ខេត្តស្វាយរៀង៖ អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ បានចុះស្ទាក់ឃាត់រថយន្តដឹកសត្វជ្រូករស់ដោយមានការសង្ស័យនាំចូលពីប្រទេសវៀតណាម។
ករណីចុះបង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង១និង០២នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ១៣ ត្រង់ចំណុចភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក។
លោកប៉ែន ចន្ធី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្វាយរៀង បានឱ្យដឹងថា ករណីបង្ក្រាបនេះគឺស្ថិតក្រោមការបញ្ជាដោយផ្ទាល់ពីលោកតាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ បានចុះស្ទាក់ចាប់រថយន្ត១គ្រឿង ម៉ាក Ssangyong Istana ពណ៌ស ជាប្រភេទរថយន្តដឹកអ្នកដំណើរ១៥កៅអី ពាក់ស្លាកលេខព្រៃវែង 2A-0318 ដឹកសត្វជ្រូករស់ចំនួន១១៥ក្បាល ដោយសង្ស័យនាំចូលពីប្រទេសវៀតណាមឆ្លងដែនមកកាន់ប្រទេសកម្ពុជាតាមច្រករបៀងដោយខុសច្បាប់ បម្រុងនឹងយកទៅចែកចាយនៅខេត្តស្វាយរៀង ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។
ក្រោយពីត្រួតពិនិត្យសាកសួររួចមកលទ្ធផលគឺគ្មានច្បាប់អនុញ្ញាតនាំចូលឡើយ ដូច្នេះហើយទើបក្រុមការងារបាននាំយកបទល្មើសនិងវត្ថុតាងសត្វជ្រូករស់ចំនួន១១៥ក្បាលនោះទៅរក្សាទុកនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្វាយរៀង ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ។
លោកប៉ែន ចន្ធី បានឱ្យដឹងទៀតថា ជ្រូក
រស់ទាំង១១៥ក្បាលនេះ មន្ត្រីនៃការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបានធ្វើការបូមឈាមយកសំណាកបញ្ជូនទៅអគ្គនាយកដ្ឋាននៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២៨ ខែកុម្ភៈដើម្បីចូលមន្ទីរពិសោធន៍រករោគវិនិច្ឆ័យ ។
រហូតមកដល់ព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២នេះ មន្ទីរទទួលបានលទ្ធផលពីក្រសួង គឺលទ្ធផលអវិជ្ជមាន (ជ្រូកមិនមានជំងឺនោះទេ) ជ្រូកមានសុខភាពល្អធម្មតា។ ហេតុនេះខាងលោកត្រូវធ្វើការផាកពិន័យតាមច្បាប់សុខភាពសត្វ និងផលិតកម្មសត្វ លេខ១១៣ រួចប្រគល់ជ្រូកឱ្យម្ចាស់វិញ ។
សូមបញ្ជាក់ថា ម្ចាស់ជ្រូកត្រូវបានស្គាល់ឈ្មោះ សោម សារឿន មុខរបរអាជីវករ មានទីលំនៅភូមិថ្នល់ពាម ឃុំអង្គប្រស្រែស្រុករមាសហែក ខេត្តស្វាយរៀង ដែលជាអ្នកប្រកបមុខរបរជួញសត្វជ្រូក
រស់ជាច្រើនឆ្នាំមកហើយ និងជាអ្នកនាំសត្វជ្រូករស់ពីប្រទេសវៀតណាមចូលមកចែកចាយក្នុងខេត្តស្វាយរៀង និងទៅរាជធានីភ្នំពេញ ៕
ដោយ៖ យឹម សុថាន