លោក ប្រាក់ សុខុន៖​ “ខ្ញុំបានមកទីក្រុងប៊ែរឡាំងកាលពី៥០ឆ្នាំមុន​ គឺនារដូវក្តៅឆ្នាំ១៩៧២”

ចែករំលែក៖

ភ្នំពេញ​៖​ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា​ បានថ្លែង​សារនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ​ នៅយប់ថ្ងៃ​សុក្រ​ទី​២៥ ខែកុម្ភៈ​​ ឆ្នាំ​២០២២នេះថា៖​ “ខ្ញុំបានមកទីក្រុងប៊ែរឡាំងកាលពី៥០ឆ្នាំមុន គឺនារដូវក្តៅឆ្នាំ១៩៧២”។ កាលនោះជាសម័យសង្គ្រាមត្រជាក់ ក្រុងនេះនៅចែកជាពីរនៅឡើយ ដែលខាងកើតត្រួតត្រាដោយសហភាពសូវៀត ឯខាងលិចត្រួតត្រាដោយកំលាំងសម្ព័ន្ធមិត្តបីទៀតគឺ អាមេរិក អង់គ្លេស និងបារាំង (អ្នកឈ្នះសង្គ្រាមលោកលើកទី២)។ ដំណើរពេលនោះជាដំណើរកំសាន្តដោយចេញពីទីក្រុងម៉ូស្គូ ក្រោយបានទទួលសញ្ញាប័ត្របញ្ចប់មធ្យមសិក្សាកំរិតពីរ។

លោកឧបនាយករដ្ឋមន្ត្រី​​ ប្រាក់​ សុខុន​ បានថ្លែងបន្តថា​ ៥០ ឆ្នាំក្រាយ ខ្ញុំមានភ័ព្វសំណាងមកកាន់ទីក្រុងនេះជាលើកទីពីរ។ ប៉ុន្តែលើកនេះគឺមកបំពេញបេសកកម្មការទូតដ៏មានអត្ថន័យមួយ។ ហើយនេះក៏ជាដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសខ្មែរលើកទីមួយក្នុងរយៈពេល ២៧ ឆ្នាំ។

លោកឧបនាយករដ្ឋមន្ត្រី​ បានបញ្ជាក់បន្ថែមថា​ ឆ្នាំនេះកម្ពុជាជាប្រធានអាស៊ាន ហើយតំបន់ទាំងពីរ អឺរ៉ុបនិងអាស៊ី មានបញ្ហាធំដូចគ្នាដែលត្រូវដោះស្រាយដើម្បីការពារសន្តិភាព ស្ថិរភាព ដែលការពិតត្រូវបានរបូតចេញពីដៃយើងរួចទៅហើយ។

ទោះបីកំពុងវិលវល់នឹងវិបត្តិ និងការគំរាមកំហែងនៃការផ្ទុះសង្គ្រាមនៅអ៊ុយក្រែនក៏ដោយ លោកស្រី​ អាណាឡេណា ប៊ែរបក់ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ បានរក្សាពាក្យសន្យារបស់គាត់ឆ្លៀតពេលទទួលខ្ញុំជាលក្ខណៈផ្លូវការ និងពិភាក្សាការងារជាមួយគ្នាពេញមួយម៉ោង។ ឆ្លៀតក្នុងឱកាសនោះ​ លោកឧបនាយករដ្ឋមន្ត្រី​ អរគុណ​លោកស្រី​រដ្ឋមន្ត្រី រដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ដែលតែងតែគាំទ្រ និងឧបត្ថម្ហដល់បុព្វហេតុសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជាយើង។

ទន្ទឹមនឹងនេះ លោកឧបនាយករដ្ឋមន្ត្រី​ បានសង្កត់ធ្ងន់ថា​ លោករីករាយដែលបានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅប្រទេសអាល្លឺម៉ង់ ហើយក៏អរគុណដល់ពួកគាត់ដែលខំធ្វើដំណើរមកជួបរូបខ្ញុំផ្ទាល់៕

...

ដោយ៖ស តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print