រដ្ឋមន្ត្រីការបរទេសកាតារ បំពេញទស្សនកិច្ចនៅរុស្ស៊ី ដើម្បីពិភាក្សាពីស្ថានភាពនៅអ៊ុយក្រែន

ចែករំលែក៖

រដ្ឋមន្ត្រីការបរទេសកាតារលោក Mohammed bin Abdulrahman Al-Thani នៅថ្ងៃទី១៣ ខែមីនា បានបំពេញទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយសមភាគីរុស្ស៊ី លោក Sergey Lavrov ស្តីពីស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែន។ តាមការលើកឡើងរបស់ក្រសួងការបរទេសកាតារ ដំណើរទស្សនកិច្ចនេះកើតឡើងក្នុងពេលដែលពិភពលោកកំពុងប្រឈមបញ្ហាជាច្រើន ពិសេសគឺសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។ នៅក្នុងជំនួបពិភាក្សារដ្ឋមន្ត្រីការបរទេសប្រទេសទាំងពីរបានពិភាក្សាគ្នាទៅលើស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែន ។ រដ្ឋមន្ត្រីការបរទេសកាតារ បានបញ្ជាក់ថា ដំណោះស្រាយសន្តិភាពគឺជាវិធីសាស្ត្រតែមួយគត់សម្រាប់ដោះស្រាយវិវាទទៅក្នុងប្រទេសអ៊ុយក្រែននាពេលនេះ។ នៅមុនពេលជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី រដ្ឋមន្ត្រីការបរទេសកាតារ ក៏បានជួបពិភាក្សាតាមទូរស័ព្ទជាមួយសមភាគីអ៊ុយក្រែន លោក Dmitry Kuleba ផ្តោតសំខាន់ទៅលើការបញ្ចៀសរាល់សកម្មភាពដែលធ្វើឱ្យតានតឹងកាន់តែខ្លាំង។ ក្នុងថ្ងៃជាមួយគ្នានេះដែរ ទីប្រឹក្សាសន្តិសុខអ៊ុយក្រែន លោក Mikhail Podolyak បានបញ្ជាក់ថា ប្រទេសនេះរក្សាទំនាក់ទំនងជាមួយអុីស្រាអែល និងតួកគី ដោយសង្ឃឹមថាប្រទេសទាំងពីរនឹងធ្វើជាអាជ្ញាកណ្តាល ក៏ដូចជារៀបចំជំនួបពិភាក្សាផ្ទាល់រវាងប្រមុខដឹកនាំរុស្ស៊ីនិងអ៊ុយក្រែននាពេលខាងមុខ៕ ដោយធីរីណា

...

រូបថត៖ Tehran Times

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print