ភ្នំពេញ : សហភាពសហព័ន្ធយុវជនកម្ពុជា ចេញសេចក្តីថ្លែងការណ៍គាំទ្រប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទាក់ទងនឹងស្ថានភាពក្នុងប្រទេសអ៊ុយក្រែន។
ថ្នាក់ដឹកនាំ សមាជិក សមាជិកាទាំងអស់នៃសហភាពសហព័ន្ធយុវជនកម្ពុជា សូមគាំទ្រចំពោះប្រសាសន៍
ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងនាថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ ក៏ដូចជាសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ នេះ ទាក់ទងនឹងស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែន។
សហភាពសហព័ន្ធយុវជនកម្ពុជា ជារណសិរ្សទូលំទូលាយចាប់កំណើតថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ បានយល់ យ៉ាងច្បាស់ និងចូលរួមដោយផ្ទាល់ក្នុងដំណើរវិវត្តន៍របស់ប្រទេសកម្ពុជាជាង ៤ ទសវត្សរ៍កន្លងមកនេះ ក្នុងនោះ ដំណាក់កាលទុក្ខវេទនា ការព្រាត់ប្រាស និងពលិកម្មគ្រប់បែបយ៉ាងដែលបានកើតឡើងដោយសារសង្គ្រាម ដែល បានបង្កអស្ថិរភាពសង្គមឥតស្រាក់ស្រាន្តទម្រាំដល់ដំណាក់កាលកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ នៅឆ្នាំ ១៩៩៨ ដោយកើតចេញពីការខិតខំប្រឹងប្រែងរបស់កម្ពុជាខ្លួនឯង តាមរយៈការចរចាដោះស្រាយដោយសន្តិវិធី។
ដោយតាមដានជាបន្តបន្ទាប់ពីស្ថានភាពនៅប្រទេសអ៊ុយក្រែន សហភាពសហព័ន្ធយុវជនកម្ពុជា សូម ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា បង្ហាញពីក្តីព្រួយបារម្ភចំពោះស្ថានភាពដែលកំពុងតែវិវត្តន៍ និងអរិភាពប្រដាប់ អាវុធយោធា នៅក្នុងដែនដីនៃប្រទេសអ៊ុយក្រែន។ ក្នុងន័យនេះ សហភាពសហព័ន្ធយុវជនកម្ពុជា សូមគាំទ្រ ចំពោះប្រសាសន៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ក្រោមអនុសាសន៍ «… ពោលគឺមិនអាចយកសង្គ្រាមបញ្ចប់សង្គ្រាមបាននោះទេ នៅសល់ ច្រកចេញតែមួយគត់ គឺការចរចាដោះស្រាយដោយសន្តិវិធី និងសូមគាំទ្រទាំងស្រុងទៅលើសេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយបានបង្ហាញនូវជំនឿទៅលើកិច្ចសន្ទនា និងការទូត ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ជាពិសេសការរក្សាជំហរយ៉ាងមុតមាំរបស់ខ្លួនថា រដ្ឋជាសមាជិកទាំងអស់ត្រូវតែគោរពអធិបតេយ្យភាព បូរណភាពដែនដី និងឯករាជ្យភាពនយោបាយរបស់រដ្ឋសមាជិកផ្សេងទៀត៕