ខេត្តតាកែវ ៖ ដោយសារទិន្នផលផលស្រូវទទួលបានខ្ពស់ជាងបណ្តាឆ្នាំមុនៗខេត្តតាកែវរំពឹងថានិងស្រូវយ៉ាងហោចណាស់៩០ម៉ឺនតោនបន្ទាប់ពីទុកពូជនិងផ្គត់ផ្គង់ចំណីសត្វ។ តាមការលើកឡើងរបស់ប្រធានក្រុមប្រឹក្សាខេត្តស្រូវដែលនៅសល់ត្រូវបានទូទាត់រួចឱ្យសម្រាប់ការទុកពូជចំណីសត្វ។
លោកយស់ ស៊ីណា ប្រធានក្រុមប្រឹក្សាខេត្តតាកែវបាននៅប៉ាន់ស្មានតុល្យភាពស្បៀងនៅក្នុងខេត្តតាកែវ បន្ទាប់ពីទុកពូជ និងចំណីសត្វចំនួន ១៣ភាគរយ និងទុកបរិភោគលើមនុស្សសរុបចំនួនជាង៩១ម៉ឺនាក់ ចំនួន១៤ភាគរយ ខេត្តតាកែវនៅសល់ស្រូវប្រមាណជិត ៩០ម៉ឺនតោន បើគិតជាអង្ករស្មើជាង ៥០ម៉ឺនតោន មានការកើនឡើងចំនួនជិត ៥ម៉ឺនតោន។ លោកបាន ថ្លែងបែបនេះនៅក្នុងសន្និបាទបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទីសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តតាកែវ នៅព្រឹកថ្ងៃ ច័ន្ទទី ១៤ ខែមិនា ឆ្នាំ ២០២២នេះ។
ប្រធានក្រុមប្រឹក្សាខេត្តតាកែវ លោក យស់ ស៊ីណា បានបន្ដទៀតថា បរិមាណស្រូវដែលប្រមូលនៅលើផ្ទៃដីប្រមាណជាង ១០ម៉ឺនហិកតា នៅក្នុងខេត្តតាកែវ ក្នុងឆ្នាំ២០២១កន្លងមក «ស្រូវរដូវប្រាំង និងរដូវវស្សា» ប្រមូលទិន្នផលស្រូវបានជាង ១លាន២សែនតោន ។ ការប្រមូលផលស្រូវឆ្នាំ២០២១ មានការកើនឡើង ដែលនាំអោយតុល្យភាពស្បៀងនៅក្នុងខេត្តតាកែវ មានសភាពល្អប្រសើរ។ នៅក្នុងឆ្នាំ២០២១ស្រូវស្រែរបស់ប្រជាពលរដ្ឋក្នុងខេត្តតាកែវមានការខូចខាតបន្តិចបន្តួចបើប្រៀបធៀបទៅនឹងបណ្ដាឆ្នាំមុនៗ។
លោកប្រធានក្រុមប្រឹក្សាខេត្តថ្លែងបន្តថា នៅក្នុងឆ្នាំ ២០២១កន្លងមក មានផ្ទៃដីស្រែទំហំជាង ៦ពាន់ហិកតា បានទទួលរងគ្រោះដោយសារទឹកជំនន់ និងគ្រោះរាំង ស្ងួត ដែលនាំអោយផ្ទៃដីខូខូចខាតជាង ១០០ហិកតា និងផ្ទៃដីមួយចំនួនទៀតត្រូវបានជួយសង្រ្គោះ ដោយអាជ្ញាធរ និងមន្រ្តីជំនាញនិងក្រុមការងារថ្នាក់ជាតិចុះជួយខេត្តតាកែវ ជាពិសេសពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលបានផ្ដល់ស្រូវពូជ អង្ករប្រេងឥន្ធនៈថ្នាំពេទ្យមកផ្ដល់ជូនបងប្អូនកសិករ ដែលជួបប្រទះបញ្ហាគ្រោះរាំងស្ងួតនិងគ្រោះទឹកជំនន់បានទាន់ពេលវេលា។
លោកប្រធានក្រុមប្រឹក្សាខេត្តយស់ ណាស៊ី បានបញ្ជាក់ថា ក្រៅពីសល់ស្បៀងច្រើន រដ្ឋបាលខេត្តតាកែវ នៅក្នុងឆ្នាំ២០២១កន្លងមក ក៏បានសម្រេចបានលទ្ធផលជាច្រើនលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្ត និងបានអនុវត្តន៍គោលនយោបាយកំណែទម្រង់រដ្ឋបាលក្នុងក្របខ័ណ្ឌយុទ្ធសាស្រ្តនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការបានល្អប្រសើរផងដែរ៕
ដោយ៖ សូរិយា