(តពីលេខមុន)
# ព្រះរាជពិធីច្រត់ព្រះនង្គ័ល:
ថ្ងៃ ៤ រោចខែពិសាខ ជាថ្ងៃដែលគេរៀបធ្វើព្រះរាជពិធីច្រត់ព្រះនង្គ័លជាឧឡារិក។
សម័យបុរាណ កាលបើព្រះមហាក្សត្រខ្មែរពុំទាន់ទ្រង់យាហចេញច្រត់ព្រះនង្គ័លទេ បណ្ដារាស្រ្ដស្រុកស្រែចម្ការ ពុំទាន់ហ៊ានចុះភ្ជួររាស់នោះទេ គេចាំស្ដាប់ដំណឹងពីទីក្រុងសិន។ ហេតុដែលនាំឲ្យមានព្រះរាជពិធីតម្រូវធ្វើនៅថ្ងៃ ៤ រោចខែពិសាខនោះទៅជាអាថ៌កំបាំងនៅឡើយ។ ប៉ុន្តែសព្វថ្ងៃនេះក៏ដោយ អ្នកស្រុកស្រែនៅតែនិយមរើសយកថ្ងៃល្អដើម្បីនឹងចុះភ្ជួរស្រែជាដំបូងដៃ។តាមតម្រាខ្លះថាថ្ងៃអាទិត្យភ្ជួរស្រែលើកដំបូងល្អ។ ចំណែកខាងព្រះរាជពិធីច្រត់ព្រះនង្គ័លវិញក៏ត្រូវរកថ្ងៃល្អអាក្រក់តាមក្បួនហោរាសាស្ត្រដែរ។
ម្យ៉ាងទៀត គេច្រើនជឿថានឹងចាប់ការអ្វី ត្រូវរកថ្ងៃណាមួយខាងខ្នើតដើម្បីឲ្យការនោះចេះតែចម្រើនឡើងដូចជា ព្រះច័ន្ទនៅលើអាកាសនោះដែរ។ ប៉ុន្តែការដែលព្រះរាជាទ្រង់ច្រត់ព្រះនង្គ័លនៅថ្ងៃ ៤ រោច ខែពិសាខនោះជាប្រស្នានៅឡើយ។
ពីអតីតកាលព្រះករុណាទ្រង់យាងភ្ជួរស្រែដោយព្រះអង្គឯង ក្នុងស្រែដ៏ពិសិដ្ឋមួយដូចជានៅក្នុងរឿងរាមកេរ្តិ៍ខ្មែរ និងសៀមនិយាយថា នៅពេលដែលព្រះបាទជនកទ្រង់យាងច្រត់ព្រះនង្គ័លមាស ទ្រង់រើសបានទារិកាម្នាក់ ហើយទ្រង់ប្រទាននាមថា”នាងសីតា” ដែលជាពាក្យសំស្ក្រឹតប្រែថា”អាចម៍បំណះ” បានព្រះរាមជាបុស្បាក្នុងគម្ពីរព្រះពុទ្ធសាសនាផ្នែកហីនយាននិយាយថា ការដែលព្រះពុទ្ធជាព្រះបរមគ្រូយើងនៅជារាជឱរស់នៅឡើយ ពួកស្រីស្នំយកព្រះអង្គទៅជ្រកក្រោមម្លប់ដើមព្រីងនៅពេលដែលព្រះបិតាព្រះអង្គយាងច្រត់ព្រះនង្គ័ល ។នៅពេលដែលគេធ្វើពិធី ពួកស្រីស្នំចង់ទៅមើលនាំគ្នាផ្អើលរត់ទៅនឹងគេអស់ ភ្លេចព្រះរាជកុមារចោលក្រោមម្លប់ឈើនោះ។ ពួកស្នំរវល់តែជក់ភ្នែកមើលទំរាំតែនឹកឃើញព្រះរាជកុមារព្រះអាទិត្យជ្រេទៅទិសបស្ចឹមទៅហើយ តែម្លប់ដើមព្រីងមិនឃ្លៀងឃ្លាតចោលស្រមោលទៅតាមដំណើរព្រះអាទិត្យទេ គឺនៅគ្របត្រង់ពីលើព្រះរាជកុមារមិនឲ្យត្រូវកំដៅព្រះអាទិត្យដដែល។
អំណឹសតអំពីព្រះករុណាព្រះអង្គឌួងមក ព្រះរាជាខ្មែរទ្រង់ពុំច្រត់ព្រះនង្គ័លដោយព្រះអង្គឯងទេ។ លោករដ្ឋមន្ត្រីក្រសួងកសិកម្មដែលមានងារជាឧកញ៉ាពលទេពត្រូវចេញបំពេញកិច្ចការជំនួសព្រះអង្គ។ អ្នកតារបស់ឧកញ៉ាពលទេពនេះ មានរូបទេព្តាកាន់កណ្ដាប់ស្រូវជាសម្គាល់។ សព្វថ្ងៃនេះភារៈនេះធ្លាក់ទៅលើរដ្ឋមន្ត្រីខាងកសិកម្ម និងភរិយា។ គេនិយមហៅអ្នកបំពេញកិច្ចនោះថា”ស្ដេចនាគ” គឺរឿងស្ដេចនាគដែលយើងនឹងជូនសេចក្តីពណ៌នាទៅខាងមុខ។ ប្រពន្ធស្ដេចនាគគេឲ្យឈ្មោះថា”ម៉ែហួរ” ម៉ែហូរជាពាក្យសៀមដែលមានន័យថាមេលើត្បូង។
ចាស់ៗបានដំណាលថា កាលជាន់ដើមគេភ្ជួរស្រែមួយហើយគេថែរក្សាស្រែនោះឲ្យផ្ចិតផ្ចង់រហូតដល់បានផលមែនទែន។ អ្នកផងនៅចំថា ស្រែលួងពីដើមស្ថិតនៅខាងលិចវត្តប្រយូរវង្ស។ ក្នុងរជ្ជកាលព្រះករុណាស៊ីសុវត្ថិពិធីច្រត់ព្រះនង្គ័លក៏ធ្វើនៅកន្លែងនោះដែរ ប៉ុន្តែពេលយូរចូលមកដីផ្នែកខ្លះត្រង់កន្លែងនោះក្លាយទៅជាចម្ការច្បារដំណាំអស់ទៅ។
នៅកន្លែងធ្វើពិធី គេសង់រោងមណ្ឌល៥ សម្រាប់តម្កល់ទេវរូបនៅជុំវិញធ្លាដីដែលទុកសម្រាប់ភ្ជួរ។ នៅថ្ងៃ ១ រោចខែពិសាខពេលជិតព្រលប់ ក្រុមបាគូររៀបធ្វើពិធីសែនក្រុងពាលី ដែលជាម្ចាស់ទឹកដីដើម្បីសុំកន្លែងធ្វើពិធី។ ថ្ងៃជាបន្ទាប់មកទៀតចំនួនពីរថ្ងៃនៅពេលព្រលប់ដូចគ្នាពួកបាគូរធ្វើហោមពិធី។
ពាក្យក្នុងទីនេះមានន័យថាការរៀបចំ ឬថា”កិច្ចធ្វើបុណ្យ” ឯពាក្យថា “ហោម” បានសេចក្តីថា” ពលីកា”ក្នុងរណ្ដៅភ្លើង ឬការបូជាទេវតាដោយសាច់ទឹកដោះថ្លាក្នុងរណ្ដៅភ្លើងបើប្រែឱ្យខ្លីថា ពិធីបូជាភ្លើងព្រោះទំនៀមនេះជាប្រពៃណីនៅប្រទេសឥណ្ឌាដែលធ្លាប់ធ្វើតាំងពីយូរអង្វែងណាស់មកហើយ។
(នៅមានត)
ស្រាវជ្រាវនិងកែសម្រួលដោយ÷ ចៅតាជេត