ភ្នំពេញ : នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនលោក លោកស្រី អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ឱសថការីទទួលខុសត្រូវបច្ចេកទេសនៃគ្រឹះស្ថានលក់ឱសថ និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ តាមការស្រាវជ្រាវ របស់ក្រសួងសុខាភិបាលឃើញមានឱសថឈ្មោះ Nexium 20 mg និង Nexium 40 mg ដែលមានសារធាតុសកម្មឱសថ Esomeprazole 20 mg & 40 mg គ្មានលេខបច្ឆិកា កំពុងដាក់លក់នៅលើទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជា ដែលស្រដៀងនឹង ឱសថពិត ដែលនាំចូលដោយ គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ MGHKH-Healthcare CO, LTD. មានលេខបញ្ជិកាពីក្រសួង សុខាភិបាល។
អាស្រ័យដូចបានជម្រាបជូនខាងលើ និងអនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថ ក្រសួងសុខាភិបាលសូមធ្វើណែនាំដូចតទៅ៖
១. សូមអភិបាលនៃគណៈអភិបាលរាជធានី-ខេត្តណែនាំដល់លោក លោកស្រី លោកប្រធានមន្ទីរសុខាភិបាល រាជធានី-ខេត្ត ផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់គ្រប់គ្រឹះស្ថានលក់ឱសថទាំងអស់ឱ្យបញ្ឈប់ការលក់ឱសថគ្មានលេខ បច្ឆិកាខាងលើ ជាបន្តទៀត។
២. ភ្នាក់ងារត្រួតពិនិត្យឱសថនៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង ត្រូវសហការជាមួយមន្ទីរ សុខាភិបាលរាជធានី-ខេត្ត និងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីតាមដានរកជនខិលខូចមកផ្តន្ទាទោស និងប្រមូលឱសថ គ្មានលេខបញ្ជិកាខាងលើ មកកំទេចចោល។
៣. លោក លោកស្រីឱសថការីដែលទទួលខុសត្រូវបច្ចេកទេសនៃគ្រឹះស្ថានលក់ឱសថ ព្រមទាំងលោក លោកស្រីអាជីវករ ទាំងអស់ ត្រូវបញ្ឈប់ការចែកចាយ និងលក់ឱសថគ្មានលេខបញ្ជិកាខាងលើ ជាបន្ទាន់។ ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ចំពោះគ្រឹះស្ថានលក់ឱសថ និងបុគ្គលទាំងឡាយណាដែលនៅត បន្តចែកចាយ ឬលក់ឱសថគ្មានលេខបញ្ជិកាខាងលើ តាមច្បាប់ជាធរមាន។
ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួប ឬប្រទះឃើញជនណាកំពុងចែកចាយ ឬលក់ឱសថខុសច្បាប់ខាងលើនេះ សូម បងប្អូនប្រញាប់ផ្ដល់ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង តាមរយៈ លេខទូរស័ព្ទ៖ ០១២ ៣៥៥ ១៦១, ០១១ ៥៧៤ ៧៨៧, ០១២ ៩៨៣ ៣៣៤, ០១២ ៨៩២ ០២២, ០១៧ ៦០៦ ៦៧០, ០១៧ ៨៦៦ ៧៦០, ០១២ ៥៦២ ៤៤៦ ៕