ខេត្តកំពង់ធំ៖ មនុស្សចំនួន ៣នាក់ ពាក់ព័ន្ធនិងបទល្មើសលួចឆក់ត្រីនៅត្រពាំងកកោះ ត្រូវបានកម្លាំងចម្រុះចុះបង្រ្កាប និងឃាត់ខ្លួននាំយកមកសាកសួររហូតចប់នីតិវិធី។ លុះនៅថ្ងៃពុធទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ កម្លាំងនគរបាលជំនាញ បានកសាងសំណុំរឿងនិងបញ្ជូនខ្លួនពួកគេទៅកាន់សាលាដំបូងខេត្តកំពង់ធំ ដេីម្បីចាត់ការតាមច្បាប់។ នេះបេីយោងតាមប្រភពព័ត៍មានពីស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។
បុរសទាំង៣នាក់ ដែលត្រូវបានឃាត់ខ្លួននេះរួមមាន ៖ ១-ឈ្មោះ អេង អាន់ អាយុ៤៤ឆ្នាំ, ២-ឈ្មោះ ឡី រដ្ឋា អាយុ២៦ឆ្នាំ ទាំង២នាក់ជាកសិករ មានទីលំនៅក្នុងភូមិឃុំ ខាងលើ ។ និង៣-ឈ្មោះ អេង រិទ្ធ អាយុ៤០ឆ្នាំ ជាកសិករ រស់នៅភូមិគោកងួន ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ។
បើតាមការបញ្ជាក់ពីនាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយ លោក សៅ វណ្ណសារីវុធ បានឱ្យដឹងថា កាលពីវេលាម៉ោង ២និង៣០នាទីរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ថ្មីៗនេះ កម្លាំងសមត្ថកិច្ចចម្រុះ ដោយការសហការគ្នាជាមួយកម្លាំងជលផល ,កម្លាំងនគរបាលស្រុកប៉ុស្តិ៍ និងកម្លាំងផ្នែកសឹករងស្រុកកំពង់ស្វាយ បានចុះបង្រ្កាប និងឃាត់ខ្លួនបុរសចំនួន ៣នាក់ខាងលេីនេះ ពាក់ព័ន្ធនិងបទល្មើសលួចឆក់ត្រីនៅត្រពាំងកកោះ ស្ថិតក្នុងភូមិត្រពាំងព្រលិត ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ប្រភពដដែលបន្តថា បន្ទាប់ពីឃាត់ខ្លួននិងសាកសួរពួកគាត់ទាំង៣នាក់នេះ បានឆ្លើយសារភាពថា៖ ដោយសារខ្វះម្ហូបសម្រាប់ហូបប្រចាំថ្ងៃ ទេីបពួកគាត់បាននាំគ្នាយកម៉ូទ័រឆក់ទៅឆក់ត្រីនៅស្រះត្រពាំងកកោះ ក្នុងភូមិត្រពាំងព្រលិតពិតប្រាកដមែន។
បច្ចុប្បន្នបុរសទាំង៣នាក់នេះ រួមនឹងវត្ថុតាងជាឧបករណ៍ឆក់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដេីម្បីចាត់ការតាមច្បាប់៕ដោយ៖សហការី