ពិធីផ្សព្វផ្សាយលទ្ធផលនៃការសិក្សាស្តីពី “វិស័យសកម្មភាពមីន និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា” សហការរវាងអាជ្ញាធរមីន និង​ GICHD

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ខ្ញុំបានអញ្ចើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយលទ្ធផលនៃការសិក្សាស្តីពី “វិស័យសកម្មភាពមីន និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា” ដោយសហការរវាង អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន(អាជ្ញាធរមីន) និងមជ្ឈមណ្ឌលអន្តរជាតិហ្សឺណែវសម្រាប់ការបោសសម្អាតមីនមនុស្សធម៌ (GICHD) ជាមួយការគាំទ្រថវិកាពីក្រសួងការបរទេសនៃប្រទេសអៀរឡង់។

ខ្ញុំសូមថ្លែងនូវអំណរគុណដ៏ជ្រាលជ្រៅដល់ GICHD ក្រសួងការបរទេសប្រទេសអៀរឡង់ អង្គការ UNDP ប្រតិបត្តិករសកម្មភាពមីន និងអាជ្ញាធរមីន ដែលបានរួមចំណែកក្នុងការសិក្សានេះ។

ខ្ញុំបានលើកឡើងប្រាប់អង្គពិធីថា “កម្ពុជា បានឈានដល់របត់នេះ និងទទួលបានជោគជ័យជាប្រវត្តិសាស្រ្តសម្រាប់វិស័យសកម្មភាពមីន គឺដោយសារ កម្ពុជា ទទួលបាននូវសុខសន្តិភាពពេញលេញទូទាំងប្រទេស ក្រោមនយោបាយឈ្នះ ឈ្នះ នៅចុងឆ្នាំ១៩៩៨ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុញ្ញាតឲ្យរាជរដ្ឋាភិបាលកម្ពុជា និងមានការចូលរួមគាំទ្រពីដៃគូរអភិវឌ្ឍន៍ និងប្រទេសជាមិត្ត មានលទ្ធភាពគ្រប់គ្រាន់ដោះស្រាយការគម្រាមកំហែងដោយសារមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទាំងនោះ ប្រកបដោយប្រសិទ្ធភាព និងគ្មានការភ័យខ្លាច ក្នុងការចូលរួមផ្តល់សុខសុវត្ថិភាព និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។

ដើម្បីជោគជ័យកម្ពុជាគ្មានមីនឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា មិនបានបង្អន់ដៃឡើយ ហើយថែមទាំងបង្កើននូវសន្ទុះទៅមុខជានិច្ចក្នុងការងារបោសសម្អាតមីន ការចលនាកៀរគរធនធាន និងត្រូវការការចូលរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់”។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ជូនចំពោះដៃគូអភិវឌ្ឍន៍ និងប្រទេសផ្តល់ជំនួយ ទាំងក្នុងអតីតកាល និងបច្ចុប្បន្ន ដូចជា អូស្ត្រាលី បែលហ្សិក កាណាដា ចិន ដាណឺម៉ាក សហភាពអឺរ៉ុប បារាំង អាល្លឺម៉ង់ ហុងគ្រី អៀរឡង់ ជប៉ុន សាធារណរដ្ឋកូរ៉េ ហុល្លង់ នូវែលហ្សឺឡង់ ន័រវេស្ស ស៊ុយអែត ស្វ៊ីស អង់គ្លេស អាមេរិក អង្គការ UNDP អង្គការ UNICEF និង GICHD ប្រតិបត្តិករបោសសម្អាតមីន និងបុគ្គលិកបោសសម្អាតមីន ដែលបានរួមចំណែកក្នុងការបោសសម្អាតមីន។

តាម​រយៈ​ការសិក្សានេះ “ខ្ញុំសង្ឃឹមថា ការណ៍ដែលខ្ញុំបានបង្ហាញពីទិដ្ឋភាពសំខាន់ៗនៃវិស័យសកម្មភាពមីននៅកម្ពុជា បន្ថែមលើបទបង្ហាញរបស់វាគ្មិន និងការពិភាក្សានាព្រឹកនេះ អង្គពិធីទាំងមូល អាចនឹងផ្សារភ្ជាប់សកម្មភាពមីនទៅនឹងអាទិភាពឬកិច្ចការខ្លួន ក៏ដូចជារបស់ស្ថាប័ននិងប្រទេសខ្លួន។ ដូចដែលបានរៀបរាប់ក្នុងការសិក្សា ការរួមបញ្ចូលគ្នារវាងវិស័យសកម្មភាពមីន និងវិស័យផ្សេងទៀត នឹងផ្តល់ផលប៉ះពាល់កាន់តែខ្លាំងឡើង។

យើងត្រូវការបន្តកិច្ចសហប្រតិបត្តិការបែបនេះ។ យើងត្រូវការបន្តគាំទ្រវិស័យសកម្មភាពមីនរហូតដល់ថ្ងៃដែលចំការមីនចុងក្រោយបង្អស់ត្រូវបានប្រែក្លាយទៅជាដីដែលមានសុវត្ថិភាព។ យើងទាំងអស់គ្នា បានចាប់ផ្តើមរួមគ្នា ហើយយើងនឹងបញ្ចប់ការងាររបស់យើងជាមួយគ្នា ដើម្បីឆ្ពោះទៅរកកម្ពុជាគ្មានមីនឆ្នាំ២០២៥”។

គួរឲ្យកត់សម្គាល់ផងដែរថា ការសិក្សានេះគូសបង្ហាញយ៉ាងទូលំទូលាយអំពីលទ្ធផលនៃការរួមចំណែករបស់វិស័យសកម្មភាពមីន ក្នុងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។ លទ្ធផលបានមកពីការសិក្សានៅកម្ពុជា បានផ្តល់នូវភស្តុតាងដ៏ច្បាស់លាស់អំពីផលប៉ះពាល់នៃសកម្មភាពមីន លើការអភិវឌ្ឍប្រកបដោយចីរភាពនៅតាមកម្រិតផ្សេងៗ តាមរយៈការកាត់បន្ថយគ្រោះថ្នាក់ដែលត្រូវប្រឈមដោយសហគមន៍មូលដ្ឋានរងផលប៉ះពាល់ដោយវត្តមាននៃយុទ្ធភណ្ឌគ្រឿងផ្ទុះ។

បន្ថែមលើនេះ ការសិក្សាបានបង្ហាញថាការរៀបចំ និងការអនុវត្តនូវកម្មវិធីសកម្មភាពមីន និងកម្មវិធីអភិវឌ្ឍន៍តាមបែបរួមបញ្ចូលគ្នា ផ្តល់នូវលទ្ធផលទាំងផ្នែកមនុស្សធម៌ និងការអភិវឌ្ឍកាន់តែប្រសើរ ព្រមទាំងបានបញ្ជាក់ថាភាពជាដៃគូរឹងមាំនៅគ្រប់កម្រិត ក្នុងនិងក្រៅវិស័យសកម្មភាពមីន អាចពង្រីកផលប៉ះពាល់ និងចីរភាពនៃកិច្ចខិតខំប្រឹងប្រែងវិស័យសកម្មភាពមីនឲ្យដល់កម្រិតអតិបរមា៕

...

ដោយ៖ ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print