ឧត្តមសេនីយ៍ហ៊ុនម៉ាណែតអញ្ជើញបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តបុព្វកសុវារី នៅភូមិជីទ្រុន ឃុំត្រពាំងព្រីង ស្រុកតំបែរ

ចែករំលែក៖

(ខេត្តត្បូងឃ្មុំ)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោកបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តបុព្វកសុវារី ហៅវត្តជីទ្រុន ស្ថិតក្នុងនៅភូមិជីទ្រុន ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២។

នៅក្នុងឱកាសនោះលោកបណ្ឌិតហ៊ុនម៉ាណែតបានមានប្រសាសន៍ថា «សូមចូលរួមអបអរសាទរចំពោះសំណង់ព្រះវិហារថ្មីៗ និងសមិទ្ធផលនានាជាច្រើនទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ដែលត្រូវបានកសាងឡើងជាបន្តបន្ទាប់ នៅក្នុងមូលដ្ឋានឃុំត្រពាំងព្រីង ស្រុកតំបែរនេះ ក៏ដូចជានៅទូទាំងប្រទេស ដែលស្របទៅនឹងស្ថានភាពរួមនៃការអភិវឌ្ឍរីកចម្រើន របស់ប្រទេសជាតិទាំងមូល ជាពិសេសជីវភាពរស់នៅកាន់តែល្អប្រសើរ របស់ប្រជាពលរដ្ឋយើង។ ជាក់ស្តែងណាស់ នៅក្រោយគំនរផេះផង់បន្សល់ទុកដោយរបបប៉ុលពត រហូតមកដល់សព្វថ្ងៃនេះ កម្ពុជាមានវត្តព្រះពុទ្ធសាសនាជាង ៥,០០០ វត្តទៅហើយ ជាការបញ្ជាក់បានថា ការរីកចម្រើនរបស់ផ្នែកពុទ្ធចក្រ គឺអាស្រ័យទាំងស្រុងទៅនឹងកត្តាដឹកនាំខាងផ្នែកអាណាចក្រ ដូចដែលគណបក្សប្រជាជនកម្ពុជា ខិតខំសម្រេចបានក្នុងរយៈពេលជាង ៤០ កន្លងមកនេះ»។

ឧត្តមសេនីយ៍ឯកមេបញ្ជាការកងទ័ពជើងគោកបន្ថែមថា នៅក្នុងសង្គមប្រជាធិបតេយ្យ មិនថានៅក្នុងប្រទេសកម្ពុជា ឬបណ្តាប្រទេសនានាលើសាកលលោក ការលេចឡើងនូវអ្នកដឹកនាំដែលត្រូវទទួលកាន់ចង្កូតនាវាប្រទេសជាតិ គឺអាចនឹងមានបេក្ខជនច្រើន ដូចនឹងការរីកដុះដាលស្អេកស្កះនៃរុក្ខជាតិផ្សិតក្នុងរដូវភ្លៀងធ្លាក់ ដែលក្នុងនោះមានផ្សិតខ្លះពោរពេញដោយជីវជាតិ ផ្តល់ឱ្យអ្នកហូបទទួលបានសុខភាពល្អ ហើយក៏អាចមានផ្សិតខ្លះទៀតជាផ្សិតពុលអាចបង្កជំងឺ ឬគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិតក៏ថាបាន។ 

ឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែតបញ្ជាក់ថា ជាក់ស្តែងណាស់ នៅក្នុងការជ្រើសរើសថ្នាក់ដឹកនាំកំពូលរបស់ប្រទេស ដែលជាបុគ្គលសំខាន់នៅក្នុងការកំណត់ទិសដៅអនាគត ធានារក្សាការពារសុខសន្តិភាព និងភាពសុខសាន្តសម្បូរសប្បាយជូនប្រទេសជាតិ និងប្រជាជន យើងអាចមើលឃើញថា សម្តេចតេជោ គឺជាឥស្សរជនដែលលេចធ្លោជាងគេ ក្នុងនាមជាអ្នកនយោបាយប្រកបដោយបទពិសោធន៍លើសលប់ និងចក្ខុវិស័យខ្ពង់ខ្ពស់ ។

លោកបណ្ឌិតហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋនៅទូទាំងប្រទេស រួមទាំងប្រជាពលរដ្ឋក្នុងស្រុកតំបែរ និងខេត្តត្បូងឃ្មុំទាំងមូល ដែលតែងជឿជាក់លើរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងបានចូលរួមក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពរបស់ប្រទេសជាតិយើង ជាពិសេសតាមរយៈការជ្រើសរើសមេដឹកនាំត្រឹមត្រូវ គឺ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជាមេដឹកនាំប្រកបដោយធម៌, យុត្តិធម៌, គុណធម៌, មិនរត់ចោលប្រជាពលរដ្ឋក្នុងកាលៈទេសៈលំបាក និងមានការទទួលខុសត្រូវម៉ឺងម៉ាត់ចំពោះជោគវាសនាអនាគតជាតិ និងប្រជាជន។

លោកឧត្តមសេនីយ៍ឯកសំណូមពរ ប្រជាពលរដ្ឋបន្តប្រកាន់យកការសម្រេចចិត្តដ៏ត្រឹមត្រូវបែបនេះ នៅក្នុងឆ្នាំ២០២២ និង២០២៣ ក៏ដូចជាពេលខាងមុខៗទៀត ដើម្បីអនាគតប្រទេសជាតិយើង៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print