ពិធីប្រចាំដប់ពីរខែ (តពីលេខមុន)

ចែករំលែក៖

(តពីលេខមុន)
សព្វថ្ងៃនេះគេឈប់សម្លាប់ក្របីទៀតហើយ ដោយគេយកជ្រូកដែលចិនសម្លាប់យកទៅថ្វាយ ហើយពិធីឡើងអ្នកតា ត្រូវធ្វើនៅខែជេស្ឋរាល់ៗឆ្នាំ។ ក្នុងតំបន់ជាមួយគ្នានោះអ្នកតាឯទៀត ក៏ត្រូវរៀបពិធីឡើងជាមួយគ្នាដែរ។ អ្នកស្រុកថ្វាយព្រលឹង រៀបដាក់ចានមានគ្របសាជីពណ៌ តម្រូវតាមចិត្តអ្នកតានោះ។ លើកំពូលសាជីមានដាក់អំបោះឆៅមួយហើយសម្រាប់ចងដៃពួកភ្នាក់ងាររាជការខេត្តនោះ ដើម្បីឱ្យមានការទាក់ទងយ៉ាងជិតស្និទ្ធជាមួយនឹងអ្នកតារក្សាស្រុក។ ឯអ្នកតាឃ្លាំងមឿងនៅខេត្តពោធិ៍សាត់ គឺជាអ្នកតាមួយដែលខ្មែរទាំងប្រទេសស្គាល់ជាងគេ។ ចំពោះអ្នកតានេះមានដំណើរថា ការចុងសតវត្សទី ១៦ ព្រះបាទជ័យជេដ្ឋា កាលទ្រង់គង់នៅឯបន្ទាយមានជ័យចម្ងាយប្រមាណ ២-៣ គីឡូម៉ែត្រអំពីទីក្រុងពោធិ៍សាត់សព្វថ្ងៃនេះ។ កាលនោះសៀមនិងខ្មែរកើតចម្បាំងនឹងគ្នា កងទ័ពខ្មែរត្រូវបរាជ័យ ព្រះករុណាទ្រង់ព្រួហឫទ័យខ្លាំង។ ឃើញដូច្នោះទើបលោកសួគ៌ា លោកដែលជាចៅហ្វាយខេត្តពោធិ៍សាត់ បានចូលទៅក្រាបបង្គំសូមទៅបូជាខ្លួនចំពោះព្រះករុណា សុំធានាទៅកេណ្ឌទ័ពខ្មោចមកជាជំនួយព្រះមហាក្សត្រ។ ថាហើយលោកចៅហ្វាយខេត្តនោះ បង្គាប់ឲ្យគេជីករណ្តៅមួយ ហើយឲ្យគេយកគ្រឿងសាស្រ្តាវុធគ្រប់បែបយ៉ាងមកដាក់ចម្រុះក្នុងរណ្ដៅ។
លុះរៀបស្រេចកាលណាគេធ្វើពិធីបួងសួង រួចលោកសួគ៌ាលោកក៏លោតចុះទៅក្នុងរណ្ដៅនោះភ្លាម ហើយប្រពន្ធលោតសម្លាប់ខ្លួនតាមប្ដីដែរ។អ្នកផងក៏រៀបលុបដីគ្របខ្មោចនោះភ្លាមទៅ។ ក្រោយមកទ័ពសៀមក៏ចូលមកឡោមព័ទ្ធបន្ទាយដែរ ស្រាប់តែឮសូរសន្ធឹកអ្វីម្យ៉ាងសម្បើមក្នុងរាត្រីនោះ ហើយទ័ពសៀមដួលស្លាប់រដូករណែលបីដូចជាគេហាលងៀត។ នេះហើយជាពលខ្មោចដែលចៅហ្វាយខេត្តសុំខ្លួនទៅកេណ្ឌមកជួយប្រទេសកម្ពុជាឲ្យរួចផុតពីភយន្តរាយ។
ចាប់តាំងពីពេលនោះមកតែដល់ខែពិសាខជារៀងរាល់ឆ្នាំ គេតែងធ្វើបុណ្យរំលឹកចំពោះការបូជាជីវិតរបស់លោកចៅហ្វាយខេត្តនៅកន្លែងខ្មោចរបស់លោក។ ប៉ុន្តែពិធីនេះ គេធ្វើលាយជាមួយទំនៀមពីរដែលធ្វើចំពោះ”អារក្សគោល” ដែលទុកជាទេព្តារក្សាស្រុករបស់គេ។ ដូច្នេះហើយទើបមានមនុស្សប្រុសពាក់ស្នែងទន្សោងរាំ និងធ្វើអាការសត្វគៀងគូវាហើយគេច្រៀងទំនុកបូរាណដូចខាងក្រោមនេះ ÷
មេឃមីស្រទុំៗ ឮសូររៃយំក្នុងព្រៃព្រឹក្សាៗ។ បងឡើងភ្នំ បងចុះភ្នំថ្មដាធំៗ ល្បាស់ព្រិចលាសខ្ចីៗឃើញសត្វទន្សោង មានហ្វូងគោព្រៃ ចុះស៊ីស្មៅខ្ចី គៀងគូត្រៀបត្រា។ បងគន់សត្វទោចឃើញទាំងសត្វស្វាៗ ផ្លោះរកផល្លា ហុចឲ្យញីវា។ គិតដល់ខ្លួនបង ម្នាក់ឯងឥតគ្នា អូនអើយឥតគ្នាត្រមោចកំព្រា ក្នុងព្រៃទូកមី។
(នៅមានត)
ស្រាវជ្រាវនិងកែសម្រួលដោយ÷ ចៅតាជេត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print