រដ្ឋមន្រ្តីក្រសួងទេសចរណ៍​៖​ ចរន្ត​ភ្ញៀវទេសចរ​ក្នុង​សប្តាហ៍​នេះ មាន​សន្ទុះ​វិជ្ជមាន​ឡើងវិញ​បន្ទាប់ពី​មានការ​ថមថយ ៣​សប្តាហ៍​ជាប់​គ្នា​

ចែករំលែក៖

ភ្នំពេញ​៖​ បេី​តាមការបញ្ជាក់ពី​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ ​បាន​ថ្លែង​នៅព្រឹកថ្ងៃ​ចន្ទ​ទី​០៧​ ខែមិនា​ ឆ្នាំ​២០២២នេះថា៖ ស្ថានភាព​ភ្ញៀវទេសចរ​ផ្ទៃក្នុង​នា​ចុង​សប្តាហ៍ ថ្ងៃទី​៥-៦ ខែមីនា ឆ្នាំ​២០២២ មាន​សន្ទុះ​វិជ្ជមាន​ឡើងវិញ បន្ទាប់ពី​មានការ​ថមថយ​៣​សប្តាហ៍​ជាប់​គ្នា ដោយ​ភ្ញៀវ​សរុប​មាន​ចំនួន​១៩៩.៤២៩​នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ​១៨៨.៣៣៨​នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង​១១.០៩១​នាក់​។

ជាក់ស្តែង តួលេខ​ខាងលើ​មានការ​កើនឡើង​ប្រមាណ​២០,៨៣% ធៀប​នឹង​ចុង​សប្តាហ៍​កន្លងមក​។​ ខណៈ​ដែល​​អត្រា​ការឆ្លង​នៃជំងឺ​កូ​វីដ​-១៩ (ប្រភេទ​អូ​មី​ក្រុង) មាន​លក្ខណៈ​ថមថយ​ខ្លះ​ធៀប​នឹង​សប្តាហ៍​កន្លងមក ភ្ញៀវទេសចរ​បានចាប់ផ្តើម​ដើរ​កម្សាន្ត​នៅតាម​គោលដៅ​ទេសចរណ៍​តាម​ខេត្ត​ឡើងវិញ​ជា​បណ្តើរៗ ប៉ុន្តែ​តាម​ការសង្កេត​ជាក់ស្តែង ចរន្ត​ភ្ញៀវ​ពី​រាជធានី​ភ្នំពេញ​ទៅតាម​បណ្តា​ខេត្ត ក៏​នៅ​មិនទាន់មាន​ចំនួន​ច្រើន​នៅឡើយ​ធៀប​នឹង​រយៈ​ពេលមុន​មានការ​កំរើក​ឡើង​នៃ​វីរុស​ប្រភេទ​អូ​មី​ក្រុង​។​

​គួរជម្រាបថា​ គោលដៅ​ទេសចរណ៍​សំខាន់ៗ រួមមាន​៖ ​ខេត្ត​ព្រះសីហនុ​ទទួលបាន​ទេស​ចរ​ចំនួន ៤០.០១២​នាក់​, រាជធានី​ភ្នំពេញ ២៤.១០១​នាក់​, ខេត្តពោធិ៍សាត់ ២៣.៥១៨​នាក់​, ខេត្តបាត់ដំបង ២០.៥៩០​នាក់​, ខេត្តកំពត ១៩.៣៦១​នាក់​, ខេត្តសៀមរាប ១៨.៦០៩​នាក់​, ខេត្ត​កែប ៦.៣១៦​នាក់​, ខេត្តកំពង់ស្ពឺ ៥.៨៧៧​នាក់​, ខេត្តមណ្ឌលគិរី ៥.០៣១​នាក់​។​

​បើសិនជា​និន្នាការ​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ប្រភេទ​អូ​មី​ក្រុង បន្ត​ថមថយ​ចុះ ចរន្ត​ភ្ញៀវទេសចរ​ផ្ទៃក្នុង នឹងមាន​ភាព​ផុសផុល​ត្រលប់​មកវិញ ពិសេស​អាច​វិល​ទៅរក​ស្ថានភាព​មុន​ការ​កម្រើក​នៃ​ប្រភេទ​អូ​មី​ក្រុង​នេះ ដូច​កាលពី​កំឡុង​ចុងខែ​មករា និង​ដើមខែ​កុម្ភៈ​កន្លងមក​។​ ខណៈ​ដែល​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​មានការ​យកចិត្តទុកដាក់​ខ្លាំង​ជាង​មុន ពិសេស​ការអនុវត្ត​វិធានការ​ជា​មូលដ្ឋាន «៣​កុំ និង ៣​ការពារ​» ដោយ​បារម្ភ​ខ្លាច​ប្រភេទ​អូ​មី​ក្រុង ដែលមាន​ការចម្លង​លឿន​។​

​គួរបញ្ជាក់ថា​ ក្រសួងទេសចរណ៍ រដ្ឋបាល​រាជធានី​-​ខេត្ត មន្ទីរ​ទេសចរណ៍ មន្ទីរ​សុខាភិបាល​នៅតែ​បន្ត​សហការ​ជាមួយ​មន្ទីរ និង​ស្ថាប័ន​ពាក់ពាន់​ខិតខំ​ជំរុញ​ការអនុវត្តន៍​វិធានការ​៣​កុំ និង​៣​ការពារ វិធាន​សុវត្ថិភាព​ទេសចរណ៍ និង SOP ជាប្រចាំ បើ​ទោះ​អត្រា​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ប្រភេទ​អូ​មី​ក្រុង មានការ​ស្រាកស្រាន្ត​ខ្លះ​ក៏ដោយ​៕​ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print