ពិធីប្រចាំដប់ពីរខែ (តពីលេខមុន)

ចែករំលែក៖

(តពីលេខមុន)
” កេសា លោហ នខា ទន្តា តេចោ ” ប្រែថា សក់ ក្រចក ធ្មេញស្បែកហើយប្រាប់ច្រាសមកវិញទៀតថា” តចោ ទន្តា នខា លោហ កេសា ” ប្រាប់ពន្យល់នាគឲ្យយល់ច្បាស់របស់ទាំង ៥ យ៉ាងនេះជាវត្ថុបដិកូលស្មោកគ្រោកគួរខ្ពើមរអើម។ រួចកិច្ចនេះហើយព្រះឧប្បជ្ឈាយ៍យកអង័្សកពាក់កនាគជាសញ្ញាថានឹងជិតបានទៅជាសាមណេរហើយ។ នាគថយខ្លួនទៅផ្លាស់សម្លៀកបំពាក់គ្រហស្ថចេញក្នុងទីដ៏សមគួរ ហើយទើបស្លៀកស្បង់ឋគ្រងចីពរត្រឹមត្រូវតាមច្បាប់វិន័យ។ បន្ទាប់ពីនេះអ្នកកាន់គ្រឿងសក្ការបូជាមានទៀន ធូប ជាដើមចូលទៅថ្វាយបង្គំព្រះឧបជ្ឈាយ៍ សូត្រពាក្យសុំត្រីសរណគមន៍និងសីលព្រះឧបជ្ឈាយ៍ឱ្យត្រៃសរណគមន៍និងសីល។ ព្រះឧប្បជ្ឈាយ៍ឱ្យត្រៃសារណគមន៍និងសីល ១០ តាមសុំរួចហើយ ទើបសាមណេរសូត្រសុំនិស្ស័យ(ទីនៅអាស្រ័យចំពោះ)ចំពោះព្រះឧបជ្ឈាយ៍។ បើបួសជាសាមណេរពិធីបំបួសត្រូវចប់អស់តែត្រឹមប៉ុណ្ណេះឯង។
បើត្រូវការបំពេញឧបសម្បទាជាភិក្ខុ ត្រូវមានកិច្ចបន្តទៅទៀត គឺសាមណេរនោះត្រូវស្ពាយបាត្រក្រោកឈរឡើងចូលទៅឈរកណ្ដាលជំនុំសង្ឃ ចំពោះព្រះឧបជ្ឈាយ៍ទើបឧបសម្បទាចារ្រ(គ្រូសូត្រ) សូត្រតាំងនាមឧបសម្បទា បេក្ខ: និងព្រះឧបជ្ឈាយ៍ប្រាប់បង្ហាញដល់នាគនូវបាត្រ សង្ឃាដី ចីពរ និងស្បង់ឱ្យអ្នកទទួលស្គាល់យល់ដឹងថានេះបាត្ររបស់អ្នកជាដើម ហើយឱ្យនាគថយទៅឈរឆ្ងាយបន្តិចផុតពីទីប្រជុំសង្ឃ ទើបសូត្រប្រកាសប្រាប់សង្ឃសុំឱកាសប្រៀនប្រដៅនាគព្រមទាំងសាកសួរនៅកិច្ចផ្សេងៗ មានរោគាពាធ ក្នុងខ្លួនជាដើមដើម្បីឱ្យដឹងថា សាម៉ីខ្លួននៅបរិសុទ្ធស្អាតអាចនឹងទទួលឧបសម្បទាពេញលក្ខណៈជាភិក្ខុបានឬទេ? លុះប្រៀនប្រដៅសាកសួររួចហើយ ទើបលោកគ្រូសូត្រនោះត្រឡប់ចូលមកអង្គុយកណ្ដាលជំនុំសង្ឃវិញ សូត្រប្រកាសប្រាប់សង្ឃនឹងហៅនាគឲ្យចូលមកអង្គុយកណ្ដាលជំនុំសង្ឃ ឱ្យថ្វាយបង្គំព្រះឧបជ្ឈាយ៍និងព្រះសង្ឃរួចហើយ ឲ្យអង្គុយច្រហោងប្រណម្យអញ្ជលីសូត្រសូមឧបសម្បទាចំពោះសង្ឃបីដង គឺសូមឱ្យសង់អនុគ្រោះលើកខ្លួនឲ្យផុតពីភេទជាសាមណេរហើយតម្កល់តម្កើងឱ្យឡើងពេញលក្ខណៈជាភិក្ខុ។ ពេលនោះជំនុំសង្ឃត្រូវអង្គុយព័ទ្ធចូលឲ្យជាប់ហត្ថប៉ះគ្នា ទើបលោកគ្រូសូត្រសួរបញ្ជាក់នាគនូវអន្តរាយិកធម៌ គឺ រោគាពាធផ្សេងៗជាដើម ដែលបានសួរខាងក្រៅជំនុំសង្ឃថែមមួយលើកទៀត។ លុះបានសាកសួរកិច្ចនេះចប់សព្វគ្រប់ហើយ ឧបសម្បទាចារ្យលោក(គ្រូសូត្រ)សូត្រញ្ញត្តិចតុកម្មវាចា ។ ចប់ញ្ញត្តិចតុកម្មវាចាខណៈណា ឧបសម្បទាបេក្ខ: គឺសាមណេរនោះក៏បានស្ថិតនៅក្នុងភាពជាភិក្ខុពេញបរិបូណ៌ក្នុងខណៈនោះ។ បន្ទាប់ពីនេះព្រះឧបជ្ឈាយ៍ លោកគ្រូសូត្រប្រៀនប្រដៅប្រាប់នូវវិន័យសង្ឃករណីយកិច្ចចំពោះភិក្ខុថ្មីនោះ (ហៅទម្លាប់ថាផ្ដាំនាគ)។ តាមប្រពៃណីពីបុរាណផ្តាំនាគនេះលោកសូត្រជាបទយ៉ាងគ្រលួចគួរជាទីចាប់អារម្មណ៍ ពីរោះណាស់នាំឲ្យមាតាបិតានិងបងប្អូនរបស់ភិក្ខុថ្មី យំស្រក់ទឹកភ្នែកស្រណោះអាឡោះអាល័យយ៉ាងក្រៃលែង។ ចាប់តាំងពីថ្ងៃនោះមកភិក្ខុថ្មី ក៏អាស្រ័យនៅជាមួយនិងព្រះសង្ឃឯទៀតក្នុងទីវត្ត៕
(នៅមានត)
ស្រាវជ្រាវនិងកែសម្រួលដោយ÷ចៅតាជេត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print