ស្ត្រីមេម៉ាយរងគ្រោះ ដោយអគ្គិភ័យ ១គ្រូសារ ទទួលបានអំណោយមនុស្សធម៌ ពីសាខា កាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម

ចែករំលែក៖

ខេត្តកំពង់ចាម ៖ នៅ ព្រឹកថ្ងៃសៅរ៍ ១០កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី​ ១២ ខែមីនា ឆ្នាំ២០២២ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា  បានចាត់ លោកស្រីអនុប្រធានអចិន្ត្រៃយ៍សាខា រួមជាមួយ លោកនាយកប្រតិបត្តិសាខា  មន្ត្រីអនុសាខាក្រុង ក្រុមកាកបាទក្រហមសង្កាត់ និង អ្នកស្ម័គ្រចិត្តភូមិ បានអញ្ជើញចុះសួរសុខទុក្ខ និង នាំយក​អំណោយមនុស្សធម៌ ទៅផ្តល់ជូន ឈ្មោះ អែម យ៉េក  អាយុ ៥០ឆ្នាំ ជាស្ត្រីមេម៉ាយ មានជំងឺប្រចាំកាយ រកស៊ីលក់នំអន្សម ដែលរងគ្រោះដោយអគ្គីភ័យ រស់នៅភូមិព្រែកដើមចាន់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ។ ហេតុការណ៍នេះ បានកើតឡើង កាលពីរសៀល ម៉ោង ២ និង២០នាទី ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ដោយសារតែឆ្លងចរន្តអគ្គិសនីចេញពីចង្ក្រានខាងក្រោយធ្វើអោយផ្ទះចាស់ ៣ខ្នង ធ្វើ ពីឈើ ប្រក់ក្បឿង ទំហំ ៨ម *១២ម  រួមទាំង រថយន្ត ១គ្រឿង របស់កូន ត្រូវភ្លើងឆេះ  អស់ទាំងស្រុង។

           លោកស្រី ប៉ាង ដានី បានចូលរួមសម្តែងការសោកស្តាយជាពន់ពេក ជាមួយ គ្រួសាររងគ្រោះ ចំពោះឧប្បត្តិហេតុ មិននឹកស្មានដល់នេះ ដែលបានបំផ្លាញផ្ទះសម្បែង  និងទ្រព្យសម្បត្តិ អស់គ្មានសល់ ។   លោកស្រីអនុប្រធានអចិន្ត្រែយ៍ សាខា  បានពាំនាំនូវបណ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីអាណិតអាសូរបំផុត ពីសំណាក់ លោក អ៊ុន ចាន់ដា និង លោក ហ៊ុន ណេង ប្រធានកិត្តិយសសាខា  ពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាល សម្តេច តែងតែគិតគូរ បារម្ភ អំពីសុខទុក្ខរបស់បង​ប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង រួមទាំង ជនរងគ្រោះ ជនងាយរងគ្រោះបំផុត  ដោយមិនប្រកាន់វណ្ណៈ ជាតិសាសន៍ ឬនិន្នាការនយោបាយអ្វីឡើយ ហើយតែងបានចាត់តំណាង នាំយកជំនួយសង្រ្គោះបន្ទាន់ ជួយសម្រាលទុក្ខលំបាក ជូនជនរងគ្រោះ ទាន់ពេលវេលា  តាមទិសស្លោក ” ទីណាមានទុក្ខលំបាក ទីនោះមាន កាកបាទក្រហមកម្ពុជា ” ។​ 

          លោកស្រី ប៉ាង ដានី  បានអំពាវនាវដល់បងប្អូន​ប្រជាពលរដ្ឋទាំងអស់ ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់​ពីគ្រោះអគ្គីភ័យ ដែលអាចកើតមានគ្រប់ពេល ប្រសិនបើ មានការធ្វេសប្រហែស ។ ដូចនេះ ពេលមិននៅ ឬ ចាកចេញពីផ្ទះ ត្រូវបិទកុងតាក់ភ្លើងអគ្គិសនី  ពន្លត់ ភ្លើងចង្ក្រាន ហ្គាស  ពន្លត់ទៀន ធូប ជាមុនសិន   ដើម្បី បង្ការក្រែងកើតមានមហន្តរាយផ្សេងៗ ។ ម៉្យាងទៀត ការភ្ជាប់ចរន្តអគ្គិសនី ត្រូវពិនិត្យ រៀបចំ ត ដោយអ្នកជំនាញ អោយបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស  និង ធានាបានសុវត្ថិភាព។  

      ជាមួយនោះ លោកស្រីអនុប្រធានអចិន្ត្រៃយ៍សាខា  ត្រូវយកចិត្តទុកដាក់ អំពីសុវត្ថិភាពផ្ទាល់ខ្លួនជាប្រចាំ  ដោយត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួន តាមវិធានការសុខាភិបាល ” ៣កុំ ៣ការពារ និង ចូលរួមចាក់វ៉ាក់សាំង ទាំងដូសមូលដ្ឋាន និងដូសជំរុញ អោយបានគ្រប់ៗគ្នា  ដើម្បី ជៀសអោយផុតពីការឆ្លងរាលដាល នៃជម្ងឺកូវីដ ១៩ បម្លែងថ្មី អូមីក្រុង ដ៏កាចសាហាវ នេះ ។

       អំណោយមនុស្សធម៌ ដែលផ្តល់ជូន គ្រួសារ រងគ្រោះ  រួមមាន  ៖     អង្ករ ២៥ គក្រ, មីជាតិ ២កេស, ត្រីខ ២យួរ , ទឹកត្រី ២យួរ ,ទឹកស៊ីអ៊ីវ ២យួរ,  ឃីត   (មុង ភួយ សារុង ក្រម៉ា ) ២កញ្ចប់, តង់ ២, អាវយឺត ៨,   និងថវិកា ១,៣០០,០០០រៀល ។ ជាមួយនោះ ក្រុមការងារចុះជួយសង្កាត់ ក៏បានផ្តល់ជូន ៤០០,០០០រៀល ផងដែរ ។

      ដោយឡែក អ្នកជិតខាងដែលរងគ្រោះស្រាល ២គ្រួសារនោះ ,  ១គ្រួសារ ផ្តល់ជូន ២០០,០០០រៀល និង ១គ្រួសារទៀត ផ្តល់ជូន ១០០,០០០រៀល ៕

     

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print