តពីលេខមុន)
ប៉ុន្តែសព្វថ្ងៃនេះ ពួកព្រាហ្មណ៍ក្នុងកម្ពុជរដ្ឋយើងសង្ខេបពិធីត្រឹមតែធ្វើពលិកាទេវរូប និងសូត្រប្រកាសទេវតានៅរោងមណ្ឌលប៉ុណ្ណោះជាការស្រេច ឯក្បួនច្បាប់សម្រាប់ធ្វើហោមពិធីមានសល់នៅដល់សព្វថ្ងៃនេះ។
នៅក្នុងរោងមណ្ឌនីមួយៗ មានពំនូកដីធ្វើជាបីថ្នាក់ នៅថ្នាក់លើបំផុតគេជីករណ្ដៅដែលមានទំហំទទឹងមាត់ប្រមាណជា ១ ចំអាមនិងមានជម្រៅមួយចំអាមដែរ គេយកសំពត់.សរុំស្រោបពំនូកដីទាំងបីថ្នាក់ឱ្យជិត កុំឲ្យមើលឃើញដីរួចយកក្លស់មួយបាំងពីលើ។
នៅក្នុងរណ្ដៅនោះគេដុតភ្លើងបណ្ដើរសូត្រគាថាបណ្ដើរ។ អុសដែលប្រើដុតក្នុងប្រេងរួចបង់ចូលទៅក្នុងរណ្ដៅភ្លើង ។ ទឹកដោះឬសប្បិ គេប្រស់ ឬចាក់បន្តិចម្ដងៗចូលទៅក្នុងភ្លើងដែរ។ សប្បិនិងដោះគោអាចផ្លាស់ប្ដូរគ្នាបាន។ ភ្លើងហោងនោះត្រូវរំលត់ដោយទឹកសង្ខ័។
នៅពេលដែលក្រុមបុរោហិតធ្វើហោមពិធី គេត្រៀមនង្គ័លនិងគោឧសភរាជនៅទីដែលបម្រុងនិងភ្ជួរ ដើម្បីនឹងទទួលផលដ៏បរិសុទ្ធអំពីការបូជានោះ។
ម្យ៉ាងទៀតគួរកត់សម្គាល់ថានង្គ័លដែលប្រើក្នុងព្រះរាជពិធីនោះ មានយាមដល់ទៅពីរ ចំណែកឯនង្គ័លរបស់ប្រជារាស្រ្តធម្មតាមានយាមតែមួយទេ។
ដល់ថ្ងៃ ៤រោចខែពិសាខ ស្ដេចនាគនិងព្រះម៉ែហួ ចូលទៅកាន់ព្រះមេរុដោយក្បួនហែ ហើយចូលទៅថ្វាយបង្គំរូបព្រះឥសូរក្នុងរោងពិធីទិសពាយព្យ ក្រុមបាគូផ្លុំសង្ខ័បីបទ រួចស្ដេចនាគចេញច្រត់ព្រះនង្គ័ល។ ក្បួនព្រះនង្គ័លចេញច្រត់ជាទក្ខិណាព័តិ ៣ជុំ ។ នង្គ័លកណ្ដាលជានង្គ័លស្ដេចនាគ ឯនង្គ័ល ១ ច្រត់យោងមុខ នង្គ័លមួយទៀតច្រត់តាមពីក្រោយនង្គ័លទាំងពីរនេះ មានភ្នាក់ងាររាជការពីរនាក់ទៀតជាអ្នកកាងក្នុងខណៈកំពុងភ្ជួរនោះព្រះម៉ែហួចាប់ស្រូវពូជម្យ៉ាងដែលល្អពិសេសជាងគេហៅថាស្រូវក្រយាសំពាន់ព្រាចទៅឆ្វេងទៅស្ដាំដរាបដល់ឈប់វិធីច្រត់ តែក្នុងមួយជុំៗ ពួកបាគូផ្លុំសង្ខម្ដងជាសញ្ញា។
លុះភ្ជួរគ្រប់បីជុំ ហើយក្បួនព្រះនង្គ័លហែទៅឈប់នៅមុខរោងពិធីទិសបូព៌ ដែលមានតម្កល់រូបវិស្ណុហើយគេស្រាយគោចេញពីនឹម។ នៅពេលនោះព្រាហ្មណ៍ព្រះរាជគ្រូ(ចាងហ្វាងគ្រូ) បាគូសូត្រពាក្យអធិដ្ឋានផ្សងឲ្យគោនាំប្រផ្នូលល្អ។ ព្រះរាជគ្រូយកទឹកមន្តទៅប្រោះក្បាលគោទាំងពីរនៃព្រះនង្គ័ល ហើយលែងវាទៅស៊ីរបស់ទាំង ៧ មុខដែលតម្កល់នៅលើតុប្រាក់តម្រៀបនៅមុខព្រះពន្លានៃព្រះករុណាមាន ស្រូវ សណ្ដែក ពោត ល្ង ស្មៅស្រស់ ទឹក និងស្រា។ ព្រាហ្មណ៍ទាយភេទស្រុកទេសតាមរបស់ដែលគោនោះបរិភោគគឺថាបើគោស៊ីគ្រាប់អ្វីក្នុងបណ្ដាគ្រាប់ដែលដាក់នៅទីនោះទាយថា នឹងសំបូរផលនោះ បើស៊ីស្មៅទាយថា នឹងមានកើតជំងឺ បើផឹកទឹកទាយថា នឹងមានភ្លៀងច្រើនហើយស្រុកទេសនឹងបានសុខសប្បាយ ប៉ុន្តែបើគោបែរជាផឹកសុរា ទាយថានឹងកើតមានមនុស្សពាល ចោរលួចចោរប្លន់ ជាច្រើននៅក្នុងព្រះនគរ៕
(នៅមានត) ស្រាវជ្រាវនិងកែសម្រួលដោយ÷ ចៅតាជេត







