ក្រុមអ្នកពិភាក្សារបស់រុស្ស៊ីនិងអ៊ុយក្រែនបានជួបពិភាក្សាគ្នា ៣លើកកន្លងមកហើយដើម្បីស្វែងរកដំណោះស្រាយ ហើយពេលនេះគណៈប្រតិភូប្រទេសទាំងពីរនឹងពិភាក្សាគ្នាតាមអន ឡាញនៅថ្ងៃទី១៤ខែមីនា។ កាលពីថ្ងៃទី១៣ ខែមីនា (ពេលវេលាក្នុងតំបន់) លោក Mykhailo Podoliak ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន បានប្រកាសថា កិច្ចពិភាក្សាតាមអន ឡាញនឹងត្រូវធ្វើឡើងនៅថ្ងៃទី ១៤ខែមីនានេះ។ ជាមួយគ្នានេះដែរ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានប្រាប់ឱ្យដឹងថា គោលដៅរបស់ប្រតិភូអ៊ុយក្រែន ដែលចូលរួមក្នុងកិច្ចចរចាជាមួយ រុស្ស៉ី គឺដើម្បីសម្រេចឱ្យបានការធានាមួយចំនួន និងដើម្បីព្យាយាមរៀបចំឱ្យមានជំនួបរវាងរូបលោក ហើយនឹងប្រធានាធិបតីរុស្ស៉ីលោក វ៉្លាឌីមៀរ ពូទីន។ ចាប់តាំងពីសង្រ្គាមបានផ្ទុះឡើងនៅអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ រហូតមកទល់ពេលនេះ អ៊ុយក្រែននិងរុស្ស៉ី បានជួបចរចាគ្នាចំនួន៣លើក នៅឯប្រទេសបេឡារុស ប៉ុន្តែជំនួបទាំងនេះត្រូវបានរៀបចំឡើងតែក្នុងកម្រិតរវាងក្រុមមន្រ្តីនៃប្រទេសទាំងពីរប៉ុណ្ណោះ ដោយមេដឹកនាំគឺលោក ហ្សេលេនស្គី និងលោកពូទីន មិនទាន់បានជួបគ្នាម្តងនៅឡើយទេ។ រីឯកាលពីថ្ងៃទី១០ ខែមីនា ប្រមុខការទូតអ៊ុយក្រែននិងរុស្ស៉ី បានជួបគ្នាក្រៅផ្លូវការនៅតួកគី។ គួរបញ្ជាក់ថា យោងតាមប្រភពពីភាគីទាំងពីរ កិច្ចចរចាជុំបន្ទាប់រវាងអ៊ុយក្រែននឹងរុស្ស៉ី នឹងត្រូវប្រព្រឹត្តទៅនៅព្រឹកថ្ងៃចន្ទនេះ (ម៉ោងក្នុងតំបន់) តាមប្រព័ន្ធអនឡាញ៕ ដោយធីរីណា
រូបថត៖AFP/VNA