ខេត្តបន្ទាយមានជ័យ៖ ករណីបាត់ក្មេងស្រីអាយុ០៧ឆ្នាំម្នាក់ជាសិស្សរៀននៅសាលាបឋមសិក្សាទំនប់ក៥ ស្ថិតនៅក្នុងភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យកាលពីព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ ត្រូវបានប្រទះឃើញសាកសពនៅក្បែរសាលារៀនប្រមាណ៣០០ម៉ែត្រស្ថិតក្នុងភូមិ/សង្កាត់ខាងលើ នាវេលាម៉ោង៩និង២២នាទីយប់ថ្ងៃ ខែ ឆ្នាំដដែល ក្រោយពីកម្លាំងសមត្ថកិច្ចនិងក្រុមគ្រួសារសាច់ញាតិស្វែងរក។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្មេងស្រីរងគ្រោះដែលស្លាប់មានឈ្មោះ លួត លីហ្សា អាយុ៧ឆ្នាំ(ជាសិស្សបឋមសិក្សាទំនប់ក៥) មានឪពុកម្តាយរស់នៅក្នុងភូមិកើតហេតុខាងលើ។
លោកបន្តថា៖ នៅវេលាម៉ោងជាង១២
រសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ ឪពុកម្តាយនិងសាច់ញាតិក្មេងស្រីឈ្មោះ លួត លីហ្សា ដល់ម៉ោងចេញពីសាលាមិនឃើញកូនមកដល់ផ្ទះទើបទៅសាលាបឋមសិក្សាទំនប់ក៥ ចម្ងាយពីផ្ទះប្រមាណ២០០ម៉ែត្រ បានទៅសួរលោកគ្រូ.អ្នកគ្រូ ក៏បានប្រាប់ថាមិនបានឃើញមករៀនទេ ហើយពេលត្រឡប់ទៅវិញតាមផ្លូវបានប្រទះឃើញកាបូបកូននៅក្បែរមាត់ផ្លូវតែមិនឃើញកូនទើបទៅប្តឹងនៅប៉ុស្តិ៍នគរបាលសង្កាត់ប៉ោយប៉ែត។
លោកវរសេនីយ៍ឯក សៅ សារឿន បានបញ្ជាក់ថា៖ ក្រោយទទួលបណ្តឹងពីសាច់ញាតិក្មេងស្រីរងគ្រោះកម្លាំងនគរបាលក្រុងប៉ោយប៉ែតនិងសាច់ញាតិក្មេងស្រីរងគ្រោះបានជូនដំណឹងតាមបណ្តាញសង្គម ហើយកម្លាំងសមត្ថកិច្ចក៏ជួយធ្វើអន្តរាគមន៍រុករករហូតដល់ម៉ោង៩និង២២នាទីយប់ថ្ងៃខែដដែល ទើបបានប្រទៈះឃើញសាកសពក្មេងស្រីរងគ្រោះត្រូវបានគេយកទៅកប់ចោលក្បែររបងថ្មយកដីកប់និងយកថ្មសង្កត់ពីលើ ដែលមានពាក់អាវសិស្សសាលា និងខោខ្លីធ្លាក់នៅត្រឹម
កែងជើងអាក្រាតកាយ។
ក្រោយរកឃើញសាកសពក្មេងស្រីរងគ្រោះហើយ កម្លាំងនគរបាលក្រុងបានធ្វើការហ៊ុមព័ទ្ធទុកឱ្យកម្លាំងជំនាញចុះពិនិត្យធ្វើកោសល្យវិច័យទាំងយប់នៅកន្លែងកើតហេតុដើម្បីឱ្យដឹងច្បាស់ថាជាករណីឃាតកម្ម រំលោភសម្លាប់លើក្មេងស្រីនៅពេលទៅសាលារៀនម្នាក់ឯងឬក៏យ៉ាងណានោះ កម្លាំងសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវរកចាប់ខ្លួនឃាតកដើម្បីចាត់ការតាមច្បាប់៕
ដោយ៖ចន្ទ លីហ្សា