ភ្នំពេញ : លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានសរសេរលិខិតគោរពជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីសម្ដែងនូវសេចក្ដីថ្លែងអំណរគុណដោយស្មោះអស់ពីដួងចិត្តចំពោះសម្ដេចក្រឡាហោម ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមពិធីទទួលទានអាហារ និងពិភាក្សាការងារ កាលពីពេលកន្លងទៅថ្មីៗនេះ។
ក្នុងលិខិតនោះ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានសម្ដែងនូវការគោរពចំពោះការដឹកនាំ និងកិច្ចខិតខំប្រឹងប្រែងរបស់ សម្ដេចក្រឡាហោម ស ខេង ដើម្បីឆ្ពោះទៅរកភាពជោគជ័យ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ អាណត្តិទី៧ ឆ្នាំ២០២៣ ហើយថាប្រទេសជប៉ុននឹងបន្តកិច្ចសហប្រតិបត្តិការជាមួយ សម្តេចក្រឡាហោម លើការងារលើកកម្ពស់អភិបាលកិច្ច និងការអភិវឌ្ឍធនធានមនុស្សដែលសម្តេចកំពុងខិតខំប្រឹងប្រែង។
ពាក់ព័ន្ធដំណើរការបោះឆ្នោតខាងមុខនេះដែរ សូមបញ្ជាក់ថាសម្ដេចក្រឡាហោម ស ខេង បានចេញលិខិតណែនាំលោក លោកស្រី អភិបាល នៃគណៈអភិបាលរាជធានីខេត្តបង្កលក្ខណៈងាយស្រួលដល់គណបក្សនយោបាយ ដែលបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ បានចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣ ៕
ដោយ : សិលា