ភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានដឹកនាំអន្តរក្រសួងបើកកិច្ចប្រជុំលើកទី២ របស់ក្រុមការងារប្រតិបត្តិដើម្បីវាយតម្លៃ និងគ្រប់គ្រងគោលដៅទេសចរណ៍សុវត្ថិភាពខេត្តសៀមរាប ដោយមានការចូលរួមថ្នាក់ដឹកនាំតំណាងក្រសួងសុខាភិបាល ក្រសួងបរិស្ថាន រដ្ឋលេខាធិការដ្ឋាន អាកាសស៊ីវិល អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលខេត្តសៀមរាប ដឹកនាំដោយឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាប។ នេះបើយោងតាមផេកក្រសួងទេសចរណ៍ នៅព្រលប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។
កិច្ចប្រជុំលើកទី២ ធ្វើឡើងដើម្បីការវាយតម្លៃ និងគ្រប់គ្រងគោលដៅទេសចរណ៍សុវត្ថិភាពខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍អាទិភាពរបស់កម្ពុជា ខណៈដែល វីរុសបំប្លែងថ្មីអូមីក្រុង បានកំពុងធ្វើឲ្យស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលថ្មីមួយទៀត ដែលចាំបាច់ត្រូវមានការវាយតំលៃឲ្យបានម៉ត់ចត់ អំពីគោលដៅទេសចរណ៍ សុវត្ថិភាពរបស់កម្ពុជា ពិសេសខេត្តសៀមរាបតែម្តង។
នៅក្នុងកិច្ចប្រជុំនេះ អន្តរក្រសួងបានវាយតំលៃ និងទទួលស្គាល់ខេត្តសៀមរាប ជាគោលដៅទេសចរណ៍សុវត្ថិភាព និងបានកោតសរសើរចំពោះរដ្ឋបាលខេត្តសៀមរាប ដែលបានចូលរួមអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងខេត្តសៀមរាបនាពេលកន្លងមក ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ រហូតឈានដល់ការបើកដំណើរការសកម្មភាពទេសចរណ៍ និងសេដ្ឋកិច្ចនានា ក្នុងគន្លងប្រក្រតីភាពថ្មី ខណៈដែលព្រលានយន្តហោះ ខេត្តសៀមរាប បានទទួលជើងហោះហើរអន្តរជាតិជាបន្តបន្ទាប់ ស្របពេលក្រុមហ៊ុនអាកាសចរណ៍ Thai Smile នឹងចាប់ផ្តើមជើងហោះហើរមកកាន់ខេត្តសៀមរាប ចាប់ពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២នេះ។
លើកឡើងនាឱកាសនោះដែរ លោក ថោង ខុន បានបញ្ជាក់ថា ការកំណត់តំបន់ ឬគោលដៅទេសចរណ៍សុវត្ថិភាព ត្រូវផ្អែកលើសូចនាករសមិទ្ធកម្មចំនួន៤ ដែលរួមមាន៖ ទី១៖ អត្រានៃការចាក់វ៉ាក់សាំង សំដៅបង្កើតភាពស៊ាំសហគមន៍ ទី២៖ អត្រាអ្នកជំងឺកូវីដ-១៩ កម្រិតមធ្យម និងកម្រិតធ្ងន់ និងអត្រាស្លាប់នៃអ្នកជំងឺកូវីដ-១៩ ទី៣៖ សមត្ថភាពឆ្លើយតប និងព្យាបាល និងការគ្រប់គ្រងហានិភ័យ ដែលអាចកើតមានពីវីរុសបំប្លែងថ្មី និងទី៤៖ ការត្រៀមខ្លួនរបស់ឧស្សាហកម្មទេសចរណ៍។
លោក ថោង ខុន ក៏បានជំរុញឱ្យរដ្ឋបាលខេត្តសៀមរាប ខិតខំជំរុញការចាក់វ៉ាក់សាំងឱ្យបានគ្រប់ដូសជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្នុងនោះគិតមកដល់ពេលនេះ មានពលរដ្ឋច្រើនជាង ៨០% បានចាក់វ៉ាក់សាំង ខណៈដែលចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ អត្រាអ្នកជំងឺព្យាបាលនៅមន្ទីរព្យាបាល និងអ្នកចំនួនស្លាប់ដោយសារជំងឺកូវីដ-១៩ មានចំនួនទាបធៀបនឹងចំនួនកំណត់ក្នុងសូចនាករ។ លោកក៏បានជំរុញឱ្យរដ្ឋបាលខេត្តសៀមរាប ពង្រឹងលើមូលដ្ឋានអាជីវកម្មទេសចរណ៍ក្នុងខេត្ត ឱ្យបានទទួលឡាបិល បញ្ជាក់ការអនុវត្តបានត្រឹមត្រូវតាម SOP របស់ក្រសួងទេសចរណ៍។
បន្ថែមពីនេះក្រោយទទួលបានការសំណូមពរពីអង្គប្រជុំ ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ក៏បានសម្រេចយកសំណើរស្តីពី ការបើកដំណើរការឡើងវិញ នូវទិដ្ឋាការ ពេលមកដល់កម្ពុជា (Visa on Arrival) សម្រាប់ភ្ញៀវទេសចរមកតាមផ្លូវអាកាស និងផ្លូវទឹក ផ្លូវគោក តែត្រូវអនុវត្តន៍តាមគោលករណ៍ សុខាភិបាល ដើម្បីស្នើសុំការពិនិត្យ និងឯកភាពពីគណៈប្រតិបត្តិ (គ.ប.ក)និងរាជរដ្ឋាភិបាលផងដែរ៕
ដោយ : សិលា