ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមថ្លែងបទអន្តរាគមន៍ក្នុងកិច្ចប្រជុំតុមូល ស្ដីពី «សន្ដិសុខ និងការការពារជាតិនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក» ក្នុងឱកាសអញ្ជើញចូលរួមវេទិកាថ្នាក់រដ្ឋមន្ត្រីសម្រាប់កិច្ចសហប្រតិបត្តិការនៅឥណ្ឌូ-ប៉ាស៊ីហ្វិក នៅទីក្រុងប៉ារីស។
បើយោងតាម សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា, នៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២២ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញចូលរួម វេទិកាថ្នាក់រដ្ឋមន្ត្រីសម្រាប់កិច្ចសហប្រតិបត្តិការនៅឥណ្ឌូ-ប៉ាស៊ីហ្វិក បានចូលរួមថ្លែងបទអន្តរគមន៍ ក្នុងកិច្ចប្រជុំតុមូល ស្ដីពី «សន្តិសុខ និងការការពារជាតិនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក- នៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលរួមមានខ្លឹមសារដូចខាងក្រោម៖
«បន្ទាប់ពីបានថ្លែងអំណរគុណចំពោះលោកស្រី Florence Parly រដ្ឋមន្ត្រីការពារជាតិ បារាំងដែលបានផ្តល់វេទិកាក្នុងការធ្វើបទអន្តរាគមន៍ស្ដីពី «សន្តិសុខនិងការការពារជាតិនៅតំបន់ ឥណ្ឌូប៉ាស៊ីហ្វិក» លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងដូចតទៅ៖
ខ្ញុំសុំលើកឡើងនូវឧទាហរណ៍មួយនៃការប៉ះពាល់ដ៏គួរឱ្យសោកស្តាយ ដែលបណ្តាលមកពី ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងសូមមិនលើកឡើងវិញ ដដែលៗនូវសារសំខាន់ខាងផ្នែកយុទ្ធសាស្ត្រ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម ប្រជាសាស្ត្រនៃតំបន់ ឥណ្ឌូប៉ាស៊ីហ្វិកនេះទេ។
សមុទ្រចិនខាងត្បូង គឺពិតជាតំបន់មួយដែលមានសារសំខាន់ និងផលប្រយោជន៍ទាំងនេះ លាយឡំគ្នាយ៉ាងជាក់ច្បាស់ និងប្រកបដោយគ្រោះថ្នាក់។ ប្រទេសដែលគួរជាអ្នកពាក់ព័ន្ធ គឺប្រទេស ដែលកំពុងមានជម្លោះដណ្ដើមនូវអធិបតេយ្យភាពនៅផ្នែកណានោះនៃតំបន់សមុទ្រនេះ ទោះបីទឡឹករណ៍ ខាងផ្នែកច្បាប់ និងប្រវត្តិសាស្ត្រ ដែលគេលើកឡើងដើម្បីធ្វើជាអំណះអំណាងនៃការទាមទាររបស់គេ នោះយ៉ាងណាក៏ដោយ។
ប៉ុន្តែប្រទេសតូចដូចកម្ពុជា ក៏ត្រូវទទួលរងគ្រោះផងដែរ។ ដោយសារតែអ្វីទាំងអស់ដែល ប្រទេសចិនធ្វើនៅក្នុងតំបន់នេះ ត្រូវបានសហរដ្ឋអាមេរិកតាមដាន និងវិភាគយ៉ាងល្អិតល្អន់នោះ សូម្បី តែកិច្ចសន្យារវាងកម្ពុជា និងចិន នៅក្នុងការស្ដារជួសជុល និងការធ្វើទំនើបកម្មមូលដ្ឋានទ័ពជើងទឹក រាមនេះ ក៏បានក្លាយជាចំណុចកណ្តាលនៃការចោទប្រកាន់ នៃការដាក់សម្ពាធរហូតដល់ការគម្រាម
កំហែងផង។ ក្នុងខណៈដែលការងារជួសជុលមូលដ្ឋាននេះកំពុងដំណើរការនៅឡើយ គេបានចោទ ប្រកាន់យើងរួចទៅហើយថា បានផ្តល់ឱ្យប្រទេសចិននូវតំបន់ផ្ដាច់មុខនៅក្នុងមូលដ្ឋាននេះ។
ខ្ញុំសូមជម្រាបជូនអង្គប្រជុំថា កម្ពុជាប្រកាន់នូវនយោបាយអព្យាក្រិត្យអចិន្ត្រៃយ៍។ រដ្ឋធម្មនុញ្ញ កម្ពុជាមិនអនុញ្ញាតឱ្យមានវត្តមានយោធាបរទេសនៅលើទឹកដីរបស់ខ្លួននោះទេ ហើយក៏មិនអនុញ្ញាត ឱ្យកម្ពុជាបញ្ជូនកងទ័ពរបស់ខ្លួនទៅក្រៅប្រទេសនោះដែរ លើកលែងតែក្រោមឆ័ត្ររបស់អង្គការ សហប្រជាជាតិ ក្នុងនោះគឺបេសសកកម្មរក្សាសន្តិភាព។ រាម គឺជាមូលដ្ឋានជើងទឹកដ៏តូចមួយ ហ៊ុមព័ទ្ធ ទៅដោយសណ្ឋាគារ និងតំបន់ទេសចរណ៍។ មូលដ្ឋាននេះ គ្មានគោលដៅណាផ្សេងក្រៅពីការ ការពារដែនសមុទ្ររបស់យើង និងការពារអធិបតេយ្យ បូរណភាពទឹកដីរបស់យើង ដែលជាញឹកញាប់ ត្រូវបានគេរំលោភបំពាន។ ក្នុងឋានៈជាប្រទេសអធិបតេយ្យ កម្ពុជាមានសិទ្ធគ្រប់យ៉ាងទាំងអស់នៅ ក្នុងការជ្រើសរើសមធ្យោបាយ ប្រកបដោយប្រសិទ្ធភាពបំផុតដើម្បីការពារប្រជាជាតិរបស់យើង ប៉ុន្តែ យើង នឹងធ្វើការជ្រើសរើសមធ្យោបាយនោះដោយគោរពយ៉ាងម៉ឺងម៉ាត់បំផុតចំពោះរដ្ឋធម្មនុញ្ញរបស់ យើង៕