ខេត្តស្វាយរៀង៖ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង អញ្ជើញជាអធិបតីភាព អបអរសាទរទិវាជាតិក្រុងស្អាតលើកទី១០ ឆ្នាំ២០២២ ក្រោមប្រធានបទ «ទីក្រុងស្អាត៖ គាំទ្រការបើកទេសចរណ៍កម្ពុជា» ដោយមានការអញ្ជើញចូលរួម ពីលោកណុបចំរើនអភិបាលក្រុង លោកសរសុដានីអភិបាលរងក្រុង លោកស្រីអភិបាលរងក្រុង កងកម្លាំងទាំង៣ មន្ត្រីរាជការ ព្រះសង្ឃនិងសិស្សានុសិស្ស នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ នៅក្រុងស្វាយរៀង។
ថ្លែងក្នុងកម្មវិធីនេះ លោកតូចប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង
បានលើកឡើងពីការផ្លាស់ប្ដូរចំណង់ចំណូលចិត្តរបស់អ្នកទេសចរណ៍ ឱ្យងាកទៅរកការដើរកម្សាន្តតាមតំបន់ជនបទ សហគមន៍ទេសចរណ៍ តំបន់អេកូទេសចរណ៍ និងតំបន់ធម្មជាតិនានាកាន់តែ ខ្លាំងឡើងៗ។
លោកបន្តថាដើម្បីឲ្យវិស័យទេចរណ៍ក្លាយជាចលករមួយកាន់តែមានប្រសិទ្ធភាព ចូលរួមធ្វើឱ្យសេដ្ឋកិច្ចជាក្បាលម៉ាស៊ីនបង្កើតការងារដ៏ចម្បង និងមានប្រសិទ្ធភាព មានឥទ្ធិពលខ្ពស់ ជួយទ្រទ្រង់វិស័យផ្សេងៗទៀតនៅតំបន់ជនបទ អាជ្ញាធរពាក់ព័ន្ធនានា ត្រូវកំណត់យកវិស័យទេសចរណ៍ជាសសរស្ដម្ភយុទ្ធសាស្ត្រមួយ ក្នុងគោលនយោបាយអភិវឌ្ឍន៍ជនបទដែលត្រូវមានផែនការអភិវឌ្ឍជាក់លាក់ស្របតាមសក្តានុពលទេសចរណ៍នៃតំបន់នីមួយៗ។
លោកបញ្ជាក់ថា «ការអភិវឌ្ឍជំនាញ និងការអប់រំជាគន្លឹះ នៃការអភិវឌ្ឍទេសចរណ៍ជនបទ និងផ្សព្វផ្សាយផលិតផលទេសចរណ៍ថ្មីៗស្របតាមបរិបទ នៃវិស័យទេសចរណ៍ឌីជីថល និងនិន្នាការទីផ្សារទេសចរណ៍ ការដើរកំសាន្ត ជាការស្វែងរកបទពិសោធន៍ក្នុងការអភិវឌ្ឍន៍ទេសចរណ៍ជនបទ ជាឱកាសនៃការស្រាវជ្រាវចងក្រងនូវគុណតម្លៃ វប្បធម៌ប្រពៃណីទំនៀមទម្លាប់ដើម្បីបង្ហាញពីបទពិសោធន៍ល្អៗ»។
ក្នុងឪកាសនោះដែរ លោកសរសុដានីអភិបាលរងក្រុងស្វាយរៀងក៏បានអំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងក្រុងទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការទុកដាក់សំរាមឲ្យមានសណ្ដាប់ធ្នាប់ ពិសេសទុកដាក់ទៅតាមប្រភេទនៃសំរាមនីមួយៗ ដើម្បីឱ្យទីក្រុងមានសោភ័ណភាពល្អស្រស់បំព្រង»ខណះទីក្រុងស្អាត បរិស្ថានល្អ សេវាកម្មល្អ បដិសណ្ឋារកិច្ចល្អ ជាកក្តាសំខាន់បំផុតសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ដោយ
ចាប់ផ្តើមពីខ្លួនយើងដើម្បីទីក្រុងស្អាត ទេសចរណ៍រុងរឿង។
លោក សរសុដានី ក៏បានជំរុញឲ្យអាជ្ញាធរ មូលដ្ឋានក្នុងក្រុងស្វាយរៀង បន្តតាមដានស្ថានភាពជំងឺអូមីក្រុងបន្តទៀត ដើម្បីងាយស្រួលក្នុងការត្រៀមខ្លួន ព្យាបាល និងផ្សព្វផ្សាយបន្ថែមទៀតតាមការណែនាំរបស់ក្រសួងសុខាភិបាល ចុះជួយបងប្អូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា៕
ដោយ៖ យឹម សុថាន