ខេត្តស្វាយរៀង ៖ «បើគិតត្រឹមជារូបភាពនៃការស្មគ្រ័ចិត្តក្នុងការរៀបចំពិធីផ្សេងៗ អាចនឹងសាមញ្ញ តែអ្វីដែលយើង (ស.ស.យ.ក)ធ្វើ បានបណ្តុះនូវស្មារតី និងគំនិតនៃការចេះជួយគ្នាពីមួយជំនាន់ទៅមួយជំនាន់» ។ នេះជាប្រសាសន៍របស់លោក ហ៊ុន ម៉ានី ថ្លែងទៅកាន់សមាជិក សមាជិកានៃអង្គពិធីទាំងមូល ខណៈលោកបង្ហាញពីឆន្ទៈ និងបេសកកម្មរបស់ស.ស.យ.ក. ក្នុងបេសកម្មផ្តល់ត្រលប់ជូនសង្គម និងបម្រើប្រយោជន៍ប្រជាជន នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២។
ជាមួយគ្នានេះ លោក ហ៊ុន ម៉ានី បានធ្វើការកោតសរសើរចំពោះ ស.ស.យ.ក. ខេត្តស្វាយរៀង ដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់លើកិច្ចការងារទាំងការអភិរក្ស និងអភិវឌ្ឍ ក្នុងនោះរួមមាន៖ ការបង្កើតជាកម្មវិធីវង់តន្ត្រីខ្មែរ វេទិកាអភិវឌ្ឍសមត្ថភាព កម្មវិធីវោហាសព្ទយុវជន រួមជាមួយការគិតគូរចំពោះអនាគតប្រទេសជាតិ ជាពិសេសលើទិដ្ឋភាពបច្ចេកវិទ្យា ក៏ដូចជាបរិបទបដិវត្តឧស្សាហកម្ម៤.០ បន្ថែមលើកម្មវិធីសង្គម និងមនុស្សធម៌ជាច្រើនផ្សេងទៀត។
ទន្ទឹមនេះ លោកប្រធាន ក៏បានរម្លឹកនូវគម្រូវីរៈភាពរបស់ថ្នាក់ដឹកនាំទី១ របស់ស.ស.យ.ក. ដែលបានបង្ហាញផ្លូវ និងតម្រង់ទិស ថ្នាក់នាំយុវជនជំនាន់ក្រោយ តាមរយៈបទពិសោធន៍នៃសកម្មភាពជាក់ស្តែង មិនថាការលះបង់ និងការតស៊ូពុះពារក្នុងបុព្វហេតុជាតិមាតុភូមិ។ ឯកឧត្តម បានមានប្រសាសន៍សង្កត់ធ្ងន់ថា សកម្មភាពទាំងអស់របស់ថ្នាក់ដឹកនាំ បានក្លាយជាមូលដ្ឋានគ្រឹះជំរុញចិត្តក្រុមគ្រួសារស.ស.យ.ក. គ្រប់ជំនាន់ ដើម្បីបន្តស្មារតី និងសកម្មភាពទាំងឡាយ ដែលផ្តល់ជាភាពវិជ្ជមានជូនដល់សង្គម។
សូមបញ្ជាក់ថា, នាព្រឹកថ្ងៃអាទិត្យ១១កេីត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២នេះ លោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានញ្ជេីញចូលរួមជាគណ:អធិបតីក្នុងពិធីសំណេះសំណាលជាមួយគណៈកម្មាធិការ ឃុំ ក្រុង ស្រុក ខេត្ត ក្នុងរចនាសម្ព័ន្ធ ស.ស.យ.កខេត្តស្វាយរៀង កក្រោមអធិបតីភាព លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។
មានប្រសាសន៍នាឱកាសនោះ លោកអភិបាលខេត្តបានធ្វើការវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូរយ៉ាងសកម្ម និងភាពទទួលខុសត្រូវខ្ពស់របស់ក្រុមគ្រួសារយុវជនស.ស.យ.ក.ខេត្ត ជាមួយអជ្ញាធរ និងភាគីពាក់ព័ន្ធ លើកិច្ចការអភិវឌ្ឍនានាក្នុងខេត្តស្វាយរៀង។
លោកអភិបាល បានគូសបញ្ជាក់ពីភាពចាំបាច់នៃវត្តមាន និងការចូលរួមរបស់យុវជនក្នុងបេសកម្មដឹកនាំ កសាង សមិទ្ធផលនានាជូនប្រជាជននៅមូលដ្ឋានផ្ទាល់ និងសង្គមជាតិ។ លោកបន្តថា «ការចូលរួមកសាងប្រទេសជាតិ គឺជាកាតព្វកិច្ចមួយដ៏ចម្បងរបស់ប្រជាពលរដ្ឋទូទៅ ជាពិសេសគឺយុវជន ព្រោះយុវជន ជាអនាគតនៃអ្នកបន្ដវេនក្នុងការដឹកនាំប្រទេសជាតិ»។
ទន្ទឹមនេះ ការអភិវឌ្ឍន៍ក្នុងសង្គមមួយមិនមែនមានតែការដឹកនាំរបស់អ្នកដឹកនាំតែម្នាក់នោះទេ គឺចាំបាច់មានការចូលរួមចំណែកពីគ្រប់ប្រជាពលរដ្ឋទាំងអស់ ហើយចំណុចសំខាន់នៃការចូលរួមចំណែកក្នុងសង្គម គឺដើម្បីជាប្រយោជន៍សម្រាប់អនាគតប្រទេសជាតិ ៕