ខេត្តកណ្តាល៖ បុរសម្នាក់មានមុខរបរជាអ្នកធ្វើស្រែចម្ការបានលួចមកធ្វើសកម្មភាពចែកចាយគ្រឿងញៀននៅក្នុងមូលដ្ឋានមួយរយៈក៏ត្រូវសមត្ថកិច្ចនគរបាលស្រុកអង្គស្នួលចាប់ខ្លួន ខណៈកំពុងជិះម៉ូតូត្រឡប់មកពីទិញគ្រឿងញៀនមួយកញ្ចប់ធំនៅរាជធានីភ្នំពេញ ។
ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅលើកំណាត់ផ្លូវបេតុងមួយខ្សែ ស្ថិតក្នុងភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ ។
មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ញ៉េន ម៉ៅ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខែ្មរ មុខរបរធ្វើស្រែ មានទីលំនៅក្នុងភូមិទំនប់សាប ឃុំលំហាច ស្រុកអង្គស្នួល ។ ក្នុងប្រតិបត្តិការបង្រ្កាបឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចដកហូតបានថ្នាំញៀនប្រភទមេតំហ្វេតាមីន ហៅម៉ាទឹកកក ១កញ្ចប់ធំ ស្មើនឹងតម្លៃ៥០ដុល្លារ, ម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខភ្នំពេញ 1BL-8010 និងសម្ភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត ។
ប្រភបដដែលបានបន្តថា ប្រតិបត្តិការបង្រ្កាបឃាត់ខ្លួនជនសង្ស័យបានដោយជោគជ័យ ដោយសារតែមានកិច្ចសហការពីប្រជាពលរដ្ឋដែលបានរាយការណ៍ពីសកម្មភាព និងភិនភាគជនសង្ស័យ ។ សមត្ថកិច្ចបានដាក់គោលដៅនៅលើផ្លូវបេតុង រហូតប្រទះឃើញជនសង្ស័យកំពុងជិះម៉ូតូតាមសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋ ក៏ឃាត់ឲ្យឈប់សុំធ្វើការត្រួតពិនិត្យឆែកឆេររកឃើញវត្ថុតាងថ្នាំញៀន ក៏ធ្វើការឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
ជនសង្ស័យឈ្មោះ ញ៉េន ម៉ៅ បានសារភាពថា ថ្នាំញៀនប្រភទមេតំហ្វេតាមីន ហៅម៉ាទឹកកក ១កញ្ចប់ធំនេះ ខ្លួនបានទិញពីមេក្លោងជួញដូរគ្រឿងញៀននៅម្តុំពេទ្យលោកសង្ឃរាជធានីភ្នំពេញ ក្នុងតម្លៃ៥០ដុល្លារសហារដ្ឋអាមេរិក ដើម្បីយកទៅបែងចែកជាកញ្ចប់តូចៗទុកសម្រាប់ចែកចាយទៅឲ្យអ្នកប្រើប្រាស់នៅក្នុងមូលដ្ឋាន ខណៈជិះមិនទាន់ដល់គោលដៅផងក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង ៕
ដោយ៖ ស្អាងជ័យ