សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ីបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ទី៣ខែមីនាថា ប្រទេសអារ៉ាប៊ីសាអ៊ូ ឌីតនឹងធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតក្រុមទាំង៥មកពីភាគខាងលិចទ្វីបអាស៊ីនៃពានរង្វាន់ Asian Champions League ។
ទីក្រុង Riyadh នឹងធ្វើជាម្ចាស់ផ្ទះការប្រកួតដែលពាក់ព័ន្ធនឹងក្រុមការពារតំណែងជើងឯក Al Hilal នៅក្នុងទីក្រុងកំណើតរបស់ពួកគេក្នុងពូល A ដែលមានក្រុម Istiklol មកពីប្រទេសទួមេគីស្ថាន, ក្រុម Al Rayyan មកពីកាតា និងក្រុមដែលឈ្នះវគ្គ Playoff ផងដែរ។ពូល B ដែលមានក្រុម Mumbai, ក្រុម Al Jazira មកពីប្រទេសអារ៉ាប់រួម, ក្រុម Al Shabab របស់អារ៉ាប៊ីសាអ៊ូ ឌីតនិងក្រុម Air Force របស់អ៊ីរ៉ាក់ក៏នឹងប្រកួតនៅទីក្រុង Riyadh ដែរ។ក្រុម Jeddah នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Foolad មកពីប្រទេសអ៊ីរ៉ង់, ក្រុម Shabab Al Ahli Dubai, ក្រុម Al Gharafa របស់កាតា និងក្រុមAhal របស់ទួមេគីស្ថានក្នុងពូល C ខណៈពូល D ដែលមានក្រុម Sepahanរបស់អ៊ីរ៉ង់, Al Duhail មកពីកាតា, Pakhtakor របស់អ៊ូបេគីស្ថាន និងក្រុមឈ្នះក្នុងវគ្គ Playoff នឹងធ្វើឡើងនៅ Buraidah ។ពូល E នឹងត្រូវលេងក្នុងទីក្រុង Dammam ហើយនឹងមានក្រុម Al Saddរបស់កាតា, Al Faisaly មកពីអារ៉ាប៊ីសាអ៊ូ ឌីត, ក្រុមមកពីហ្សកដានី Al Wehdat និងក្រុមឈ្នះក្នុងវគ្គ Playoff ។ការប្រកួតគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី៧ ខែមេសាខាងមុខ ជាមួយនឹងក្រុមដែលឈ្នះនៃពូលនីមួយៗឈានទៅវគ្គ១៦ ក្រុមចុងក្រោយជាមួយនឹងក្លិបចំនួន៣ដែលមានកំណត់ត្រាជើងឯករងល្អបំផុត។កន្លែងសម្រាប់ក្រុមទាំង៥នៅភាគខាងកើតនៃការចាប់ឆ្នោតត្រូវបានប្រកាសកាលពីខែមុន ដោយការប្រកួតនឹងត្រូវប្រកួតនៅប្រទេសថៃ វៀតណាម និងម៉ាឡេស៊ី។ ចំណែកការប្រកួតនៅតំបន់ភាគខាងកើតនេះនឹងចាប់ផ្តើមនៅថ្ងៃទី១៥ ខែមេសា។
សូមបញ្ជាក់ថា វគ្គចែកពូលក្នុងការប្រកួតពានរង្វាន់ Asian Champions League ឆ្នាំនេះកំពុងត្រូវបានលេងដោយបិទទ្វារដើម្បីកំណត់ការធ្វើដំណើររបស់ក្រុមកីឡាករដោយសារតែជំងឺរាតត្បាតកូវីដ–១៩ដែលកំពុងបន្ត ៕ (រូបភាព ៖ Reuters/CNA)