ខេត្តបាត់ដំបង ៖កម្លាំងនគរបាលការពារព្រំដែនគោកក្នុងវរសេនាតូចលេខ៨១៩ សហការជាមូយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរអន្លក់ និងកម្លាំងកងយោធពលខេរភូមិន្ទ និងក្រុមគ្រូពេទ្យ បានចុះទទួលពលករវិលត្រឡប់មកពីធ្វើការនៅប្រទេសថៃចូលស្រុកវិញចំនួន១៤៧នាក់ ។
ការចុះទទួលពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃវិញនេះប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២២ នៅច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ។
មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលអូអន្លកបានឲ្យដឹងថា ពលករទាំងនោះសរុបចំនួន ១៤៧នាក់ ក្នុងនោះមានស្រី ៥៧នាក់ ក្មេង ៣០នាក់ (ក្មេងស្រី ១៣នាក់) ។ ពួកគាត់ត្រូវបានសមត្ថកិច្ចសាកសួរ កត់ឈ្មោះ ធ្វើកំណត់ហេតុ និងអប់រំណែនាំអំពីវិធានការការពារការឆ្លងជំងឺកូវី-១៩ ។ បន្ទាប់មកក្រុមគ្រូពេទ្យបានធ្វើតេស្តរហ័ស ជាលទ្ធផល ៖
វិជ្ជមានកូវីដ-១៩ ចំនួន ៣នាក់ ស្រី ១នាក់ ក្មេង ១នាក់
-ដោយឡែកពលករចំនួន ២៤នាក់ ស្រី ៩នាក់ ក្មេង ៥នាក់ ក្មេងស្រី ១នាក់ ត្រូវបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ដោយឡែកពលករដែលមានកាតចាក់វ៉ាក់សាំង ចំនួន ១២០នាក់ ស្រី ៤៧នាក់ ក្មេង ២៤នាក់ ក្មេងស្រី ១២នាក់ ត្រូវបានអប់រំបន្ថែមនូវវិធានការសុខាភិបាល។
ជាមួយនេះក្រុមគ្រូពេទ្យបានចាក់វ៉ាក់សាំងឲ្យក្មេងចាប់ពីអាយុ៥ឆ្នាំដល់១៨ឆ្នាំ ចំនួន ១៦នាក់ ស្រី ១០នាក់ រួចបានអនុញ្ញាតឲ្យត្រឡប់ទៅស្រុកកំណើតវិញរៀងៗខ្លួន៕