ខេត្តស្ទឹងត្រែង៖ បច្ចុប្បន្ននេះយេីងសង្កេតឃេីញថា ធនធានជលផលត្រីទឹកសាបនៅក្នុងខេត្តស្ទឹងត្រែង នាភាគឦសានគឺសម្បូរទៅដោយត្រីមេពូជធំៗ ពីព្រោះថានៅតាមអន្លង់ជ្រៅសំបូរថ្មព្រៃលិចទឹកនិងមានដងទន្លេចំនួនបួន គឺទន្លេមេគង្គ,ទន្លេសេកុង,ទន្លេសេសាន និងទន្លេស្រែពក ហើយបានផ្លាស់ប្ដូរចរន្តទឹកហូរពីរដូវកាល គឺរដូវវស្សានិងរដូវប្រាំង។ ថែមទាំងមានត្រីខុសពីតំបន់ដទៃទៀតពិសេសបឹងទន្លេសាបជង្រុកត្រីនៅក្នុងប្រទេសកម្ពុជា។
ជាក់ស្ដែងខេត្តមួយនេះ គឺសំបូរត្រីធម្មជាតិ ដែលមានឱរសជាតិឆ្ងាញ់ដូចជា៖ ត្រីប៉ាសេអ៊ីត្រីប៉ាវ៉ាមុខមួយ,ប៉ាវ៉ាមុខពីរ ,ត្រីឆ្ពិន ,ត្រីក្អែក ,ត្រីព្រួល ,ត្រីខ្យា ,ត្រីឆ្លាំង ,ត្រីតានេល , ត្រីកេះជាដើម។ មិនតែប៉ុណ្ណោះតម្លៃត្រីទាំងអស់នេះ នៅតែថ្លៃលើទីផ្សារប្រចាំថ្ងៃ។
បេីតាមការលើកឡើងរបស់អាជីវករអ្នកលក់ត្រីនៅផ្សារស្ទឹងត្រែងបានរាប់រៀបឱ្យដឹងថា៖ តម្លៃត្រីប៉ាស៊ីអ៊ីដែលមានទម្ងន់ចាប់ពីមួយគីឡូក្រាមឡើងគឺ២០ម៉ឺនរៀល។ចាប់ពីក្រោម១គីឡូក្រាមតម្លៃ ៨ម៉ឺនទៅ១៥ម៉ឺនរៀល។ ត្រីប៉ាវ៉ាមុខពីរទម្លន់២គីឡូក្រាមតម្លៃដប់ម៉ឺនរៀល។ប៉ាវ៉ាមុខពីរដដែលមានទម្ងន់ ៣គីឡូក្រាមតម្លៃ១២ទៅ១៣ម៉ឺនរៀល។ ចាប់ពី ៣គីឡូកន្លះឡើងទៅតម្លៃ១៥ទៅ១៦ម៉ឺនរៀលក្នុងមួយគីឡូក្រាម។
ជាមួយគ្នានោះ បេីតាមការបញ្ជាក់ពីនាយខណ្ឌរដ្ឋបាលជលផលស្ដីទីខេត្តស្ទឹងត្រែង លោកស្រី សម វិចិត្រ បានឱ្យដឹងថា ផលត្រីឆ្នាំ២០២១ ដែលបានបំពេញតម្រូវការទីផ្សារក្នុងខេត្ត និងបាននាំចេញទៅក្រៅខេត្តមួយចំនួនក្នុងប្រទេសកម្ពុជាមានប្រមាណ ៤ពាន់តោន ហេីយធនធានត្រីនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការលើក កម្ពស់កម្រិតជីវភាព ទទួលបានប្រាក់ចំណូលស្បៀងអាហារនិងសន្តិសុខស្បៀងរបស់ប្រជាជននៅក្នុងខេត្តស្ទឹងត្រែងក៏ដូចជាក្នុងប្រទេសកម្ពុជាផងដែរ។
សូមជម្រាបថា ធនធានត្រីនៅខេត្តស្ទឹងត្រែង ក៏មានកត្តាមួយចំនួនកំពុងគំរាមកំហែងដល់ទិន្នផលត្រី ដែលជាប្រភពអាហារប្រចាំថ្ងៃដ៏សំខាន់ដល់ប្រជាជន ជាក់ស្ដែងមានកត្តាជាច្រើនធ្វើឱ្យប៉ះពាល់ដល់ធនធានត្រីដូចជា៖ កំណើនប្រជាជនមានការកើតឡើងច្រើន ,តម្រូវការសាច់ត្រីក៏កាន់តែច្រើន ,ការនេសាទត្រីហួសកម្រិត, ការលួចនេសាទខុសច្បាប់ ,របបទឹកមានការប្រែប្រួលទាក់ទងទៅនឹងអាកាសធាតុ ,វ៉ារីវប្បកម្មដំណើរការយឺតវិស័យឯកជនខ្វះទុននិងខ្វះចំណេះដឹងមួយចំនួន ហើយបញ្ហាទាំងអស់នេះមានការព្រួយបារម្ភយ៉ាងខ្លាំង៕
ដោយ៖សហការី