រថយន្តLEXUS RX330បុកម៉ូតូពេញបណ្តាលឱ្យស្លាប់២នាក់ភ្លាមៗនៅកន្លែងកើតហេតុ រួចបន្តទៅបុករថយន្តមួយគ្រឿងទៀតរងការខូតខាតយ៉ាងដំណំ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងរវាងរថយន្តLexus RX330 បុកជាមួយម៉ូតូពេញទំហឹងបណ្ដាលឱ្យបុរស២នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ រួចបន្តទៅបុករថយន្តមួយគ្រឿងទៀតរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ទល់មុខក្រុមហ៊ុនម៉ូតូហុងដា ស្ថិតក្នុងសង្កាត់បាលិលេយ្យ១ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សពជនរងគ្រោះទាំងពីរនាក់គេមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។
តាមប្រភពពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ដោយផ្ទាល់បានឱ្យដឹងថា មុនកើតហេតុមានរថយន្តមួយគ្រឿងម៉ាកLexus RX330 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AU-1911បើកបរដោយ
បុរសម្នាក់ក្នុងល្បឿនយ៉ាងលឿនមានទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុស្រាប់តែទៅបុកពីក្រោយម៉ូតូមួយគ្រឿងម៉ាកហុងដាស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយបុរសម្នាក់និងអ្នករួមដំណើរម្នាក់យ៉ាងពេញទំហឹងបណ្តាលឱ្យអ្នកជិះម៉ូតូស្លាប់ទាំងពីរនាក់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែករថយន្តបង្កហេតុបានបន្តទៅបុករថយន្តស៊េរីទំនើបមួយគ្រឿងទៀតម៉ាក Ford ពណ៌ខ្មៅគ្មានស្លាកលេខបណ្ដាលឱ្យរងការខូចខាតផ្នែកខាងក្រោយយ៉ាងដំណំ។ក្រោយកើតហេតុអ្នកបើករថយន្តបង្កបានរត់គេចខ្លួនបាត់ទៅ។

ក្រោយកើតហេតុរថយន្តបង្កត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍នៃអធិការដ្ឋានក្រុងប៉ោយប៉ែតធ្វើការវាស់វែង រួចស្ទូចយករថយន្តទៅរក្សាទុកនៅអធិការដ្ឋានក្រុង ចំណែកសពជនរងគ្រោះទាំងពីរនាក់រង់ចាំសម្ថកិច្ចស្រាវជ្រាវរកសាច់ញាតិឱ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

...

ដោយ៖ និន សុភ័ស្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print