំបានទទួលរងការគាំងបេះដូងអំឡុងពេលប្រកួតមិត្តភាពជាមួយក្រុម Werder Bremen កាលពីខែកក្កដាឆ្នាំ២០១៧។ ការស៊ើបអង្កេតបានរកឃើញថា គ្រូពេទ្យចំណាយពេលយូរពេកក្នុងការព្យាយាមសម្អាតផ្លូវដង្ហើមរបស់គាត់ ហើយយឺតពេលក្នុងការប្រើឧបករណ៍ដើម្បីព្យាបាលទាន់ពេល។ក្លិប Ajax បានចំណាយលើការថែទាំរបស់គាត់តាំងពីពេលនោះមក ហើយនិយាយថា ពួកគេនឹងបន្តធ្វើដូច្នេះទៀតរហូតដល់កីឡាករខាងលើមានសុខភាពល្អឡើងវិញ។Nouri គឺជាកីឡាករជម្រើសជាតិហូឡង់អាយុក្រោម២១ឆ្នាំ ហើយបានលេង១៥ដងសម្រាប់ក្រុមដំបូងរបស់ Ajax។ គ្រួសាររបស់ Nouri បានប្តឹងក្លិបនេះ ហើយឥឡូវនេះពួកគេបានយល់ព្រមលើដំណោះស្រាយប្រកបដោយភាពស្និទ្ធស្នាល និងមានការឯកភាពពីគណៈកម្មាធិការមជ្ឈត្តកម្មរបស់សហព័ន្ធបាល់ទាត់ហុល្លង់ផងដែរ។អ្នកចាត់ការទូទៅរបស់ Ajax លោក Edwin van der Sar បាននិយាយថា “វាជាការល្អដែលកិច្ចព្រមព្រៀងមួយត្រូវបានឈានដល់ ដូច្នេះយើងអាចសន្និដ្ឋានរឿងនេះបាន។ យើងទាំងអស់គ្នាដឹងថា ការឈឺចាប់សម្រាប់ Abdelhak និងមនុស្សជាទីស្រលាញ់របស់គាត់មិនទាន់ចប់ទេ វានៅតែជាស្ថានភាពដ៏សោកសៅបំផុត នោះហើយជារបៀបដែលយើងមានអារម្មណ៍នៅទីនេះនៅ Ajax ផងដែរ”។
ក្រុមយក្សរបស់ហូឡង់បានចូលនិវត្តន៍នូវអាវលេខ៣៤របស់ Nouri ហើយផ្តល់ពានរង្វាន់ Abdelhak Nouri ជារៀងរាល់ឆ្នាំដល់កីឡាករឆ្នើមបំផុតរបស់ពួកគេផងដែរ ៕ (រូបភាព ៖ BBC Sport)