ព្រះរាជអាជ្ញាបាននិយាយកាលពីថ្ងៃសុក្រថា អ្នកគាំទ្រក្លិប Leicester City ដែលបានវាយដំកីឡាករក្រុម Nottingham Forest ៣នាក់ក្នុងអំឡុងពេលការប្រកួតជុំទី៤របស់ក្លិប FA Cup ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៤ខែ និងត្រូវបានហាមឃាត់មិនឱ្យចូលរួមការប្រកួតបាល់ទាត់រយៈពេល១០ឆ្នាំ។
អ្នកគាំទ្រឈ្មោះ Cameron Toner វ័យ១៩ឆ្នាំបានរត់ទៅលើទីលាន ហើយបានវាយទៅលើកីឡាកររបស់ Forest ខណៈដែលពួកគេកំពុងអបអរគ្រាប់បាល់ទី៣របស់ពួកគេក្នុងការទទួលជ័យជម្នះ ៤-១ លើក្រុមLeicester កាលពីថ្ងៃទី៦ ខែកុម្ភៈ។អ្នកគាំទ្រឈ្មោះ Toner ដែលត្រូវបានចោទប្រកាន់ពីបទបង្ករបួសស្នាមជាទូទៅចំនួន៣ និងចូលទៅកន្លែងលេងក្នុងការប្រកួតបាល់ទាត់នោះ បានសារភាពកំហុសចំពោះការចោទប្រកាន់នៅតុលាការ Nottingham Magistrates កាលពីថ្ងៃសុក្រ។ព្រះរាជអាជ្ញាបានបន្តថា “Cameron Toner បានប្រព្រឹត្តអំពើហិង្សាដែលមិនបង្កហេតុនៅចំពោះមុខមនុស្សរាប់ពាន់នាក់ ហើយការធ្វើដូច្នេះបានធ្វើឱ្យប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌមិនមានជម្រើសក្រៅពីរារាំងគាត់ពីការចូលរួមក្នុងការប្រកួតនាពេលអនាគត”។
តុលាការបានសម្រេចថា Toner បានផឹកស្រាមុនពេលការប្រកួត ដោយវាជា “ការវាយប្រហារដោយចេតនា” លើកីឡាករក្រុម Nottingham Forest ។ ជាមួយគ្នានេះក្លិប Leicester បានថ្កោលទោសឧបទ្ទវហេតុនេះ និងហាមប្រាមអ្នកគាំទ្រឈ្មោះ Toner មិនឲ្យចូលទស្សនាក្នុងទីលានអស់មួយជីវិត ៕ (រូបភាព ៖ Reuters/CNA)