អគ្គិភ័យឆាបឆេះរោងសិប្បកម្មនិងផ្ទះប្រជាពលរដ្ឋរងការខូចខាតស្ទើរទាំងស្រុងនិងរងរបួសធ្ងន់ស្រាលមនុស្ស៣នាក់

ចែករំលែក៖

ភ្នំពេញ៖ រោងសិប្បកម្មផលិតសាឡុង និងផ្ទះបងប្អូនជាពលរដ្ឋត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅដោយមិនទាន់ដឹងពីមូលហេតុ បណ្តាលឱ្យខូចខាតសម្ភារសិប្បកម្មនិងសម្ភារក្នុងផ្ទះស្ទើរតែទាំងស្រុង ក្នុងនោះរួមមាន រថយន្ត ម៉ូតូ រុឺម៉កកង់៣ និងរងរបួសមនុស្សស្រីធ្ងន់ស្រាលចំនួន៣នាក់ផងដែរត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

    ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០ព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ នៅចំណុចផ្ទះលក់សម្ភារ ដេរពូក នៅតាមបណ្ដោយផ្លូវលេខ១២២ ក្រោយមន្ទីរពេទ្យកុមារជាតិ ក្នុងមូលដ្ឋានសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក  រាជធានីភ្នំពេញ។ 

   តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅចេញពីរោងសិប្បកម្ម និងផ្ទះប្រជាពលរដ្ឋ ។ភ្លាមៗនោះប្រជាពលរដ្ឋបាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ តែមិនអាចគ្រប់គ្រងបានទេ ហើយអណ្ដាតភ្លើងបានរីករាលដាលឆេះដល់ផ្ទះបងប្អូនជាពលរដ្ឋយ៉ាងសន្ធោសន្ធៅតែម្ដង។ 

   សមត្ថកិច្ចមូលដ្ឋានបានចុះដល់គោលដៅហើយបានរាយការណ៍បន្តទៅកម្លាំងនគរបាលជំនាញការិយាល័យបង្ការនិងពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីឱ្យចេញរថយន្តពន្លត់អគ្គិភ័យមកជួយធ្វើអន្តរាគមន៍។ មួយស្របក់ក្រោយមកមានរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងបានមកដល់ទីតាំងកើតហេតុដើម្បីបាញ់ពន្លត់ តែអណ្ដាតភ្លើងឆាបឆេះយ៉ាងខ្លាំងបណ្ដាលឱ្យឆេះសម្ភារនៅក្នុងផ្ទះខូចខាតស្ទើរទាំងស្រុងក្នុងនោះមានរថយន្ត ម៉ូតូ រ៉ឺម៉កកង់៣ និងរងរបួសធ្ងន់ស្រាលមនុស្សស្រី៣នាក់។ 

    លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការនិងពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា ពេលទទួលបានព័ត៌មាននេះភ្លាមលោកបានឱ្យរថយន្តពន្លត់អគ្គិភ័យមកដល់ទីតាំងកើតហេតុចំនួន៣៦គ្រឿង ប្រើប្រាស់ទឹកអស់ទាំង៣៦គ្រឿងទើបរលត់ រួមមានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, រថយន្តពន្លត់អគ្គិភ័យរបស់ទីក្រុងជ្រោយចង្វាOCIC, រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជានិងរថយន្តពន្លត់អគ្គិភ័យរបស់ក្រសួងមហាផ្ទៃ។ 

លោកនាយការិយាល័យបានឱ្យដឹងទៀតថា ទំហំនៃការខូចខាតសម្ភាររួមមានរថយន្ត១គ្រឿងម៉ាកToyota Raize ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BQ-2663, ម៉ូតូ១គ្រឿង, រុឺម៉កសម្រាប់ដឹកសម្ភារមួយគ្រឿងនិងសម្ភារៈក្នុងផ្ទះជាច្រើនទៀត។ ក្រៅពីនេះមានមនុស្សស្រី ៣នាក់ រងរបួសធ្ងន់ម្នាក់ស្រាល២នាក់ និងឆេះរាលដាលដល់ផ្ទះជិតខាងចំនួន២ល្វែងបន្ថែមទៀត រងការខូចខាតបន្តិចបន្តួច។ ចំពោះមូលហេតុ សមត្ថកិច្ចជំនាញសន្និដ្ឋានជំហានដំបូងបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ក៏ប៉ុន្តែជំនាញនឹងស្រាវជ្រាវរកមូលហេតុពិត តាមក្រោយបន្តទៀត៕ដោយ រ៉ារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print