ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ថា៖ នៅក្នុងឆ្នាំ២០២១ កន្លងមកនេះសកម្មភាពចុះជួបសំណេះ សំណាលជាមួយប្រជាពល រដ្ឋនៅតាម មូលដ្ឋានរបស់អាជ្ញាធររាជធានីភ្នំពេញត្រូវបានកាត់ បន្ថយ តែបានជំនួសមកវិញ នូវសកម្មភាពសង្គ្រោះប្រជាពលរដ្ឋពីជំងឺកូវីដ-១៩ និងប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង ជាមួយនឹងការផ្ដល់ជំនួយមនុស្សធម៌ជូនពួកគាត់ជាចាំបាច់ ។ ការងារនេះយើងនៅតែ បន្ដឆ្នាំ២០២២ ទៀត ។
នេះបើតាមការបញ្ជាក់របស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ថ្លែងក្នុងពិធី “បើកសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលរាជធានីភ្នំពេញ”នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ នៅសាលារាជធានីភ្នំពេញ ។
លោក ឃួង ស្រេង បានមានប្រសាសន៍បន្តទៀតថា៖ ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ បានបើកកិច្ចប្រជុំសាមញ្ញូចំនួន ៩ លើក, វិសាមញ្ញ ១ លើក, សម្ងាត់ ១លើក និងកិច្ចប្រជុំគណៈកម្មាធិការរបស់ក្រុមប្រឹក្សារាជធានីចំនួន ៤៨លើក ប៉ុន្តែ ការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី អាណត្តិទី៣ ឆ្នាំ២០២១ នៅតាមបណ្ដាខណ្ឌទាំង១៤ ត្រូវបាន អាក់ខាន ស្របតាមលិខិតលេខ ១៥២២ សជណ ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ ដើម្បី ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍។ ចំពោះកិច្ចប្រជុំប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំតាមមូលដ្ឋានរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខណ្ឌ ទាំង១៤ ក្នុងឆ្នាំនេះ ត្រូវជួបប្រទះនូវបញ្ហាប្រឈមក្នុងការប្រមូលផ្ដុំជួបប្រជុំ ដោយត្រូវអនុវត្តតាមការណែនាំរបស់ ក្រសួងសុខាភិបាល ។ប៉ុន្តែ ទោះបីយ៉ាងណាក្តី យើងបានខិតខំពុះពាររៀបចំ កិច្ចប្រជុំតាមប្រព័ន្ធទំនាក់ទំនងសង្គម (អនឡាញ) ដើម្បីស្តាប់លទ្ធផលអនុវត្តការងារ និងចូលរួមដោះស្រាយ បញ្ហាប្រឈមជូនប្រជាពលរដ្ឋ ដោយរក្សាបាននូវប្រសិទ្ធភាព និងនិរន្តរភាពការងារមូលដ្ឋាន។ គណៈអភិបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំប្រចាំសប្ដាហ៍ អឌ្ឍមាស ប្រចាំខែ និងប្រជុំដោះស្រាយបញ្ហាផ្សេងៗ ដើម្បីពិនិត្យ ពិភាក្សា និងដាក់ចេញវិធានការចាំបាច់ ពាក់ព័ន្ធទៅនឹងកិច្ចការពារសន្តិសុខ-សណ្ដាប់ធ្នាប់ ការអភិវឌ្ឍ បញ្ហាអនាម័យ-បរិស្ថាន ការគ្រប់គ្រងវិបត្តិបង្កឡើងដោយជំងឺកូវីដ-១៩ និងជំរុញការអនុវត្តយុទ្ធនាការជាតិចាក់ វាំក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ និងបានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋាន-សម្ភោធសមិទ្ធផល នានាបានចំនួន ៧២ លើក ។
លោកឃួង ស្រេង បានបន្តថា សមិទ្ធផល និងស្នាដៃសំខាន់ៗ របស់រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបានក្នុងឆ្នាំ២០២១ កន្លងមក ដែលសុទ្ធសឹងតែជាការចូលរួមចំណែកយ៉ាងសកម្មពីក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន, ក្រុមប្រឹក្សាគណៈអភិបាល, ថ្នាក់ដឹកនាំ, មន្ត្រីរាជការ, កងកម្លាំង, បុគ្គលិករដ្ឋបាលគ្រប់លំដាប់ថ្នាក់, ទីក្រុងសម្ព័ន្ធមេត្រី, អង្គការសង្គមស៊ីវិល, ដៃគូអភិវឌ្ឍន៍, សប្បុរសជន, វិស័យឯកជន និង បងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ។
លោកឃួង ស្រេង ក្នុងឱកាសនោះ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត គោរពជូនចំពោះ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, ក្រសួង-ស្ថាប័ន, ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន, ទីក្រុងសម្ព័ន្ធមេត្រី, អង្គការសង្គមស៊ីវិល, ដៃគូអភិវឌ្ឍន៍, សប្បុរសជន និងវិស័យឯកជនទាំងអស់ ដែលបានផ្តោតការយក ចិត្តទុកដាក់ខ្ពស់ និងផ្តល់ការឧបត្ថម្ភគាំទ្រជាប់ជាប្រចាំដល់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការចូលរួមអនុវត្តការងារក្នុងឆ្នាំ កន្លងមក ឱ្យប្រព្រឹត្តទៅដោយជោគជ័យ ពុះពារជម្នះបាននូវរាល់ការលំបាកស្មុគស្មាញ ឧបសគ្គរាប់មិនអស់ពីដំណាក់កាល មួយទៅដំណាក់កាលមួយ ជាពិសេសការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងឆ្នាំ២០២១ កន្លងទៅ ប្រកបដោយប្រសិទ្ធភាពខ្ពស់។
លោកឃួង ស្រេងបាន មានប្រសាសន៍ថាបន្ត៖
រដ្ឋបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់អនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” ដោយរក្សាបានសន្តិសុខ-សណ្ដាប់ធ្នាប់ សាធារណៈល្អជូនប្រជាពលរដ្ឋ និងសង្គមជាតិ ដោយចំនួនបទល្មើសព្រហ្មទណ្ឌកើតមាន ៣២៨/៦៥៤ លើក ថយចុះ ៣២៦ លើក ស្មើនឹង ៤៩,៨%ក្នុងនោះ
គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានម្ចាស់ការ បង្ក្រាបបទល្មើសទាំងនេះ សរុបចំនួន ៣១១ ករណី ស្មើនឹង ៩៤,៨% នៃចំនូនបទល្មើសរួម
ដែលនេះ បង្ហាញឱ្យឃើញពីសញ្ញាណវិជ្ជមាន នៃការថយចុះនូវចំនួនបទល្មើសព្រហ្មទណ្ឌ, សុខសុវត្ថិភាព និងកិច្ចសហប្រតិបត្តិការ បង្ក្រាបបទល្មើស កាន់តែមានប្រសិទ្ធភាព។ ចំពោះគ្រោះថ្នាក់ចរាចរណ៏វិញ ក៏មានការថយចុះប្រមាណ ៤៣,២% បើប្រៀបធៀបនឹងឆ្នាំ២០២០ ខណៈអ្នកស្លាប់ និងអ្នករបួស ក៏មានការថយចុះគួរឱ្យកត់សម្គាល់ ។ ប៉ុន្តែបន្ទាប់ពីការបើកដំណើរការសេដ្ឋកិច្ច-សង្គមឡើងវិញលើគ្រប់វិស័យ អត្រានេះបានហក់ស្ទុះឡើងវិញ គួរឱ្យព្រួយបារម្ភ ស្របពេលដែលបទល្មើសគ្រឿងញៀនក៏នៅតែជា ក្តីកង្វល់រួមរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដែលចាំបាច់ត្រូវតែបន្តយកចិត្តទុកដាក់រួមគ្នា។
លោកឃួង ស្រេង ក៏បានបញ្ជាក់ផងដែរ នៅក្នុងឆ្នាំ២០២១កន្លងមកនេះ រដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តវិធានការរដ្ឋបាល ដោយចុះរុះរើប៊ែលចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្ល បានចំនួន ១.៧៤១ ទីតាំង នៅក្នុងភូមិសាស្ត្រខណ្ឌចំនួន ៥ ជាប់ដងទន្លេ ធ្វើឱ្យផ្ទៃទន្លេក្នុងរាជធានីភ្នំពេញ មាន សោភ័ណភាពល្អឡើងវិញ រក្សាបាននូវអនាម័យ-បរិស្ថាន ប្រព័ន្ធអេកូឡូស៊ី ជីវៈចម្រុះគុណភាពទឹក និងចូលរួម លើកកម្ពស់វិស័យទេសចរណ៏អោយកាន់តែល្អប្រសើរផងដែរ៕
ដោយ៖ សំរិត