ខេត្តរតនគិរី ៖ យោងតាមអង្គភាព មន្ទីរព័ត៌មានខេត្តរតនគិរី រាយការណ៍ជូនលោករដ្ឋមន្ត្រី ក្រសួងព័ត៌មាន បានអោយដឹងថា៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដសេរីទំនេីបពីរគ្រឿងវ៉ាជែងគ្នា បណ្ដាលអោយរថយន្ដមួយគ្រឿងក្រឡាប់ផ្ងារជើងលើសួនច្បារតែម្ដង
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង រវាងរថយន្តទំនើបពីរគ្រឿង បើកបរស្របទិសគ្នា នៅត្រង់ចំណុចមុខមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី ស្ថិតក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង កាលពីវេលាម៉ោង ០៨:៤០នាទីព្រឹក ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២។
យោងតាមសាក្សីដែលបានឃើញហេតុការណ៍នៅកន្លែងកើតហេតុបានលើកឡើងថា មុនពេលកើតហេតុគេឃើញរថយន្ដម៉ាក់រេវ៉ូ បើកជែងរថយន្ដម៉ាសដាក្នុងល្បឿនលឿន ហើយបត់ចូលមកគន្លងពីខាងមុខរថយន្ដម៉ាសដាវិញ ធ្វើអោយរថយន្ដម៉ាសដាចាប់ប្រាំងមិនទាន់បណ្ដាលអោយបុករថយន្ដរ៉េវ៉ូពីក្រោយពេញទំហឹង បណ្ដាលអោយរថយន្ដរ៉េវូក្រឡាប់ផ្ងារជើងលើសួនច្បារពុះចែកផ្លូវតែម្ដង។
របាយការណ៍របស់សមត្ថកិច្ចបានអោយដឹងថា អ្នកបើកបររថយន្តម៉ាក ម៉ាសដា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AC-7352 មានឈ្មោះ បាន ព្រហ្មនា ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅខណ្ឌទទួលគោក រាជធានីភ្នំពេញ ដោយខូចខាតចង្កៀងមុខខាងឆ្វេង បើកបរក្នុងទិសដៅពីកើតទៅលិច។ ចំណែកភាគីម្ខាងទៀត ជិះរថយន្តម៉ាករ៉េវូ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BC-6618 មានឈ្មោះ ជា ស៊ាងហុង ភេទប្រុស អាយុ៦៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរកសិករ ពុំមានរងរបួសនោះទេ ដោយខូចខាតទ្វារទាំងសងខាង។
បច្ចុប្បន្នរថយន្តទាំងពីរគ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ យកទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយ៕
ដោយ ៖ សិលា