ភ្នំពេញ ៖ យុវជនម្នាក់មិនដឹងថាមានវិបត្តិអ្វីនោះទេ បានបើកម៉ូតូ មកលោតទឹកលើស្ពានជ្រោយចង្វាប៉ងសម្លាប់ខ្លួនតែមិនស្លាប់ ត្រូវបានប្រជាពលរដ្ឋជាអ្នកនេសាទ ជួយស្រង់មកលើគោកវិញ។
ហេតុការណ៍ប៉ងលោតទឹកសម្លាប់ខ្លួននេះបានកើតឡើងកាលពីម៉ោង ៩និង២០នាទីយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ នៅលើស្ពានជ្រោយចង្វា ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋធ្វើដំណើរនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគាត់បានឃើញយុវជនម្នាក់ បានបើកម៉ូតូម៉ាកហុងដាស្គុបពីពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1IN-1923 ជិះចេញពីផ្លូវជាតិលេខ១ រួចបានជិះឡើងលើស្ពានជ្រោយចង្វា បន្ទាប់មកក៏ទុកទូរសព្ទចោលមួយគ្រឿង ស្បែកជើងមួយគូ និងម៉ូតូម៉ាកស្គុបពីមួយគ្រឿងទៀត ក៏លោតទម្លាក់ខ្លួនចុះទៅក្នុងទឹកទន្លេ ហើយភ្លាមនោះដែរ បានអ្នកនេសាទឃើញទាន់ក៏យកទូកទៅចាប់ និងជួយស្រង់យុវជនរូបនេះ យកមកលើគោកវិញ ប្រគល់ឲ្យសមត្ថកិច្ច។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានទំនាក់ទំនងទៅកាន់ក្រុមគ្រួសារជនរងគ្រោះ ឲ្យមកទទួលហើយក៏មានមិត្តភ័ក្តមកដឹងត្រឡប់ទៅផ្ទះវិញ៕
ដោយ៖ ជ្រោយពេជ្រ