ភ្នំពេញ៖ បន្ទាប់ពីរាជរដ្ឋាភិបាលទទួលស្គាល់ផ្លូវការក្នុងការបង្កើតសមាគមត្រចៀកកាំខ្មែរ កាលពីដើមខែមីនា ឆ្នាំ២០២២នេះ លោក ស៊ុយ កុកធាន តំណាងអ្នកចិញ្ចឹមសត្វត្រចៀកកាំ កាលពីថ្ងៃទី១០ ខែមិនា ឆ្នាំ២០២២ម្សិលមិញនេះ បានបង្ហាញក្តីសង្ឃឹមថា៖ នឹងជំរុញការនាំចេញឲ្យកាន់តែល្អប្រសើរ ថែមទៀត ជាពិសេសទៅប្រទេសចិន។
តំណាងអ្នកចិញ្ចឹមសត្វត្រចៀកកាំ បានគូសបញ្ជាក់ថា៖ ការបង្កើតសមាគមត្រចៀកកាំនេះឡើងដោយសារមូលហេតុចម្បងៗមួយចំនួនដូចជា៖ទី១.គឺយើងត្រូវការជួយជ្រោមជ្រែង កសិករដែលចិញ្ចឹមត្រចៀកកាំនៅខ្មែរយើងឲ្យបានទូលំទូលាយ យើងឃើញថាយើងទើបចាប់ផ្តើមក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះទេ អញ្ចឹងបញ្ហាបច្ចេកទេសនៅមានកម្រិត ដូច្នេះគោលបំណងរបស់ គឺលើកស្ទួយ និងជួយជំរុញផ្នែកបច្ចេកទេសឲ្យបានខ្ពស់ មានន័យថាយើងចិញ្ចឹមឲ្យបានជោគជ័យ .ទី២.យើងស្វែងរកទីផ្សារសម្រាប់ប្រជាកសិករ បើកាលណាយើងផលិតបានហើយ អត់ទីផ្សារនោះក៏មិនល្អដែរ។ អ៊ីចឹងសមាគមយើងដើរតួនាទីសំខាន់ក្នុងការស្វែងរកដៃគូខាងក្រៅឲ្យចូលមកវិនិយោគ ក្នុងការកែច្នៃ ក្នុងការនាំចេញសម្បុកត្រចៀកកាំខ្មែរលើទីផ្សារអន្តរជាតិ ជាពិសេសចាប់តាំងពីកម្ពុជា មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលនឹងចូលជាធរមានក្នុងពេលឆាប់ៗខាងមុខ ហើយសំបុកត្រចៀកកាំ ក៏ជាទំនិញអទិភាពមួយដែលប្រមុខរាជរដ្ឋាភិបាលបានស្នើសុំដាក់នៅក្នុងកិច្ចព្រមព្រៀងនេះដែរ។
លោក ស៊ុយ កុកធាន បានសង្ឃឹមទៀតថា សមាគមនឹងអាចធ្វើការទូលំទូលាយបានច្រើនជាង ថែមទាំងផ្តល់ជំនឿដល់ប្រជាកសិករ មានន័យថា ការបង្កើតសមាគមមិនមែនបម្រើផលប្រយោជន៍ឲ្យបុគ្គលណាមួយនោះទេ គឺយើងជំរុញឲ្យមានការផ្សព្វផ្សាយបច្ចេកទេសទូទៅក្នុងការថែទាំឲ្យបានលទ្ធផលល្អ ហើយធ្វើយ៉ាងណាយើងផលិតសម្បុកឲ្យក្លាយជាសំបុកស្តង់ដារ ព្រោះការសិក្សាថ្មីៗនេះ នៅអាស៊ីប៉ាស៊ីហ្វិក គឺគេរកឃើញថាសំបុកត្រចៀកកាំនៅស្រុកខ្មែរយើងគឺមានគុណភាពល្អជាងគេ ក៏ព្រោះតែកម្ពុជាមិនមានការបំពុលបរិស្ថាន ឬបំពុលបរិយាកាសធ្ងន់ធ្ងរដូចបណ្តាប្រទេសដទៃទេ។ យើងនឹងជំរុញឲ្យបានកាន់តែខ្ពស់ឡើងថែមទៀត ព្រោះការយល់ដឹងរបស់ប្រជាកសិករយើងនៅមានកម្រិត។ លោកបន្ថែមថា តាមការស្រាវជ្រាវកន្លងមក ក្នុងមួយឆ្នាំៗ ប្រទេសចិនមានតម្រូវការផលិតផលសម្បុកត្រចៀកកាំរាប់ពាន់តោន ខណៈការផ្គត់ផ្គង់នៅខ្វះជាងមួយពាន់តោនជារៀងរាល់ឆ្នាំ។
គួរជម្រាបថា ទាក់ទងនឹងតម្លៃវិញ បច្ចុប្បន្នសំបុកត្រចៀកកាំនៅកម្ពុជា មិនទាន់សម្អាត គិតជាមធ្យមមានតម្លៃចន្លោះពី ៦៥០ទៅ៧០០ដុល្លារ ក្នុង ១គីឡូក្រាម និងសម្អាតហើយមានតម្លៃចន្លោះពី ១ ៦០០ទៅជាង ២ ០០០ដុល្លារ ខណៈដែលនៅប្រទេសម៉ាឡេស៊ី ផលិតផលសម្បុកត្រចៀកកាំមិនទាន់សម្អាត មានតម្លៃចន្លោះពី ៨០០ទៅ១ ០០០ ដុល្លារ៕
ដោយ៖សហការី