ភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានធ្វេីការបង្ហាញមុខជនសង្ស័យ ៨នាក់ ដែលជាប់ពាក់ព័ន្ធនឹងករណីធាក់វាយគម្រាមយកម៉ូតូយ៉ាងសកម្ម និងឆក់ ចំនួន៣ករណីផ្សេងគ្នានៅក្នុងរាជធានីភ្នំពេញ ត្រូវបានបញ្ជូនខ្លួនទៅកាន់ទៅតុលាការនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ។
លោកវរសេនីយ៍ឯក ជឹម សុីថា អធិការខណ្ឌដង្កោ បានឱ្យដឹងថា ជនសង្ស័យ ដែលធ្វើការបង្រ្កាបបានមាន ៣ករណីផ្សេងគ្នារួមមាន ៖
ករណីទី១ ធ្វើសកម្មភាពឆក់នៅសង្កាត់ពងទឹក ជនសង្ស័យមានបក្ខពួក ២នាក់ ទី១-ឈ្មោះ ស៊ុន ឡេ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ មិនពិតប្រាកដ។ ទី២-ឈ្មោះ ហួរ ណាង ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ។
ករណីទី២ ធ្វើសកម្មភាពឆក់នៅសង្កាត់ព្រៃស ជនសង្ស័យមានបក្ខពួក ៣នាក់ ទី១-ឈ្មោះ រ៉េន លីណា ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ។ ទី២-ឈ្មោះ នឹម រះ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ។ ទី៣-ឈ្មោះ ធី ចាន់ដារ៉ា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ។
ករណីទី៣ ធ្វើសកម្មភាពវាយគម្រាមយកម៉ូតូនៅសង្កាត់ព្រៃស ជនសង្ស័យមានបក្ខពួក ៣នាក់ ទី១-ឈ្មោះ ហេង សេងហៃ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។ ទី២-ឈ្មោះ រុន រា ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទី៣-ឈ្មោះ ភាព សុខហេង ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។
លោកអធិការនគរបាលខណ្ឌដង្កោ បានឲ្យដឹងទៀតថា បន្ទាប់ពីទទួលពាក្យបណ្ដឹងជនរងគ្រោះរួច កម្លាំងនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋានខណ្ឌដង្កោដឹកនាំដោយលោកវរសេនីយ៍ ទោ ជាង ហុកសែ អធិការងខណ្ឌដង្កោ បើកការស្រាវជ្រាវកំណត់មុខសញ្ញាធ្វើការឃាត់ខ្លួនជនសង្ស័យរយៈពេល២ថ្ងៃ ឃាត់បាន ៨នាក់ ជាបន្តបន្ទាប់ ដកហូតបានម៉ូតូ ៣គ្រឿង រួមនឹងវត្ថុតាងមួយចំនួនទៀត ដើម្បីធ្វើការសាកសួរ និងបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង ៨នាក់ ទៅតុលាការនៅព្រឹកនេះ ចាត់ការបន្តតាមនីតិវិធីច្បាប់៕
ដោយ ៖ ភារ៉ា ដង្កោ