ខេត្តកំពង់ស្ពឺ៖ បេីយោងតាមប្រភពព័ត៍មានពីអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ទី០៣ ខែមិនា ឆ្នាំ២០២២នេះថា៖ ដើម្បីការពារសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ មន្ត្រីក.ប.ប. បានចុះប្រតិបត្តិការត្រួតពិនិត្យអនុលោមភាពទំនិញដែលដាក់លក់តាមបណ្ដាទីផ្សារនានាក្នុងរាជធានី, ខេត្ត, ក្រុង ដើម្បីស្វែករកទំនិញមិនមានអនុលោមភាព ចៀសវាងអ្នកប្រើប្រាស់ទិញយកទៅប្រើប្រាស់ ឬបរិភោគប៉ះពាល់ដល់សុខុមាលភាព ក៏ដូចជាប្រយោជន៍ផងដែរ។
ជាក់ស្ដែងនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ម្សិលមិញនេះ មន្ត្រីក.ប.ប. បានចុះប្រតិបត្តិការត្រួតពិនិត្យអនុលោមភាពទំនិញដែលដាក់លក់តាមបណ្ដាទីផ្សារនានាក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ប្រភពដដែលបន្តថា ក្នុងប្រតិបត្តិការនេះដែរ មន្ត្រីជំនាញ បានរកឃើញទំនិញហួសសុពលភាពប្រើប្រាស់ចំនួន ២៥.៥គីឡូក្រាម យកមករក្សាទុកដើម្បីកម្ទេចចោលនៅពេលក្រោយ។
លើសពីនេះទៅទៀត មន្ត្រីក.ប.ប. បានធ្វើការពិន័យអន្តរការណ៍ និងណែនាំដល់ម្ចាស់ទំនិញឱ្យបញ្ឈប់ការដាក់លក់ទំនិញមិនអនុលោមផងដែរ៕
ដោយ៖សហការី