ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ កម្លាំងសមត្តកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញបានបញ្ជូនអគ្គនាយកក្រុមហ៊ុនមួយទៅកាន់សាលាដំបូងរាជធានីភ្នំពេញពាក់ព័ន្ធពីបទរំលោភលើទំនុកចិត្ត និងក្លែងឯកសារ ផ្តើមចេញពីប្រើប្រាស់មូលប្បទានបត្រអត់សាច់ប្រាក់ ពោលគឺសែកស្អុយលើទឹកប្រាក់ប្រមាណជាង១លានដុល្លារអាមេរិក ដែលមានសំណុំរឿង២ និងដើមបណ្តឹង២ នាក់ដែរ ។
ជនសង្ស័យឈ្មោះ ធឿន ណារិទ្ធិ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរនាយកក្រុមហ៊ុន អរ អិន ឌីប៊ី ហ្វាយនែន ភីអិលស៊ី មានទីស្នាក់ការស្ថិតនៅផ្ទះលេខ F៧. ១២៦ ផ្លូវបុរីរតនៈ ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងមានទីលំនៅមុនចាប់ខ្លួនផ្ទះលេខG.០៥ ភូមិថ្មី សង្កាត់ស្វាយដង្គុំ ក្រុង/ខេត្តសៀមរាប ។
សមត្ថកិច្ចឱ្យដឹងថា កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះទៅសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាបអនុវត្តតាមដីកាឲ្យចូលខ្លួនរបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនឈ្មោះ ធឿន ណារិទ្ធិ នៅផ្ទះរបស់គាត់ក្នុងក្រុងសៀមរាបពីបទរំលោភលើទំនុកចិត្ត និងក្លែងឯកសារពាក់ព័ន្ធចេញមូលប្បទានបត្រអត់សាច់ប្រាក់ប្រមាណ៥៨៥.០០០ ដុល្លារអាមេរិកតាមពាក្យបណ្តឹងរបស់ឈ្មោះ អ៊ុយ ចាន់រតនា ។ ពេលឃាត់ខ្លួនជនសង្ស័យត្រូវបានសមត្តកិច្ចសហការ បញ្ជូនមកកាន់ការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីបន្តនីតិវិធី ។
លុះមកដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ មន្ត្រីការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានទទួលពាក្យបណ្តឹងមួយទៀតពីឈ្មោះ ស៊ូ ម៉ារីណា ប្តឹងឈ្មោះ ធឿន ណារិទ្ធិ នាយកក្រុមហ៊ុន អរ អិន ឌីប៊ី ហ្វាយនែន ភីអិលស៊ី នោះដែរ ពីបទឆបោក និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ពាក់ព័ន្ធចេញមូលប្បទានបត្រអត់សាច់ប្រាក់ប្រមាណ ៥៧៣.០០០ ដុល្លារអាមេរិក ។ ដូច្នេះសរុបទឹកប្រាក់ទាំង២ពាក្យបណ្តឹងនោះស្មើនឹងជាង១លានដុល្លារអាមេរិក តាមរយៈប្រើប្រាស់សែកស្អុយទាំងអស់។ ចំពោះដើមចមបណ្តាលឱ្យជាប់ជំពាក់ប្រាក់គេច្រើនសន្ធឹកសន្ធាប់នេះ សុំស្តាប់ចម្លើយជនសង្ស័យសារភាពក្នុងសំណុំរឿងទាំង២ប្រហាក់ប្រហែលគ្នាថា ក្នុងអំឡុងឆ្នាំ២០១៨ ខ្លួនជាអគ្គនាយកក្រុមហ៊ុន RNDB Finance PLC ដោយសារការខ្វះខាតទុនបង្វិលប្រាក់កម្ចីឱ្យអតិថិជន ខ្លួនពិតជាបានខ្ចីប្រាក់ពីដើមបណ្តឹងទាំងពីរនាក់នោះមែន ហើយខ្លួនបានសន្យាផ្តល់ការប្រាក់ និងសងទាំងអស់វិញផងដែរ ។ ក្រោយមកដោយមានបញ្ហាឆ្លងរីករាលដាលនូវជំងឺកូវីដ-១៩ ផែនការនិងការងារក្រុមហ៊ុនបានធ្លាក់ចុះ ហើយខ្លួនពុំមានប្រាក់សងទៅភាគីដើមបណ្តឹង ពេលនោះខ្លួនបានចេញមូលប្បទានបត្រចំនួន១៣សន្លឹករបស់ធនាគារ ABA ប៉ុន្តែការណ៍ពិតគណនីធនាគាររបស់ខ្លួនពុំមានសាច់ប្រាក់ទេ គ្រាន់តែជាការបំភ័ន្តភ្នែកសម្រាប់ជាទំនុកចិត្តឱ្យដើមបណ្តឹងជឿជាក់ប៉ុណ្ណោះ ។ សំណុំរឿងបានស្ថិតនៅលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារងបើកការស៊ើបសួរ និងក្រោយពីសាកសួររួចតំណាងអយ្យការ បានធ្វើការចោទប្រកាន់ជាផ្លូវការ និងបានចាត់បញ្ជូនទៅចៅក្រមស៊ើបសួរ នារសៀលថ្ងៃដដែលនេះដើម្បីសម្រេចឃុំខ្លួនជនត្រូវចោទដាក់ពន្ធនាគារជាបណ្តោះអាសន្ន ៕
ដោយ រ៉ារ៉ា