ភ្នំពេញ ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិនៅព្រឹកថ្ងៃទី 25 ខែកុម្ភៈឆ្នាំ 2022 បានបញ្ជាក់ឲ្យដឹងថា, កាលពីពេលថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវបានរកឃើញកម្មវិធីមេរោគ Xenomorph ដែលជាមេរោគប្រភេទ Trojan ដែលមានគោលដៅសម្រាប់ប្រមូលព័ត៌មានសំខាន់ៗពីការប្រើប្រាស់កម្មវិធីធនាគារចំនួន ៥៦ នៅក្នុងប្រទេសមួយចំនួនក្នុងតំបន់អឺរ៉ុប។
អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានលើកឡើងថា, ដើម្បីចៀសវាងពីប្រព័ន្ធការពារសុវត្ថិភាពរបស់ Google Play Store ជនខិលខូចបានធ្វើការក្លែងបន្លំកម្មវិធីទាំងនោះជាកម្មវិធី ដែលមានមុខងារសម្រាប់ជួយក្នុងការប្រើប្រាស់ទូរសព្ទមានដូចជាកម្មវិធី Fast Cleaner ដើម្បីបញ្ឆោតជនរងគ្រោះឱ្យទាញយកនិងដំឡើងវា។ កម្មវិធីមេរោគនេះអាចបើកដំណើរការនៅផ្នែកខាងលើនៃកម្មវិធីគោលដៅ (overlay screens) មានដូចជាកម្មវិធីសម្រាប់អុីមែល និងលុយគ្រីបតូ ដើម្បីលួចយកឈ្មោះសម្គាល់និងលេខសម្ងាត់។
បើតាមការរកឃើញរបស់ក្រុមហ៊ុនអភិវឌ្ឍកម្មវិធីការពារមេរោគ Kaspersky កាលពីឆ្នាំ២០២១ បានបង្ហាញឱ្យឃើញថា កម្មវិធីមេរោគដែលមានគោលដៅទាក់ទងទៅនឹងការប្រើប្រាស់សេវាកម្មធនាគារគឺមានចំនួនច្រើន ដែលពួកគេបានរកឃើញនូវប្រភេទថ្មីចំនួនជិត ១០ម៉ឺននៃពពួក Trojan។ មេរោគទាំងនេះភាគច្រើនពឹងផ្អែកលើកម្មវិធីផ្លូវការដូចជា Google Play Store ដើម្បីទាក់ទាញអ្នកប្រើប្រាស់ឱ្យទាញយកកម្មវិធីដែលមើលទៅគួរឱ្យទុកចិត្ត។
ដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា អ្នកប្រើប្រាស់គួរតែចៀសវាងបញ្ចូលកម្មវិធីដែលលោកអ្នកពុំត្រូវការចាំបាច់ ព្រោះកម្មវិធីទាំងនោះអាចធ្វើឱ្យទូរសព្ទមានដំណើរការយឺត ជាងនេះទៅទៀតវាក៏អាចមានផ្ទុកមកជាមួយនូវកម្មវិធីមេរោគដែលអាចលួចយកព័ត៌មានសំខាន់ៗផងដែរ៕