ភ្នំពេញ ៖ យើងដឹងហើយថា, បារាំង និង២៦ប្រទេសទៀតក្នុងសហគមន៍អឺរ៉ុបបានបញ្ជូនអាវុធឲ្យអ៊ុយក្រែនដើម្បីទប់ទល់ជាមួយរុស្ស៊ីហើយ ! ដល់ពេលនេះមានប្រទេស
អាឡឺម៉ង់ ប្រកាសបញ្ជូនអាវុធប្រឆាំងរថក្រោះចំនួន ១០០០ ដើម និងកាំជ្រួច ៥០០ ដើម ដើម្បីជួយអ៊ុយក្រែនការពារខ្លួនប្រឆាំងនឹងរុស្សី បន្ទាប់ពីបានគ្រប់គ្រងលើគោលនយោបាយផ្ទេរអាវុធផ្ទាល់ខ្លួនដែលមានតាំងពីសង្គ្រាមលោកលើកទី២ ។
ព័ត៌មានបរទេសបានអោយដឹងថា, លើសពីនេះ ក្រសួងសេដ្ឋកិច្ច របស់អាល្លឺម៉ង់បាននិយាយថា អាល្លឺម៉ង់កំពុងអនុញ្ញាតឱ្យហូឡង់បញ្ជូនអាវុធប្រឆាំងរថក្រោះផលិតដោយអាល្លឺម៉ង់ចំនួន ៤០០ គ្រឿងទៅកាន់អ៊ុយក្រែន។ អាល្លឺម៉ង់ក៏នឹងបញ្ជូនរថរថពាសដែក ១៤គ្រឿង និងប្រេងរហូតដល់១មុឺនតោនទៅប្រទេសអ៊ុយក្រែន។ ដូច្នេះការធ្វើសង្រ្គាមនឹងបន្តរីកធំឡើង ការបាត់ហេដ្ឋារចនាសម្ព័ន្ធ ក្នុងប្រទេសត្រូវ ហិនហោច ! ចុះបើអុឺរ៉ុប រកវិធីទប់ស្កាត់ បញ្ចប់សង្គ្រាម រវាងរុស្ស៊ី និង អ៊ុយក្រែន នោះអាចប្រសើរជាង ខណៈសង្រ្គាមធ្វើអោយប្រជាពលរដ្ឋរងគ្រោះ ប្រទេសជាតិខាតបង់ !
ដោយឡែក សេចក្ដីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពីស្ថានការណ៍នៅប្រទេសអ៊ុយក្រែន
ខែកុម្ភៈ ឆ្នាំ 2022 នេះ បានលើកឡើងថា,
1. រដ្ឋមន្ត្រីការបរទេសអាស៊ានមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការវិវត្តន៍នៃស្ថានការណ៍ និងការប៉ះ ទង្គិចអាវុធនៅប្រទេសអ៊ុយក្រែន។ យើងសូមអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់អនុវត្តការអត់ធ្មត់ ជាអតិបរមា និងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីបន្តការសន្ទនាតាមគ្រប់ច្រកផ្លូវ រួមទាំង មធ្យោបាយការទូត ដើម្បីទប់ស្កាត់ស្ថានការណ៍កុំឲ្យកាន់តែធ្ងន់ធ្ងរ កាត់បន្ថយភាពតានតឹង និង ស្វែងរកដំណោះស្រាយដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ គោលការណ៍នៃធម្មនុញ្ញអង្គការ សហប្រជាជាតិ និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍។
2. យើងជឿថានៅមិនទាន់អស់ឱកាសទេសម្រាប់ការសន្ទនាដោយសន្តិវិធី ដើម្បីទប់ស្កាត់ស្ថានការណ៍ កុំឲ្យវិវត្តដល់លែងគ្រប់គ្រងបាន។ ដើម្បីភាពឋិតថេរនៃសន្តិភាព សន្តិសុខ ស្ថិរភាព និងការរួមរស់ ជាមួយគ្នាប្រកបដោយភាពសុខដុមរមនា វាជាការទទួលខុសត្រូវរបស់ភាគីទាំងអស់ក្នុងការប្រកាន់ ខ្ជាប់នូវគោលការណ៍នៃការគោរពគ្នាទៅវិញទៅមកលើអធិបតេយ្យភាព បូរណភាពទឹកដី និងសិទ្ធិ ស្មើគ្នានៃប្រជាជាតិទាំងអស់៕