ភ្នំពេញ : នៅថ្ងៃទី០៩ ខែមីនា រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន ១,០៩៣,៨១៨ ដុល្លារ អាមេរិក ដល់អង្គភាពទទួលជំនួយចំនួនពីរ ក្រោមគ្រោងការណ៍ជំនួយហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន។ នេះជាការបញ្ជាក់ពីស្ថានឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅព្រលប់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២។
ស្ថានឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា, ក្នុងនោះ ថវិកាចំនួន ៤៤៥,៩៩៤ ដុល្លារអាមេរិក ត្រូវបានផ្តល់ទៅអង្គការកុមារឥតព្រំដែន (KnK) ដើម្បីអនុវត្ត “គម្រោងកសាងសមត្ថភាពយុវជនក្នុងខេត្តប៉ៃលិន តាមរយៈការពង្រឹងមជ្ឈមណ្ឌលសិក្សាសហគមន៍ (ឆ្នាំទី៣)” ហើយថវិកាចំនួន ៦៤៧,៨២៤ ដុល្លារអាមេរិកទៀតត្រូវបានផ្តល់ទៅអង្គការ World Vision Japan (WVJ) ដើម្បីអនុវត្ត “គម្រោងការរួមបញ្ចូលគ្នា សុខភាព អាហារូបត្ថម្ភ ទឹកស្អាត និងអនាម័យ ក្នុងខេត្តព្រះវិហារ (ឆ្នាំទី៣)” ។
លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន និង អ្នកតំណាងមកពីអង្គការទាំងពីរ បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងនេះ ហើយឯកឧត្តមបានថ្លែងអំណរគុណចំពោះអង្គការទាំងពីរដែលបានចូលរួមក្នុងគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលជប៉ុន។ ទោះបីជាគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការខ្នាតធំ ដូចជាការកែលម្អកំពង់ផែក្រុងព្រះសីហនុ ផ្លូវជាតិលេខ៥ និងកម្ចីហិរញ្ញប្បទានយេនសម្រាប់ការឆ្លើយតបទៅនឹងជំងឺកូវីដ១៩ ជារឿយៗត្រូវបានផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយនានា រដ្ឋាភិបាលជប៉ុនចាត់ទុកថាការធ្វើការជាមួយអង្គការក្រៅរដ្ឋាភិបាលជប៉ុន និងអាជ្ញាធរមូលដ្ឋានកម្ពុជាមានសារៈសំខាន់ស្មើគ្នា នៅក្នុងការចូលរួមចំណែកក្នុងការកែលម្អគុណភាពជីវិតរបស់ប្រជាជនដែលរស់នៅក្នុងទីតាំងគម្រោងនីមួយៗ៕
ដោយ : សិលា