លោក ប្រាក់ សុខុន និងទូតជប៉ុន នឹងចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន នៅថ្ងៃទី ០២ ខែមីនា ឆ្នាំ២០២២

ចែករំលែក៖

ភ្នំពេញ : លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា នឹងចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន នៅថ្ងៃទី ០២ ខែមីនា ឆ្នាំ២០២២។

នៅល្ងាចថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា, នៅថ្ងៃទី ០២ ខែមីនា ឆ្នាំ២០២២ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការ បរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAM Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា នឹងចុះហត្ថលេខាលើ លិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដើម្បីអនុវត្ត គម្រោងចំនួន០២ ដូចខាងក្រោម៖

១. ការបោសសម្អាតមីនប្រកបដោយសមាហរណកម្ម និងសង្គ្រោះជនពិការដោយសារមីនដំណាក់កាលទី២ ដែលមានទឹកប្រាក់ចំនួន ២.០០០ លានយ៉េន (ប្រមាណ ១៧ លានដុល្លារ អាមេរិក) និង

២. ការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅខេត្តស្វាយរៀង ដែលមានទឹកប្រាក់ចំនួន ២.៧៨៦ លានយ៉េន (ប្រមាណ ២៤ លានដុល្លារអាមេរិក)

ហិរញ្ញប្បទានឥតសំណងដែលផ្ដល់ដោយរដ្ឋាភិបាលជប៉ុននេះ នឹងចូលរួមចំណែកយ៉ាង សំខាន់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមកម្ពុជា ព្រមទាំងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់ និងចំណង មិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print