ភ្នំពេញ ÷អ្នកនាំពាក្យក្រសួងការបរទេសនិងសហ ប្រតិបត្តិការអន្តរជាតិដូចជាស្នងការនគរបាលខេត្តព្រះសីហនុបានបដិសេធដាច់ខាតចំពោះព័ត៌មានដែលស្ត្រីជនជាតិថៃមួយរូបចោទថា ខ្លួនប្រឈមនឹងការជួញដូរសរីរាង្គនៅក្នុងប្រទេសកម្ពុជា។ វាអាចជាចេតនាអាក្រក់ក្នុងការរាំងខ្ទប់វិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជាដែលព័ត៌មានបែបនេះធ្លាប់បានកើតមានម្ដងរួចមកហើយកាលពីសប្តាហ៍មុន។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ បានធ្វេីការបដិសេធថា មិនមានករណីបូមយកឈាម និងវះយកសរីរាង្គនៅខេត្តព្រះសីហនុ ដូចជាការផ្សព្វផ្សាយព័ត៌មានរបស់ថៃនោះទេ។ ហេីយនេះ គឺជាព័ត៌មានប្រឌិតធ្វេីឲ្យប៉ះពាល់សណ្តាប់ធ្នាប់ប្រទេសកម្ពុជា។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន បានបញ្ជាក់នៅព្រឹកថ្ងៃទី១៣ ខែមីនានេះថា ” មិនមានករណីវះឬបូម ឈាមទេ ! ពេលនេះទើបដឹងថា បុគ្កលមួយចំនួនតូចកំពុងវាយប្រហារនិងបំពុលព័ត៌មានមិនពិតធ្វើឲប៉ះពាល់សណ្ដាប់ធ្នាប់ប្រទេសកម្ពុជា។ ខ្ញុំមិនយល់ថា ពួកគាត់មានចេតនាបែបណាបានជាប្រឌិតរឿងមិនពិតបែបនេះ”។
ពាក់ព័ន្ឋនឹងព័ត៌មានចុះផ្សាយក្នុង Thai Examiner ថ្ងៃទី ១២ ខែមិនា ឆ្នាំ២០២២ អំពីករណីមានស្រ្តីជន ជាតិថៃម្នាក់បានអះអាងថាខ្លួនបានប្រឈមនឹងគ្រោះ ថា្នក់នៃការជួញដូរសរីរាង្គនៅកម្ពុជា លោក ជុំ សន្ទរី មន្រ្ដីនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិបានធ្វើការបំភ្លឺចំនួនពីរចំណុច នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២នេះ។
សេចក្ដីបំភ្លឺទាំងពីរចំណុចរបស់មន្រ្ដីនាំពាក្យរួមមាន
១. អាជ្ញាធរមានសមត្ថកិច្ចខេត្តព្រះសីហនុ បានប្រកាសបដិសេធរួចហើយថានោះគឺជាការលើកឡើងដោយគ្មានមូលដ្ឋានត្រឹមត្រូវពិតប្រាកដ ។
២. ទន្ទឹមនឹងនេះ ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ ក៏បានទាក់ទងជាមួយអាជ្ញាធរមានសមត្ថកិច្ចថៃ ស្វែងរកការបញ្ជាក់លើព័ត៌មាននេះ តែរហូតមកដល់ ពេលនេះ (ព្រឹកថ្ងៃទី១៣ ខែមិនា) ពុំទាន់ទទួលបានការ បញ្ជាក់ណាមួយ ថានេះជាករណីដែលបានកើតមានឡើងនៅកម្ពុជា ដូចព័ត៌មានដែលបានផ្សាយនោះឡើយ ។ ស្ថានទូតកំពុងបន្តទាក់ទងជាមួយអាជ្ញាធរមានសមត្ថកិច្ចថៃ រកព័ត៌មានបន្ថែមទៀត។
ការប្រឌិតព័ត៌មាននេះក្នុងចេតនាអាក្រក់មកលើព្រះរាជាណាចក្រកម្ពុជាជាពិសេសធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍និងមុខមាត់របស់កម្ពុជាផ្ទាល់តែម្ដង។
គេនៅចាំបានថាកាលពីសប្ដាហ៍មុននេះដែរព័ត៌មានបែបនេះត្រូវបានកើតឡើងរួចម្ដងមកហើយដោយជនជាតិចិន។ សមត្ថកិច្ចគួរស៊ើបអង្កេតក៏បានដល់
ឬសគល់នៃប្រភពព័ត៌មានទាំងនេះពីព្រោះវាប៉ះពាល់យ៉ាងខ្លាំងដល់សណ្តាប់ធ្នាប់សាធារណៈរបស់កម្ពុជាយើង៕