ភ្នំពេញ៖ មន្ត្រី ក.ប.ប. នៅតែបន្តរកឃើញដេប៉ូប្រេងឥន្ធនៈមួយចំនួននៅតាមបណ្ដារាជធានី ខេត្ត ក្រុង ដែលប្រកបមុខរបរមិនសុចរិត។ នេះបេីយោងតាមប្រភពព័ត៍មានពីអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឱ្យដឹងនៅរសៀលថ្ងៃសុក្រទី០៤ ខែមិនា ឆ្នាំ២០២២។
ប្រភពដដែលបន្តថា មន្រ្តីសាខា ក.ប.ប. ខេត្តកំពង់ធំ ខេត្តកំពង់ឆ្នាំង ខេត្តកណ្តាល និងរាជធានីភ្នំពេញ នាថ្ងៃទី០១ រហូតដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ ដោយសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានចុះធ្វើអធិការកិច្ចលើស្ថានីយ និងដេប៉ូប្រេងឥន្ធនៈ ស្ថិតក្នុងស្រុកកំពង់ស្វាយនិងស្រុកបាលង្គ័ ខេត្តកំពង់ធំ ស្រុកកំពង់ត្រឡាចនិងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ស្រុកស្អាងភ្នំនិងក្រុងតាខ្មៅ ខេត្តកណ្តាល និងភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងគោលដៅធានាឱ្យបាននូវអនុលោមភាពក្នុងវិស័យប្រេងឥន្ធនៈ ដោយបានរកឃើញដេប៉ូប្រេងចំនួន០៥ មិនអនុលោមភាព នៅក្នុងចំណោមស្ថានីយ និងដេប៉ូចំនួន ២៩ទីតាំង ដែលមន្ត្រីជំនាញបានត្រួតពិនិត្យ។
ក្រោយត្រួតពិនិត្យជាក់ស្ដែង ជាលទ្ធផលម្ចាស់ដេប៉ូខាងលើបានទទួលស្គាល់នូវកំហុស និងព្រមទទួលពិន័យអន្តរការណ៍ ក៏ដូចជាធ្វេីកិច្ចសន្យាកែតម្រូវផងដែរ។
គួរជម្រាបថា ក្នុងប្រតិបត្តិការនោះដែរ គោលបំណងនោះគឺដើម្បីការពារនូវផលប្រយោជន៍ជូនអ្នកប្រើប្រាស់ និងស្វែងរកភាពមិនអនុលោមក្នុងវិស័យប្រេងឥន្ធនៈដែលកើតចេញពីម្ចាស់ស្ថានីយ និងដេប៉ូប្រកបរបរមិនសុចរិតក្នុងវិស័យមួយនេះ៕
ដោយ៖ស តារា