បង្ហាញមុខ​ក្រុមបងធំ​នៅខេត្តសៀមរាប​ ប្រេី​កាំបិត​កាប់មនុស្សចំនួន​ ២នាក់រងរបួស​ធ្ងន់ធ្ងរ​ មុនបញ្ជូនទៅតុលាការ

ចែករំលែក៖

ខេត្តសៀមរាប៖ យោង​តាម​ប្រភពព័ត៌មាន​ពី​មន្ត្រី​នគរបាល​ខេត្ត​សៀមរាប​ បានឱ្យដឹងនៅព្រឹក​ថ្ងៃអង្គារ​ទី​១៥​ ខែមីនា​ ឆ្នាំ​២០២២នេះ​ថា៖​ កម្លាំង​​នគរបាល​ស្រុក​សូទ្រ​និ​គម​ បានស្រាវជ្រាវ​ឃាត់ខ្លួន​យុវជន​ ២នាក់ដែល​ប្រេី​កាំបិត​ជិះ​ម៉ូតូ​ដេញ​កាប់​យុវជន​រងគ្រោះ​ចំនួន​ ២នាក់ បណ្ដាល​ឱ្យ​របួសធ្ងន់​ រួចក៏​ជិះ​ម៉ូតូ​គេចខ្លួនបាត់ស្រមោល។ បន្ទាប់​ពី​ឃាត់ខ្លួន​ពួកគេ​សាកសួរ​បញ្ចប់​នីតិវិធី​ និង​ត្រៀម​បញ្ជូន​ខ្លួន​ទៅ​កាន់​សាលាដំបូងខេត្ត​ ដើម្បី​ចាត់​ការ​តាម​ច្បាប់​។

ប្រភពដដែលបន្តថា​ ជនសង្ស័យទាំងពីរនាក់នេះ​ ទី១,ឈ្មោះ វុ​ទ្ធី សំណាង ហៅ​ចំបើង ភេទ​ប្រុស អាយុ​២០​ឆ្នាំ ទីលំនៅ​ក្នុងភូមិ​បិទមាស ឃុំ​សំរោង ស្រុក​សូទ្រ​និគម និង​ទី២,ឈ្មោះ ព្រំ បាយ័ន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​ដឹកអុស​លក់ ទី​លំ​នៅ​ក្នុងភូមិ​តា​យ៉ែ​ក ឃុំ​តា​យ៉ែ​ក ស្រុក​សូទ្រនិគម​។ ចំណែក​ជនរងគ្រោះ​ដែល​​រង​របួសធ្ងន់​ទាំង​២​នាក់ ទី១,ឈ្មោះ វ៉ា​ត់ វៀត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ និង​ទី២;ឈ្មោះ វ៉ា​ត់ នាថ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ទ័ព​ជ័យ ឃុំ​បឹង​មាលា ស្រុក​ស្វាយ​លើ ។

យោង​តាម​ដំណើរ​រឿង​ បានឱ្យដឹងថា​ ហេតុការណ៍​ខាងលេីនេះ​ បានកេីតឡេីង​កាលពី​យប់​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២២កន្លង​ទៅ វេលា​ម៉ោង​ប្រមាណ​៩​យប់ មាន​ករណី​ប្រើ​ហិង្សា​ដើម្បី​ដោះស្រាយ​គំនុំ​ចាស់ ខណៈ​ជួប​គូបដិបក្ខ​កំពុង​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​វិញ នៅ​ចំណុ​ច​ជប់​ស្មាច់ ភូមិ​ត្រាវ​បាក់ ឃុំ​តា​យ៉ែ​ក ស្រុក​សូទ្រនិគម។​ ខណៈជនបង្ក​ បានធ្វេី​សកម្មភាព​​ជិះ​ម៉ូតូ​ដេញ​កាប់​ប្រហារទៅលេីយុវជនពីរនាក់ បណ្ដាល​ឱ្យ​របួសធ្ងន់​ព្រោះតែរឿងសងសឹកគ្នាកាលពីមួយឆ្នាំមុន។ ក្រោយកេីតហេតុ​ ជនដៃដល់​ក៏បាន​ជិះ​ម៉ូតូ​គេចខ្លួនបាត់ទៅ តែ​ត្រូវ​កម្លាំង​នគរបាល​ស្រុក​សូទ្រ​និ​គម ធ្វើការ​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​បាន​ទាំង​២​នាក់ កាលពី​រសៀល​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០២២ នៅ​ភូមិ​ត្រាវ​បាក់ ឃុំ​តា​យ៉ែ​ក ស្រុក​សូទ្រនិគម រួច​នាំ​យក​ទៅ​សាកសួរ​នៅ​កា​រិ​យា​ល័យ​ជំនាញ។

ប្រភពព័ត៌មាន​ បានឱ្យដឹងទៀតថា នៅ​យប់​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២២ វេលា​ម៉ោង​ប្រហែល​៩ ក្រុម​ជន​រង​គ្រោះ​មាន​គ្នា​៦​នាក់ ជិះ​ម៉ូតូ​ចំនួន​៤​គ្រឿង បាន​​ចេញពី​ភូមិ​ទៅ​លេង​លោត​ប៉ុង ​(​លោត​លើ​សំណាញ់​) និង​គប់​ប៉េងប៉ោង នៅ​សាលា​បឋម​សិក្សា​ជប់​ស្មាច់ ស្ថិត​ក្នុងភូមិ​ត្រាវ​បាក់ ឃុំ​តា​យ៉ែ​ក។ ពួក​គេ​នាំ​គ្នា​លេង​កម្សាន្ត​រហូត​ដល់​ម៉ោង​៩​យប់ ទើប​នាំ​គ្នា​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។​ ខណៈ​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​ដល់​ចំណុច​ជប់​ស្មាច់ ភូមិ​ត្រាវ​បាក់ ឃុំ​តា​យែក ស្រាប់តែ​មានម៉ូតូ​១​គ្រឿង ជិះ​គ្នា​២​នាក់ ក្នុង​ទិស​ដៅ​បញ្ច្រាស​ទិស​គ្នា ពេល​ជិះ​ហួស​បន្តិច​ក៏​បត់​មក​តាម​ម៉ូតូ​ពួក​ខ្លួន ហើយ​យក​កាំបិត​កាប់​ពួក​ខ្លួន​ បណ្ដាល​ឱ្យ​ដួល​ម៉ូតូ និង​រង​របួសធ្ងន់ វ៉ា​ត់ វៀត រយះ​ខ្នង និង​ឈ្មោះ វ៉ា​ត់ នាថ រយះ​ត្រគាក។​

ក្រោយឃាត់ខ្លួន​នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជន​ដៃដល់​ទាំង​ ២​នាក់​សារ​ភាព​ថា៖ ពួក​គេ​ពិតជា​បានធ្វេី​សកម្មភាព​​កាប់​ជន​រង​គ្រោះ​ទាំង២​នាក់​ខាងលើ​​ពិត​ប្រាកដ​មែន ដោយឈ្មោះ ព្រំ បាយ័ន ជា​អ្នក​កាប់​ផ្ទាល់ ហើយ​ឈ្មោះ វុ​ទ្ធី សំណាង ជា​អ្នក​បើក​ម៉ូតូ។ ​​ដោយឡែក​មូលហេតុ​ដែលពួកគេកាប់ជនរងគ្រោះ​ ព្រោះតែក្រុម​ជន​រង​គ្រោះ​ធ្លាប់​ដេញ​វាយ​ពួក​ខ្លួន​កាលពី​ឆ្នាំ​មុន។

បច្ចុប្បន្ន​ជនសង្ស័យទាំង​ពីរនាក់​នេះ ​រួមនិង​វត្ថុ​តាង​កាំបិត​ខ្វែវ​១ដេីម ត្រូវ​បាន​​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​​កាន់​សាលាដំបូង​ ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print