ប្រទេសជប៉ុន : យប់មុិញ ! មានគ្រោះរញ្ជួយដីក្នុងកម្រិត ៧,៣ រិកទ័រ នៅខេត្ត Miyagi និងខេត្ត Fukushima ប្រទេសជប៉ុន។ នេះបើយោងតាមផេក ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានបញ្ជាក់អោយដឹងនៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២។
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន សូមជម្រាបជូនសាធារណៈជនជ្រាបថា នៅវេលាម៉ោង១១:៣៦យប់ ថ្ងៃពុធ ទី១៦ ខែមីនា ឆ្នាំ២០២២ មានគ្រោះរញ្ជួយដីក្នុងកម្រិត ៧,៣ រិកទ័រ នៅខេត្ត Miyagi និងខេត្ត Fukushima ប្រទេសជប៉ុន។ អាជ្ញាធរបានចេញការព្រមានអំពីលទ្ធភាពដែលអាចមានរលកយក្សស៊ូណាមិ និងបានណែនាំឱ្យប្រជាពលរដ្ឋទាំងអស់ស្ថិតនៅឆ្ងាយពីតំបន់ឆ្នេរ ឬមាត់ទឹក។
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានរម្លឹកថា, ☎️ប្រសិនបើបងប្អូនមានព័ត៌មានអំពីប្រជាពលរដ្ឋ សិស្ស/និស្សិត ឬកម្មសិក្សាការីខ្មែរដែលរស់នៅក្នុងតំបន់នោះទទួលរងផលប៉ះពាល់ សូមមេត្តាជូនដំណឹងមកស្ថានទូតជាបន្ទាន់តាមរយ:ហ្វេសប៊ុកផេករបស់ស្ថានទូត ឬទូរស័ព្ទលេខ 08046899374 ឬ 08044395704។
សូមអរគុណទុកជាមុនចំពោះការសហការ និងសូមជូនពរអោយបងប្អូនជួបប្រទះតែសំណាងល្អ ៕
ដោយ : សុខ ខេមរា