ប្រព័ន្ធផ្សព្វផ្សាយនានារបស់ជប៉ុន ក្នុងនោះមាន NHK នៅថ្ងៃទី ១៦ខែមីនាបានដកស្រង់សំដីមន្ត្រីក្រសួងការពារជាតិជប៉ុនបញ្ជាក់ថាកូរ៉េខាងជើង បានបាញ់សមីស៊ីលសាកល្បងជាថ្មី ។ ការសាកល្បងធ្វើឡើងនៅវេលាម៉ោង ៩ននិង ៣០ នាទី ថ្ងៃទី ១៦ខែមីនា ដោយបាញ់ចេញពីតំបន់ជិតទីក្រុងព្យុងយ៉ាង ។ ប៉ុន្តែការសាកល្បងនោះត្រូវបានភាគីជប៉ុន ក៏ដូចជាកូរ៉េខាងត្បូងបញ្ជាក់ថាជាការបរាជ័យ ។ ចំណែកមន្ត្រីយោធាកូរ៉េខាងត្បូង វិញបានបញ្ជាក់ថា កាំជ្រួចមីស៊ីល មិនបានហោះហើរក្នុងល្បឿនដែលចង់បាន ហើយក្រុមអ្នកជំនាញកំពុងតែវិភាគ ទៅលើបច្ចេកទេសនៃកាំជ្រួចមីស៊ីល ។ កូរ៉េខាងត្បូងមិនបានបញ្ជាក់ពី ប្រភេទមីស៉ីលកូរ៉េខាងជើងធ្វើតេស្តនោះឡោះយ ។ ប្រព័ន្ធផ្សព្វផ្សាយជប៉ុន NHK ដែលយោងតាមប្រភពពីក្រសួងការពារជាតិជប៉ុន បានរាយការណ៍ថា វាទំនងជាមីស៉ីលបាលីស្ទីគ។ ថ្មីៗនេះ សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង បានព្រមានថា កូរ៉េខាងជើងប្រហែលជា កំពុងត្រៀមរៀបចំខ្លួនដើម្បីបាញ់តេស្តមីស៉ីលបាលីស្ទីគអន្តរទ្វីប ICBM ពេញលេញឡើងវិញ ជាលើកដំបូង គិតចាប់តាំងពីឆ្នាំ២០១៧មក។ ក្នុងឆ្នាំនេះ កូរ៉េខាងជើងបានបាញ់តេស្តមីស៉ីលយ៉ាងញឹកញាប់បំផុត ដោយការធ្វើតេស្តលើកទី៩របស់ខ្លួន ត្រូវបានធ្វើឡើងកាលពីថ្ងៃទី០៥ ខែមីនា៕ដោយ៖សាធី
រូបថត៖ KCNA .