នៅថ្ងៃទី០៥ ខែមីនា​! ​យានយន្តចំនួន​ ៦០០គ្រឿង​ ត្រូវបានត្រួតពិនិត្យ និងផាកពិន័យតាមច្បាប់

ចែករំលែក៖

ភ្នំពេញ៖ បើតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹង​ថា៖​ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២នេះ យានយន្តសរុបចំនួន ៦០០គ្រឿងទៀត ត្រូវបាននគរបាលទូទាំងប្រទេសត្រួតពិនិត្យ និងផាកពិន័យ ក្នុងនោះមានម៉ូតូ ៤២៦គ្រឿង និងរថយន្ត ១៧៤គ្រឿង។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន​ បានគូសបញ្ជាក់ថា​៖ គិតថ្ងៃទី០៥ ខែមីនា ក្នុងឆ្នាំ២០២២នេះ កម្លាំងនគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ៤១,៤២០គ្រឿង ក្នុងនោះមានម៉ូតូ ៣១,៤៤៨គ្រឿង និងរថយន្តគ្រប់ប្រភេទ ៩,៩៧២គ្រឿង។

បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូ គឺភាគច្រើនអត់មួក ទូរស័ព្ទ ស្លាកលេខ និងល្មើសសញ្ញាជាដើម។ ដោយឡែករថយន្តល្មើសល្បឿន ល្មើសសញ្ញា អត់ប័ណ្ណបើកបរ អត់ស្លាកលេខ ស្រវឹង លើសចំណុះ ខ្សែក្រវ៉ាត់ ឆៀក ទូរស័ព្ទ និងអាជីវកម្មជាដើម។

អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិរូបនេះ​ បានថ្លែងបន្តថា​ ការអនុវត្តតាមអនុក្រឹត្យលេខ៣៩ ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរ។ ជាមួយ​គ្នានោះ​ លោក​ ឧត្ដមសេនីយ៍​ឯក​ ឆាយ​ គឹមខឿន​ ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត។

គួរបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា​ សម្រាប់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២នេះ​ បានកើតឡើងចំនួន ០៧លើក ក្នុងនោះស្លាប់ចំនួន ០៥នាក់ របួស ១៥នាក់ (របួសធ្ងន់ ១១នាក់)។ រយៈពេល៦៤ថ្ងៃនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ៦៣៦លើក បណ្ដាលឱ្យមនុស្សស្លាប់ ៣៦៣នាក់ របួស ៨៥១នាក់ (របួសធ្ងន់ ៥៦៦នាក់)ផងដែរ​៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print