ខេត្តព្រៃវែង : នាព្រឹកថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ម្សិលមុិញ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី Devyani Khobragade ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌា បានអញ្ជើញទស្សនកិច្ចសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ស្ថិតក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង។
ដំណើរទស្សនកិច្ចសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងលោកឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌា នាឱកាសនោះត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង និងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តមសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងបគ្គលិកសិក្សានៃសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ។
លោកសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី លោកស្រីឯកអគ្គរដ្ឋទូត ព្រមទាំងគណៈប្រតិភូអមដំណើរដែលបានចំណាយពេលដ៏មានតម្លៃអញ្ជើញមកធ្វើទស្សនកិច្ចដល់ទីតាំងសាកលវិទ្យាល័យ និងបានរាយការណ៍សង្ខេបអំពីប្រវត្តិនៃការកកើត ការគ្រប់គ្រងដំណើរការបង្រៀន និងរៀន និងការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធក្នុងសាកលវិទ្យាល័យ។
សម្តេចក្រឡាហោម ស ខេង នាឱកាសនោះ បានចូលរួមអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ដែលជាសាកលវិទ្យាល័យមួយស្ថិតនៅតំបន់ជនបទ មានចំងាយប្រមាណ១១០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។
សម្ដេច ក៏បានរម្លឹកជូនលោកស្រីឯកអគ្គរដ្ឋទូតថាពីដំបូងឡើយតំបន់នេះជាតំបន់ក្រីក្រ និងពុំទាន់មានហេដ្ឋារចនាសម្ព័ន្ធដូចក្នុងពេលបច្ចុប្បន្នដែលរួមមានផ្លូវថ្នល់ អគ្គិសនី ទឹកស្អាត ក្រោមម្លប់នៃសន្តិភាព។
សម្តេចក៏បានគូសបញ្ជាក់អំពីសារសំខាន់នៃសាកលវិទ្យាល័យនេះ ដែលបានចូលរួមចំណែកផ្តល់ចំណេះដឹង និងជំនាញដល់សិស្សនិស្សិតនៅក្នុងខេត្តព្រៃវែង និងមកពីតាមបណ្តាខេត្តនានា។ ដើម្បីរួមចំណែកពង្រឹងគុណភាពអប់រំនៅទីនេះ សម្តេចបានស្នើភាគីឥណ្ឌាពិនិត្យលទ្ធភាពពង្រឹង និងពង្រីងកិច្ចសហប្រតិបត្តិការជាមួយខេត្តព្រៃវែង ជាពិសេស ជាមួយនឹងសាកលវិទ្យាល័យជាស៊ីមកំចាយមារ លើជំនាញបច្ចេកវិទ្យាព័ត៌មាន។
សម្ដេចបន្តថាប្រទេសឥណ្ឌាជាប្រទេសមានជំនាញសមត្ថភាពក្នុងវិស័យព័ត៌មានវិទ្យា និងជំនាញកសិកម្មដូច្នេះភាគីទាំងពីរអាចបង្កើតកិច្ចសហប្រតិបត្តិការតាមរយៈការបង្កើតចំណងមេត្រីភាពរវាងខេត្ត និងខេត្ត និងការស្វែងរកសាកលវិទ្យាល័យសមស្របរបស់ប្រទេសឥណ្ឌាមកធ្វើកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ។
សម្តេចក៏បានលើកឡើងដែរថា បច្ចុប្បន្នសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ កំពុងសាងសង់អាគារបណ្តុះបណ្តាលវិជ្ជាជីវៈ ហៅកាត់ថាTVETដែលនាពេលអនាគតនឹងចូលរួមចំណែកលើការបណ្តុះបណ្តាល និងកសាងធនធានមនុស្ស ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា។
សម្តេចក៏បានបង្ហាញអំពីគម្រោងបង្កើតការអប់រំគ្រប់កម្រិតនៅតំបន់ទីនេះផ្ទាល់ ពោលគឺចាប់ពីមតេយ្យសិក្សារហូតដល់ថ្នាក់ឧត្តមសិក្សា ដើម្បីជួយសម្រួលដល់សិស្សនិសិ្សតិ មកទទួលបានការអប់រំក្នុងទីតាំងតែមួយ និងគ្រូបង្រៀន និងសាស្រ្តាចារ្យ ដែលបម្រើការងារនៅសាកលវិទ្យាល័យផងដែរ។
សម្តេចឧបនាយករដ្ឋមន្ត្រី បានសំណូមពរដល់លោកស្រី Devyani Khobragade ជំរុញបង្កើតនូវកម្មវិធីផ្លាស់ប្តូរទស្សនកិច្ចសិក្សាសម្រាប់សិស្សនិស្សិត ហើយប្រសិនបើអាចភាគីឥណ្ឌាអាចបញ្ជូនសាស្រ្តាចារ្យឥណ្ឌាមកចូលរួមផ្ទេរបទពិសោធន៍ និងផ្តល់ចំណេះដឹងនៅសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ដឺលតាមរយៈវិធីនេះ នឹងអាចផ្តល់ការអប់រំបានដល់សិស្ស-និស្សិតច្រើននាក់នៅក្នុងប្រទេសកម្ពុជាតែម្តង។
លោកស្រីទូត Devyani Khobragade ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌា បានថ្លែងអំណរគុណសម្តេចក្រឡាហោមយ៉ាងជ្រាលជ្រៅ ដែលបានរៀបចំដំណើរទស្សនកិច្ចដ៏មានតម្លៃនេះ។ លោកជំទាវ មានសេចក្តីរំភើប និងភ្ញាក់ផ្អើលចំពោះវត្តមាន និងវឌ្ឍនភាពនៃសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ដែលបានរៀបចំបង្កើតឡើងក្នុងបែបផែនវិជ្ជាជីវៈ ក្រោមការដឹកនាំចង្អុលបង្ហាញរបស់សម្តេច ដែលជាស្ថាបនិកនៃសាកលវិទ្យាល័យនេះ។
ឆ្លើយតបនឹងសំណូមពរសម្ដេចក្រឡាហោម លោកស្រី បានគាំទ្រនិងឯកភាពចំពោះសារសំខាន់នៃការបង្កើត និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងខេត្ត និងខេត្ត និងរវាងសាកលវិទ្យាល័យនៃប្រទេសទាំងពីរ ជាពិសេស លើវិស័យព័ត៌មានវិទ្យា និងកសិកម្ម ដែលសម្តេចបានគូសបញ្ជាក់ខាងលើ។ លោកជំទាវ ក៏បានបង្ហាញបំណងក្នុងការបង្កើតចំណងមេត្រីភាពជាមួយខេត្តដទៃទៀត ដូចជា ខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត ជាដើម។
លោកស្រី ក៏បានជម្រាបសម្ដេចដែរថា បច្ចុប្បន្ន ប្រទេសឥណ្ឌា មានគម្រោងអភិវឌ្ឍជាច្រើនជាមួយប្រទេសកម្ពុជា ដែលគម្រោងមួយចំនួនបានបញ្ចប់ និងមួយចំនួនទៀតបានកំពុងអភិវឌ្ឍ ហើយក្រៅពីគម្រោងទាំងនេះ ប្រទេសឥណ្ឌាក៏បានផ្តល់អាហារូបករណ៍ជូនសិស្សនិស្សិតកម្ពុជាផងដែរ។ លោកជំទាវលើកទឹកចិត្តឲ្យសិស្ស និស្សិតសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ
ចូលរួមដាក់ពាក្យស្នើសុំអាហាររូបករណ៍ ទៅសិក្សានៅប្រទេសឥណ្ឌា ដោយលោកជំទាវនឹងពិនិត្យលទ្ធភាពជួយជ្រោមជ្រែងការងារនេះ។
លោកស្រីបន្តថាបច្ចុប្បន្នប្រទេសឥណ្ឌាកំពុងអនុវត្តកម្មវិធីអប់រំបណ្តុះបណ្តាលបច្ចេកវិទ្យាកម្រិតឧត្តម (High-Tech) នៅក្នុងប្រទេសកម្ពុជា តាមប្រព័ន្ធអនឡាញរយៈពេលខ្លី ហើយលោកជំទាវយល់ថាមានភាពចាំបាច់ក្នុងការរៀបចំទស្សនកិច្ចជូនសិក្ខាកាមទៅទស្សនកិច្ចផ្ទាល់នៅប្រទេសឥណ្ឌាក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលខ្លីនេះ។ លោកជំទាវ ក៏បានបង្ហាញអំពីអាទិភាពនៃការបណ្តុះបណ្តាលគ្រូបង្គោលដែលអាចចូលរួមចំណែកក្នុងការផ្ទេរចំណេះដឹងបន្តជូនដល់សិស្សនិស្សិត។
បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សាប្រកបដោយបរិយាសស្និតស្នាលនោះមក សម្តេចក្រឡោម ស ខេង និងលោកស្រីឯកអគ្គរដ្ឋទូតឥណ្ឌា ព្រមទាំងគណៈប្រតិភូអមដំណើរបានបន្តអញ្ជើញចុះពិនិត្យទីតាំង និងបរិវេណសាកលវិទ្យាល័យ អាគារបណ្តុះបណ្តាលវិជ្ជាជីវៈដែលកំពុងសាងសង់ ទីតាំងបណ្តុះជាលិកាចេកនិងដំណាំផ្សេងទៀត អាគារស្នាក់នៅរបស់គ្រូ និងសាស្រ្តាចារ្យ អនេ្តវាសិកដ្ឋាន និងបណ្ណាល័យ៕
ដោយ : សហការី