ភ្នំពេញ ៖ នារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២នេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានទទួលជួបពិភាក្សាការងារជាមួយ នាយឧត្ដមសេនីយ៍ MAUNG MAUNG AYE អគ្គសេនាធិការកងទ័ពមីយ៉ាន់ម៉ា ដែលជំនួបនេះបានធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។
ក្នុងជំនួបនេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្ដែងការស្វាគមន៍ចំពោះការចូលរួមរបស់ប្រតិភូកងទ័ពមីយ៉ាន់ម៉ា ហើយតាមរយៈកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ាននៅថ្ងៃស្អែកនេះ នាយឧត្តមសេនីយ៍សង្ឃឹមថា អគ្គសេនាធិការកងទ័ពមីយ៉ាន់ម៉ា នឹងចូលរួមពិភាក្សា ផ្លាស់ប្តូរទស្សនៈល្អៗ ដើម្បីសហគមន៍អាស៊ានបន្តរក្សាបានសន្តិភាព ស្ថិរភាព និងវិបុលភាព។
ទាក់ទិនស្ថានការណ៍នៅមីយ៉ាន់ម៉ា នាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ថា ក្នុងនាមកម្ពុជាជាប្រធានអាស៊ាន និងក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី គឺកម្ពុជាប្រកាន់ជំហរចង់ឲ្យអាស៊ានពេញលេញ ស្របតាមការខិតខំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ធ្វើយ៉ាងណាឲ្យមីយ៉ាន់ម៉ទទួលបានសន្តិភាពពេញលេញ។
ក្នុងកិច្ចឆ្លើយតប នាយឧត្ដមសេនីយ៍ MAUNG MAUNG AYE បានថ្លែងអំណរគុណចំពោះការអញ្ជើញរបស់កម្ពុជា ដើម្បីចូលរួមក្នុងកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី១៩ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២។
ទន្ទឹមនោះ នាយឧត្តមសេនីយ៍ អគ្គសេនាធិការកងទ័ពមីយ៉ាន់ម៉ា ក៏បានបង្ហាញពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក៏ដូចជាកងយោធពលខេមរភូមិន្ទ។
សូមបញ្ជាក់ថា, នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២នេះ គណៈប្រតិភូអគ្គមេបញ្ជាការកងទ័ពភូមិន្ទថៃ ដឹកនាំដោយ នាយឧត្ដមសេនីយ៍ CHALERMPHON SRISAWASDI បានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជាហើយ ដើម្បីចូលរួមក្នុងកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី១៩ នៅថ្ងៃស្អែក៕
ដោយ : សិលា